បញ្ហានេះគេមានការព្រួយបារម្ភថានឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់គេនៅពេលខាងមុខនេះ។
«ឈ្មួញហៅមកម៉ៅអត់ម៉ៅ គេថាថោក ហៅឲ្យទិញក៏មិនទិញ ខ្ញុំដកយកមកលក់នៅផ្សារយើងបាន ១គីឡូ ៣០០រៀល។ ដាំស្ពៃក៏អ៊ីចឹង អត់មាននរណាមកម៉ៅទេ កាត់ចោលទាំងចម្ការ។ រាល់ថ្ងៃឲ្យតែបានទីផ្សារបន្លែដែលធ្វើហ្នឹងមិនបាច់ថាឲ្យវាខ្ពស់ទេ ត្រឹមលំនឹង១ពាន់ជាងបន្តិចបន្តួចទៅបានហើយ។ បើថោកធ្លាក់ចុះអ៊ីចឹង ពិបាក ដោះស្រាយមិនចេញសោះ ពិបាកដល់សព្វថ្ងៃ ជីក៏ឡើង សាំងក៏ឡើង» ៖ នេះគឺជាសម្ដីរបស់ប្រជាកសិករឃុំបាក់ខែងនិងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល អំពីដំណាំបន្លែរបស់គេដែលដាំបានផលហើយតែលក់មិនសូវដាច់ហើយនិងតម្លៃក៏ត្រូវឈ្មួញទម្លាក់ថ្លៃចុះថោកជាងសព្វដង។
នៅក្នុងចម្ការបន្លែសាលាដមួយនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ក្នុងចំណោមចម្ការបន្លែជាច្រើនទៀតនៃឃុំនេះ គេឃើញកសិករប្រុសស្រី ចាស់ក្មេង ខ្លះកំពុងរែកទឹកស្រោចដំណាំ ខ្លះអង្គុយដកស្មៅចេញពីរងបន្លែ ហើយនិងខ្លះទៀតកំពុងដកសាលាដយកទៅលក់នោះ ស្រ្តីវ័យចាស់មួយរូប ឈ្មោះ អឿន លាភ ដែលកំពុងតែដកស្មៅក្នុងរងសាលាដបានងើបមុខឡើងហើយឆ្លើយតបសំណួររបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីដែលបានចុះទៅដល់ចម្ការបន្លែនោះយ៉ាងនេះថា ក្នុងគ្រួសាររបស់គាត់ក្រីក្រណាស់ ហើយគាត់បានជួលដីចម្ការរបស់គេសម្រាប់ដាំបន្លែសាលាដនេះ គ្រាន់បានប្រាក់កម្រៃខ្លះមកផ្គត់ផ្គង់ជីវិតរស់នៅ ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះក៏ស្រាប់តែតម្លៃសាលាដធ្លាក់ចុះយ៉ាងខ្លាំង ហើយចំណែកឯឈ្មួញដែលធ្លាប់តែមកទិញម៉ៅយកទៅលក់បន្តនោះ ក៏គេឈប់មកទិញទៀត។
ស្ត្រីឈ្មោះ អឿន លាភ បានឲ្យដឹងថា ៖ «បើខ្ញុំយកទៅលក់នៅផ្សារវិញ ២កញ្ឆេរលក់អត់ដាច់ លក់កន្លែងរោងចក្រក៏អត់ដាច់ៗ កាន់តែក្រទៅៗ សេដ្ឋកិច្ចធ្លាក់ចុះយ៉ាងៗហ្នឹង ខ្ញុំរកដោះស្រាយមិនចង់ចេញ។ ទំនិញយើងថោក របស់គេថ្លៃ»។
ចំណែកឯកសិករអ្នកដាំបន្លែសាលាដនិងស្ពៃនៅឯភូមិចំបក់មាស ក្នុងឃុំបាក់ខែង ក្នុងស្រុកមុខកំពូលដែរនោះ បានប្រាប់ឲ្យដឹងដែរថា ដំណាំបន្លែសាលាដរបស់គេក៏មិនសូវមានឈ្មួញទៅទិញដូចពីពេលមុនឡើយ។
បុរសកសិករមួយរូបឈ្មោះ មាន សេដា នៅភូមិចំបក់មាស បានបញ្ជាក់ថា គាត់កំពុងតែព្រួយចិត្តខ្លាំងណាស់អំពីជីវភាពគ្រួសាររបស់គាត់អាចប្រឈមមុខនឹងការខ្វះខាតទៅថ្ងៃមុខ ពីព្រោះតម្លៃបន្លែសាលាដដែលគាត់ដាំបាននេះបានស្រុតចុះខ្លាំងពេក។
