មន្រ្តីរាជការនៅភូមិរោងចក្រមានប្រសាសន៍ថា ៖ «ឥឡូវហ្នឹងចាប់ផ្ដើមលិច៤ថ្ងៃហើយ ឆ្នាំហ្នឹងគឺលិចខ្លាំងមែនទែន ជួនកាលពេលខ្លះចង់ត្រឹមចង្កេះ។ គេធ្វើផ្លូវគេអត់ធ្វើលូមុនទេ ចាប់ផ្ដើមគេធ្វើស្ពាន គឺគេបិទផ្លូវច្រកទឹកទៀតហើយ។ ឃើញគេបើកដែរតែបើកតូច ទើសអាលូមេហ្នឹងគឺគេទុកចោល វាចាល់ទឹក ឥឡូវចាប់ផ្ដើមលិចទៀតហើយ។ ពិបាកទាំងកូនទៅរៀន ទាំងប្រពន្ធឡើងផ្សារ ទាំងយើងចេញចូលអីហ្នឹងវាពិបាករស់នៅមែនទែន ជួនកាលដាច់ភ្លើងដាច់អីទៀត ដូចពិបាកដែរ។ និយាយឲ្យចំទៅលាមកមកទាំងកង់ៗអណ្ដែតពេញផ្ទះហ្នឹង ព្រោះវាផុលពីក្រោមមកវិញ ហើយសម្ភារៈដូចជាគ្រែដេក គ្រែតាំង គ្រែទូ ម៉ាស៊ីនបោកខោអាវ អ្វីៗហ្នឹង វាខូចអស់ហើយ ចង់យកទៅដាក់កន្លែងណាបើវាលិច!»។
ប្រជាជនម្នាក់ទៀតអំពាវនាវថា ៖ «ឥឡូវគ្រាន់តែសូមអំពាវនាវឲ្យអាជ្ញាធរហ្នឹងគាត់មេត្តាជួយធ្វើម៉េចរំដោះទឹកឲ្យបាន តែអ៊ីចឹងងាប់អស់ហើយដំណាំអី សត្វមាន់ទាអីងាប់អស់ហើយ។ ខ្ញុំឆ្នាំទៅងាប់ដំណាំអស់៦-៧ដើម ឥឡូវឆ្នាំនេះអស់ទាហើយ អស់ជ្រូក មាន់ ធ្លាក់ងាប់អស់ហើយ»។
ឆ្លើយតបនឹងការអំពាវនាវរបស់ប្រជាជនរស់នៅក្នុងទឹកភ្លៀងជន់នៃសង្កាត់ភ្នំពេញថ្មី អភិបាលខណ្ឌសែនសុខ លោក ឃួន ស្រេង មានប្រសាសន៍ថា លោកកំពុងតែកាយប្រឡាយនិងបើកទ្វារលូទឹករំដោះទឹកជន់នោះបានតិចតួចនៃកម្ពស់ទឹកលិច ដោយសារទឹកភ្លៀងមានច្រើនបង្កដោយព្យុះកាលពីថ្ងៃ១ កញ្ញា រហូតដល់ថ្ងៃនេះ។
លោកបន្តថា ទំនប់ផ្លូវហាណូយត្រូវបានបិទផ្លូវទឹកហូរខ្លះសម្រាប់ធ្វើស្ពាន ទើបទឹកច្រាលទៅតាមភូមិចំនួន៣ក្នុងសង្កាត់ភ្នំពេញថ្មី មិនបាន២០ម៉ែត្រដូចមាត់ប្រឡាយមុន ទើបទឹកមិនអាចហូរបានលឿនដូចមុនធ្វើស្ពាន រីឯការជួយបូមទឹកចេញតាមការអំពាវនាវនោះមិនអាចធ្វើបានឡើយ។
លោក ឃួន ស្រេង បានបញ្ជាក់ថា ៖ «លូ១,៥២ម៉ែត្រដែលបើកមុខទឹក អ៊ីចឹងវាមានទំហំដល់ទៅ៣ម៉ែត្រ ប៉ុន្តែវាមិនអាចឆ្លើយតបទៅនឹងប្រឡាយយើងដែលមានទៅដល់២០ម៉ែត្រឯណោះ។ ដល់យើងទប់ទៅ ២០ម៉ែត្រដកតែ៣ម៉ែត្រចេញ អ៊ីចឹងវា១៧ម៉ែត្រដែលយើងបិទសម្រាប់ធ្វើស្ពាន។ សព្វថ្ងៃទឹកហូរបានតែ៣ម៉ែត្រ តែកន្លងមកទឹកហូរទាំងអស់បាន២០ម៉ែត្រ ដូច្នេះធ្វើយើងចាល់ គួបផ្សំនឹងព្យុះមួយមេធំនេះ ធ្វើឲ្យយើងមានការជន់ជោរ ក៏ប៉ុន្តែយើងក៏ប្រឹងប្រែងធ្វើដើម្បីបង្ហូរទឹកហ្នឹងឲ្យបានទំហំទឹកអតិបរមា កាត់បន្ថយការលិចលង់»។
នៅឯខណ្ឌឫស្សីកែវ លោក កូប ស្លេះ អភិបាលរងខណ្ឌ មានប្រសាសន៍ថា មានទឹកជន់ដែរ ដោយសារខណ្ឌសែនសុខនិងខណ្ឌឫស្សីកែវនៅជាប់គ្នា។ លោកថា អាជ្ញាធរខណ្ឌកំពុងតែញាប់ដៃជើងបើកទ្វារទឹក៧ទៅ៨បង្ហូរទឹកចេញពីកន្លែងកំពុងលិច។
អ្នករស់នៅសង្កាត់ភ្នំពេញថ្មីឲ្យដឹងថា ភូមិគាត់ទើបទឹកភ្លៀងលិច២ទៅ៣ឆ្នាំនេះទេ ដោយសារតែការដ្ឋានច្រើនសន្ធឹកសន្ធាប់បានសង់ផ្ទះល្វែងមិនបានធ្វើលូបង្ហូរទឹកឲ្យបានខ្វាត់ខ្វែង ហើយចេះតែចាក់ដីលុបប្រព័ន្ធធារាសាស្រ្តចាស់ៗនាំឲ្យមានការស្ទះផ្លូវទឹកហូរ៕