ភ្លើង​ឆេះ​សិប្បកម្ម​ធ្វើ​ធូប​នៅ​ភ្នំពេញ

អគ្គិភ័យ​មួយ​បាន​កើត​ឡើង​កាល​ពី​រំលង​អធ្រាត្រ​​​​ថ្ងៃ​ទី​​១៩ ខែ​សីហា​នេះ ​នៅ​​ក្បែរ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-​សូវៀត ក្នុង​រាជធានី​ភ្នំពេញ ដែល​ភ្លើង​បាន​ឆាប​ឆេះ​បំផ្លាញ​រោង​សិប្បកម្ម​ផលិត​ធូប​មួយ​កន្លែង។

ឡាន​ទឹក​ពន្លត់​អគ្គិភ័យ​​ជាង ១០​គ្រឿង​បាន​ព្យាយាម​​ពន្លត់​រោង​សិប្បកម្ម​ធ្វើ​ធូប​មួយ​កន្លែង ដែល​ភ្លើង​កំពុង​ឆាប​ឆេះ​សន្ធោសន្ធៅ​នៅ​ខាង​ក្រោយ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​សូវៀត ក្នុង​សង្គាត់​ទំបន់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ខណៈ​ដែល​អ្នក​ភូមិ​កំពុង​លង់​ដំណេក​ស្កប់ស្កល់។

អ្នក​ស្រុក​នៅ​ជិត​ខាង​រោង​សិប្បកម្ម​ជា​ច្រើន​បាន​​​ផ្អើល​ឆោឡោ នាំ​គ្នា​វេច​បង្វេច​រត់​គេច​ចេញ​ពី​ផ្ទះ​រៀង​ៗ​ខ្លួន​យ៉ាង​ស្លន់ស្លោ។

កញ្ញា កង កាន់តានា ផ្ទះ​ក្បែរ​សិប្បកម្ម​ដែល​កំពុង​ស្ពាយ​អីវ៉ាន់​សំពីងសំពោង​រត់​គេច​ចេញ​ពី​ផ្ទះ បញ្ជាក់​ថា ៖ «ភ្លើង​ឆេះ​ផ្ទះ​លក់​ធូប​ហ្នឹង​ហើយ! គេ​កំពុង​ពន្លត់ ឆេះ​ខ្លាំង​ដែរ ម៉ែ​ខ្ញុំ​ឲ្យ​ខ្ញុំ​ស្ពាយ​អីវ៉ាន់​រត់»

មនុស្ស​រាប់​រយ​នាក់​បាន​ភ្ញាក់​ផ្អើល​ចោម​រោម​មើល​ភ្លើង​ឆេះ​ទាំង​ភ័យ​រន្ធត់​ទាំង​យប់ ខណៈ​ដែល​ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ព្យាយាម​ពន្លត់​ភ្លើង​យ៉ាង​ប្រញាប់​ប្រញាល់។

ប្រធាន​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ នេត វន្ថា ដែល​បាន​​ចុះ​ផ្ទាល់​ដល់​កន្លែង​ភ្លើង​ឆេះ​ថ្លែង​ថា ការ​ផ្ទុះ​ចរន្ត​អគ្គិសនី ខ្សែ​ភ្លើង ជា​ដើម​ហេតុ​នាំ​ឲ្យ​សិប្បកម្ម​ផលិត​ធូប​មួយ​នេះ​ឆេះ ហើយ​សម្ភារៈ និង​វត្ថុ​ធាតុ​ដើម ដូចជា​បាច់​ឫស្សី សំបក​ក្រសាំង ស្លឹក​គ ដែល​ស្តុក​ទុក​​ក្នុង​ឃ្លាំង​រាប់​តោន​សម្រាប់​ផលិត​ធូប​​ ត្រូវ​ភ្លើង​ឆេះ​ងំ ដែល​ត្រូវ​ចំណាយ​ពេល​ពន្លត់​យូរ​ទើប​រលត់។

លោក​វរសេនីយ៍ នេត វន្ថា មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ថា ឆេះ​ធំ​បង្គួរ។ យើង​ទទួល​ការ​ប្រើប្រាស់​នេះ​ទ្រង់ទ្រាយ​ធំ​ដែរ។ រថយន្ត​​យើង​ខ្ញុំ​ដែល​ចេញ​មក​អន្តរាគមន៍​នេះ គឺ​មាន ១១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់ ៣៣​ជើង​ឡាន ហើយ​ករណី​ផ្តើម​ឡើង​នេះ​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី។ យើង​ទទួល​ព័ត៌មាន​ភ្លាម យើង​ក៏​អន្តរាគមន៍​ភ្លាម ហើយ​ផល​លំបាក​ដែល​យើង​មក​ដល់​ដំបូង គឺ​យើង​មិន​ទាន់​ហ៊ាន​ធ្វើ​ទេ គឺ​ដោយសារ​​មាន​ខ្សែ​ភ្លើង​​ដាច់​​ធ្លាក់​មក​​ក្រោម​រេល​ដូច​ពស់ គឺ​កម្លាំង​​យើង​មិន​អាច​​ធ្វើការ​បាន​​តាម​​ជំនាញ​ទេ ព្រោះ​តែ​កាល​ណា​បាញ់​ទឹក​ទៅ​វា​ឆក់ អ៊ីចឹង​យើង​ត្រូវ​ការ​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​​ខាង​អគ្គិសនី​​ឲ្យ​គាត់​​​បិទ​ដើម្បី​យើង​ធ្វើការ​បន្ត។ អ៊ីចឹង​ជា​លទ្ធផល​យើង​ធ្វើ​បាន​ជោគជ័យ ​មិន​មាន​ឆេះ​​បន្ត​​ដល់​​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ទេ»

លោក នេត វន្ថា ក៏​បាន​បញ្ជាក់​ដែរ​ថា អគ្គិភ័យ​ដែល​កើត​​ឡើង​លើក​​នេះ គឺ​​ជា​​លើក​ទី ២៩​ហើយ ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ។

ក្រុម​ពន្លត់​ភ្លើង​បាន​ចំណាយ​ពេល​ពន្លត់​តាំង​ពី​ម៉ោង ៤​ទៀប​ភ្លឺ រហូត​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២០ ខែ​សីហា ទើប​រលត់​ជា​ស្ថាពរ ហើយ​មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ ក្នុង​ឧប្បត្តិហេតុ​ភ្លើង​ឆេះ​នេះ។ ទន្ទឹម​នឹង​ពេល​នេះ លោក នេត វន្ថា បាន​អំពាវ​ដល់​ប្រជាជន​ទាំង​អស់​ឲ្យ​ប្រុង​ប្រយ័ត្ន និង​ចេះ​ការពារ​កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ៕