លោក មាន សេដា បានឲ្យដឹងថា ៖ «ក្នុងខែមករាមកទល់ខែកុម្ភៈហ្នឹងពិបាក នៅមួយគីឡូ ៤០០-៥០០ រួចដើមយើងធ្វើអស់ច្រើន ជីថ្នាំអីថ្លៃ។ យើងនៅមួយគីឡូ ៣ពាន់ជាងនៅឡើយ ទប់ទល់អត់ឈ្នះទេ ពីរខែហ្នឹងអត់រួចខ្លួនទេ ខាតទាំងស្រុង»។
ការត្អូញត្អែរអំពីបន្លែចុះថោកនេះគឺមិនមែនកើតមានត្រឹមតែកសិករស្រុកមុខកំពូលអ្នកដាំដំណាំផ្ទាល់នោះទេ សូម្បីតែឈ្មួញអ្នកទៅទិញបន្តយកមកលក់នៅទីផ្សារនានានោះក៏បានសម្ដែងក្តីបារម្ភដូចគ្នាដែរ។
នៅកន្លែងលក់បន្លែបោះដុំនាផ្សារដើមគក្រុងភ្នំពេញដែលតាំងពីម៉ោង៣ទៅ៤ទៀបភ្លឺ គេឃើញឈ្មួញអ្នកលក់បន្លែបោះដុំនៅទីនោះបានត្អូញត្អែរអំពីបញ្ហានេះ។
អ្នកលក់បន្លែស្ពៃចងឹ្កះមួយរូបបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ ៖ «ម៉ៅចម្ការខាត ចម្ការសុទ្ធ ១លានជាង ហើយយកមក មកលក់៥០០-៦០០អីអ៊ីចឹង វាខាត។ វាដូចអត់សូវមានមនុស្សមកទិញមកដូរអីអ៊ីចឹង ហើយម្ល៉ោះហើយបន្លែយើងជន់មកច្រើនថោកតែម្ដង»។
អ្នកលក់បន្លែនៅផ្សារដើមគបានបញ្ជាក់ប្រាប់ផងដែរថា កាលដែលបន្លែស្ពៃឬសាលាដចុះថោកខ្លាំងបែបនោះ បើតាមដែលពួកគាត់បានដឹងគឺអាចមកពីមានការកើនឡើងនូវចំនួនអ្នកដាំក្នុងស្រុក ហើយម្យ៉ាងទៀតគឺមានបន្លែមួយចំនួនដែលត្រូវបានគេនាំចូលមកពីប្រទេសជិតខាងក៏ច្រើន។
ក្រៅពីមានការអះអាងយ៉ាងដូច្នេះអ្នកលក់បន្លែខ្លះទៀតបាននិយាយថា កត្តានាំឲ្យបន្លែក្នុងស្រុកលក់មិនសូវដាច់នោះក៏មកពីមានការបិទទ្វាររោងចក្រច្រើននៅក្នុងឆ្នាំនេះដែលនាំឲ្យថយចំនួនអ្នកទិញបន្លែយកទៅធ្វើម្ហូបអាហារ។
ចំពោះបញ្ហាតម្លែបន្លែរបស់ប្រជាកសិករខ្មែរបានចុះថោកច្រើននោះ វិទ្យុអាស៊ីសេរីបានព្យាយាមសាកសួរទៅមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ជាច្រើនដងផងដែរ ប៉ុន្តែមន្ដ្រីទាំងនោះបានឆ្លើយថាជាប់រវល់ប្រជុំពេញមួយថ្ងៃ។
ប្រធានគណៈកម្មការនៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) លោក ប្រាក់ សេរីវឌ្ឍន៍ បានបញ្ជាក់ប្រាប់ដែរថា ចំពោះដំណាំកសិកម្មរបស់កសិករដូចជាបន្លែបង្ការជាដើមនោះជារឿយៗគេតែងតែឮថាកសិករមានការពិបាករកទីផ្សារលក់ ហើយបើលក់បានក៏មានតម្លៃថោក ជាពិសេសនៅក្នុងរដូវជន់បន្លែដូចជាពេលនេះជាដើម។
លោកបានបន្តថា ដើម្បីដោះស្រាយបញ្ហានេះបានកសិករអ្នកដាំបន្លែគេគួរគប្បីធ្វើការកែប្រែទម្លាប់ពីការដាំបន្លែស្របគ្នាដូចគ្នាតែមួយ ហើយនិងធ្វើការដាំឲ្យបានគ្រប់រដូវឡើងវិញ។
