លោក ដួង ខែម រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានថ្លែងនៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ថាក្នុងទឹកអូរដែលចែកខណ្ឌព្រំប្រទល់ខ្មែរថៃនៅចំណុចខាងលើទំនងត្រូវបានគេលួចដាក់ថ្នាំបំពុលកាលពីល្ងាចម្សិលមិញនៅពេលយប់។
លោក ដួង ខែម បានឲ្យដឹងថា ៖ «ទឹកឡើងពណ៌ខៀវ ប៉ុន្តែគ្រាន់តែទៅទឹកហ្នឹងក៏អត់បានដែរ ព្រោះវារាងស៊ីដូចទឹកអាស៊ីត ងាប់ទាំងអស់ ងាប់គ្មានសល់ទេ»។
ជំទប់ទី២នៃឃុំសន្តិភាព លោក អ៊ូ គីម បានថ្លែងថា រហូតមកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដថា សត្វត្រី កំពឹស ក្តាម ខ្យង នៅក្នុងអូរនោះស្លាប់ដោយសារមូលហេតុអ្វីទេ។
លោក អ៊ូ គីម បានមានប្រសាសន៍ថា ៖ «មានលក្ខណៈមួយហៅថា របៀបលួចចាក់ថ្នាំតាមទឹកហ្នឹងធ្វើឲ្យងាប់ត្រីងាប់អីហ្នឹង»។
ប្រធានសុខាភិបាលប្រតិបត្តិស្រុក លោក ទាប ស៊ីថុន បានថ្លែងថា ក្រោយពីទទួលបានព័ត៌មានក្រុមមន្ត្រីសុខាភិបាលទាំងភាគីកម្ពុជានិងភាគីថៃបានចុះទៅយកត្រីដែលពុលស្លាប់ និងយកទឹកអូរនោះដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែដោយសារមន្ទីរសុខាភិបាលខេត្តមិនមានឡាបូត្រួតពិនិត្យវិភាគជាតិគីមី ត្រូវបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងភ្នំពេញដើម្បីត្រួតពិនិត្យរកមូលហេតុដែលបណ្តាលឲ្យពុល។
លោក ទាប ស៊ីថន បានបញ្ជាក់ថា ៖ «អ៊ីចឹងយើងមិនទាន់សន្និដ្ឋានថា ពុលហ្នឹងមកពីថ្នាំអីទេ! ព្រោះខាងយើងនេះអត់មានឡាបូសម្រាប់វិភាគជាតិគីមីហ្នឹង»។
លោកបន្តថា មិនមានប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះដោយសារទឹកអូរនោះទេ។ ជាមួយគ្នានេះលោកបានបន្តថា គម្លាតចម្ងាយដែលមានទឹកពុលស្លាប់ត្រីមានចម្ងាយប្រហែលជា៣គីឡូម៉ែតចាប់ពីចំណុចទឹកធ្លាក់៣២ អតីតជាកន្លែងរណសិរ្ស២៥០ចាស់ មកដល់មណ្ឌលសុខភាពនៅសិរីមានជ័យក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា ទឹកអូរព្រំដែនគីឡូ១៣ មានប្រភពហូរមកពីភ្នំ៥៣ ហៅថាភ្នំព្រឹក នៅក្នុងស្រុកភ្នំព្រឹក ហូរចែកគ្នាពីទិសខាងជើង កាត់តាមស្រុកក្នុងខេត្តបាត់ដំបងដល់ក្រុងប៉ោយប៉ែតនិងបឹងទន្លេសាប ចំណែកការហូរទៅទិសខាងត្បូងហូរធ្លាក់ទៅស្រុកកំរៀង ទៅភ្នំកុយ ចូលស្ទឹងក្នុងស្រុកបវេល និងបន្តហូរទៅស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រុមអ្នកភូមិដែលសង់លំនៅឋាននៅតាមមាត់អូរក្នុងទឹកដីខ្មែរបានថ្លែងថា នៅក្នុងអូរតំាងពីដើមមកមិនដែលធ្លាប់មានការពុលស្លាប់ត្រីដូចពេលនេះទេ ទោះបីមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ។
ពួកគេបន្តថា ទឹកអូរព្រំដែនគីឡូ១៣នោះក្រុមអ្នកភូមិបានប្រើប្រាស់សម្រាប់ងូតនិងបោកគក់ខោអាវ ប៉ុន្តែមិនទទួលទានទេ។
មន្ត្រីសុខាភិបាលបានអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់ទឹកអូរដែលកំពុងតែមានសារធាតុពុលនោះ៕