តំណាងអ្នកនេសាទខ្មែរឈ្មោះ លោះ លី ថ្លែងថា ក្រោយពីពួកគាត់ច្រើនរយនាក់នាំគ្នាតវ៉ានៅសាលាខេត្តកាលពីថ្ងៃអង្គារ ទី២០ ខែតុលា សុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចជួយទប់ស្កាត់ទូកនេសាទធំៗរបស់វៀតណាមចូលមកលួចនេសាទក្នុងសមុទ្ទខ្មែរមក ពួកគាត់មិនទាន់ឃើញការថយចុះសកម្មភាពលួចនេសាទក្នុងសមុទ្ទខ្មែររបស់ទូកវៀតណាមនោះទេ មានតែបង្កើនទូកកាន់តែច្រើនជាងមុន។
លោក លោះ លី បន្តថា ពួកគាត់នឹងនាំគ្នាទៅសាលាខេត្តជាថ្មីទៀតសុំឲ្យជួយទប់ស្កាត់ទូកវៀតណាមឲ្យបាន។
លោក លោះ លី បានបញ្ជាក់ថា ៖ «ទូករបស់គេមកដល់ដែនដីរបស់យើង ជិតៗឆ្នាំងបាយរបស់យើងហើយ។ គ្មានសល់អីទេ យើងនេះពិបាកខ្លាំងណាស់ មានតែរកបាយមិនចង់បាន មានលុយឯណាបង់ឲ្យជលផល។ មិនដឹងធ្វើអីទេឥឡូវ មានតែរកមួយពេលគិតមួយពេលតែប៉ុណ្ណឹង ហើយដល់គេមិនដោះស្រាយឲ្យ យើងគិតថា នាំគ្នាឡើងទៅសាលាខេត្តឲ្យគេដោះស្រាយឲ្យមួយសាទៀត»។
ប្រជានេសាទម្នាក់ទៀតនៅឃុំត្រើយកោះបន្តថា ពួកគាត់ជិតដាច់ខ្យល់ហើយ ខ្មែរអ៊ិស្លាមគ្មានដីបង្កបង្កើនផលទេ រំពឹងរបរនេសាទ ប៉ុន្តែផលសមុទ្ទត្រូវបំផ្លាញខ្ទេចខ្ទីពីក្រុមនេសាទខុសច្បាប់វៀតណាមប្រើឧបករណ៍នេសាទខុសច្បាប់មកលួចអូសយកកូនក្តាម ខ្យង មឹក បង្គា ត្រីធំតូច នាំឲ្យអ្នកនេសាទខ្មែរមិនអាចរកប្រាក់បង់ពន្ធរដ្ឋ១ឆ្នាំ ៤៣ម៉ឺន៣ពាន់រៀល សម្រាប់នេសាទ១ឆ្នាំបានទេ។ ពួកគាត់នឹងនាំគ្នាឡើងទៅសុំតំណាងរាស្ត្រជួយអន្តរាគមន៍ ប្រសិនបើអាជ្ញាធរខេត្តនៅតែព្រងើយកន្តើយមិនបង្ក្រាបទូកវៀតណាមចូលមកនេសាទសេរីក្នុងសមុទ្ទខ្មែរនោះ។
ប្រជានេសាទដដែលបានឲ្យដឹងថា ៖ «ដល់ពេលយើងឡើងទៅឲ្យគេដោះស្រាយហ្នឹង ឥឡូវហ្នឹងអូសគូក៏កាន់តែច្រើន ចូលដល់ខាងតែម្ដង... ហើយបើថា ទៅម្ដងហ្នឹងគេមិនដោះស្រាយ មានតែឡើងទៅដល់សភាទៀត»។
អភិបាលរងខេត្តកំពត លោក ហេង វុត្ថា មានប្រសាសន៍ថា ៖ «ខាងជលផលគេរាយការណ៍ជូនខ្ញុំអ៊ីចេះថា ក្រុមនេសាទហ្នឹងទម្លាប់ ឥឡូវគេបង់លុយសម្រាប់នេសាទហ្នឹងណា៎ ហើយគាត់ចេះតែលើករឿងហេតុផលអីចេះអីចុះៗមក ដើម្បីកុំឲ្យគេទារពន្ធគាត់»។
តំណាងរាស្ត្រខេត្តកំពត លោក សាឡេះ សេន មានប្រសាសន៍ថា កាលលោកធ្វើជាអភិបាលរងខេត្តកំពត លោកបានដឹងថា ទូកវៀតណាមលួចចូលមកនេសាទក្នុងសមុទ្ទខ្មែរម្តងម្កាលដែរ។ លោកនឹងអន្តរាគមន៍ទៅសាលាខេត្តកំពតឲ្យជួយទប់ស្កាត់ទូកវៀតណាមឆ្លងមកលួចនេសាទខុសច្បាប់នោះ។
លោក សាឡេះ សេន បានមានប្រសាសន៍ថា ៖ «កាលមុនចេះតែឮដែរហ្នឹង... កាលពីខ្ញុំនៅនោះ។ ខ្ញុំឡើងមកនេះផុតហើយ ចាំមើលខ្ញុំពិភាក្សា...»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សខេត្តកំពត អ្នកស្រី ទ្រី ឈូន ថ្លែងថា ប្រជានេសាទខ្មែរបានតវ៉ារឿងនេះច្រើនដងនិងច្រើនឆ្នាំមកហើយពីការលួចនេសាទខុសច្បាប់របស់ជនជាតិវៀតណាម ដែលគួរតែអភិបាលខេត្តកំពតលើកសំណើនេះទៅរដ្ឋាភិបាលឲ្យជួយដោះស្រាយ។
អ្នកស្រីថា ច្រើនឆ្នាំមុនមន្ត្រីជលផលបានការពារដែនសមុទ្ទខ្មែរ ហើយត្រូវពួកអ្នកនេសាទវៀតណាមនិងសមត្ថកិច្ចវៀតណាមបាញ់សម្លាប់ និងចាប់យកទៅដាក់គុកនៅប្រទេសវៀតណាមទៀតផង៕