លោក ប្រាក់ សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា ៖ «ពីព្រោះបន្លែវាមិនមែនថោករហូតទេ វាថោកតែក្នុងរដូវរំហើយ ហើយនិងរដូវដែលសមស្របហ្នឹង។ ទីផ្សារគេនិយាយពីតម្រូវការនិងការផ្គត់ផ្គង់ កាលណាការផ្គត់ផ្គង់ច្រើននៅលើទីផ្សារ ទំនិញហ្នឹងវាចុះថោកទៀត វាអត់មាននរណាអាចជួយបានទេអាហ្នឹង។ អ៊ីចឹងយើងត្រូវរៀបចំជាក្រុម ចងក្រងជាសហករអីដើម្បីយើងរៀបចំប្រតិទិនដាំដុះឲ្យត្រឹមត្រូវ នរណាដាំអីនៅពេលណាដើម្បីកុំឲ្យផលិតផលបន្លែមុខណាមួយនោះវាជន់ពេកនៅលើទីផ្សារក្នុងកន្លែងណាមួយ។ ទី២ទៀត យើងត្រូវរៀបចំលៃយ៉ាងណាឲ្យផលិតផលបន្លែហ្នឹងអាចដាំបានយូរ កុំឲ្យដាំតែរដូវរំហើយ រដូវស្រួល រដូវក្ដៅ រដូវភ្លៀងអីក៏អាចដាំបានដែរ»។
មន្ដ្រីអង្គការ CEDAC បានបញ្ជាក់ទៀតដែរថា កន្លងមកក៏ដូចជាពេលនេះដែរ អង្គការCEDAC បានចូលរួមជួយបង្ហាត់បង្ហាញកសិករអំពីការដាំដុះនិងរបៀបចងក្រងជាសហគមន៍ដើម្បីឲ្យគេមានទីផ្សារលក់ ដូចជានៅស្រុកបាភ្នំ ខេត្តព្រៃវែង និងនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ជាដើម។
លោកបានបន្តទៀតថា ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករអ្នកដាំបន្លែនៅទូទាំងប្រទេសដែលក្រៅពីប្រជាកសិករខ្លួនឯងមានគំនិតច្នៃប្រឌិតនោះ ក្នុងនោះគេត្រូវទាមទារដល់គ្រប់មន្ទីរ ក្រសួង ព្រមទាំងអង្គការនានា ដែលមានការងារក្នុងវិស័យនោះចូលរួមជួយដល់កសិករទាំងអស់គ្នាផងដែរទើបគេអាចការធ្វើការដោះស្រាយបញ្ហានេះបានជាពិសេសរាជរដ្ឋាភិបាល។
មន្ដ្រីអង្គការ CEDAC បានមានប្រសាសន៍ថា ៖ «ពីព្រោះខ្ញុំឃើញផលិតផលបន្លែនាំចូលពីក្រៅច្រើនពេក ហើយប្រទេសជិតខាងយើងហ្នឹងគេមានសមត្ថភាពផលិតខ្ពស់ជាងយើង ពីព្រោះអីថ្លៃដើមគេវាទាប អ៊ីចឹងយើងប្រកួតប្រជែងមិនឈ្នះគេទេ។ យើងដើម្បីផលិតបានឲ្យដូចគេហ្នឹង ថ្លៃដើមយើងខ្ពស់ណាស់ អ៊ីចឹងទាល់តែរដ្ឋយើងហ្នឹងអាចនឹងជួយប្រើវិធានការពាណិជ្ជកម្មផ្សេងៗដើម្បីទប់ស្កាត់ខ្លះ។ ធម្មតាយើងចូលអង្គការ WTO យើងចូល... អីអ៊ីចឹង យើងមិនអាចទប់ស្កាត់គេទាំងស្រុងទេ ប៉ុន្តែយើងត្រូវប្រើវិធានការផ្សេងៗនៅក្នុងច្បាប់ពាណិជ្ជកម្មហ្នឹងដោយយើងអាចយកមកប្រើបាន»។
ប្រជាកសិករឃុំបាក់ខែងនិងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល អ្នកដាំដំណាំបន្លែលក់ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលផងដែរសុំឲ្យជួយដោះស្រាយធ្វើយ៉ាងណាឲ្យគេមានទីផ្សារលក់ផលិតផលបានថ្លៃ និងជួយបណ្ដុះបណ្ដាលដល់គេជាកសិករឲ្យមានបច្ចេកទេសក្នុងការដាំដុះដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចគ្រួសាររបស់គេឲ្យបានល្អប្រសើរ ពីព្រោះសព្វថ្ងៃនេះកំពុងតែប្រឈមមុខនឹងភាពខ្វះខាតខ្លាំងដោយសារតែមិនមានទីផ្សារលក់ផលិតផលបានថ្លៃនោះ៕
