មន្ត្រីផ្នែកសិទ្ធិមនុស្សបានលើកឡើងថា ការចាប់ខ្លួនអ្នកកាសែតរូបនេះ ឋិតក្នុងភាពអាថ៌កំបាំង ដែលជាប់ទាក់ទងនឹងបទល្មើសជួញដូរខុសច្បាប់។
អ្នកកាសែតនៃសមាគមអ្នកព័ត៌មានខ្មែរប្រជាធិបតេយ្យ លោក តាំង ទ្រី បានឲ្យដឹងពីពន្ធនាគារនៅខែត្រក្រចេះ ថា តុលាការមិនទាន់យករូបលោកទៅសួរនាំនៅឡើយទេ បន្ទាប់ពីប្រធានផ្នែករដ្ឋបាលព្រៃឈើបានចាប់ខ្លួនលោកកាលពីដើមខែធ្នូ ឆ្នាំ២០១២ មកនោះ។
លោក តាំង ទ្រី បានឲ្យដឹងកាលពីថ្ងៃទី២៧ មករា ថា លោករង់ចាំតុលាការនាំខ្លួនលោកពីពន្ធនាគារទៅសួរនាំអំពីការចោទប្រកាន់ប្រឆាំងនឹងលោក ពីបទកំហែងយកនោះ ដែលគេចោទលោកថា បានឃាត់ឡានដឹកឈើជំរិតទារលុយ កាលពីថ្ងៃទី៧ ធ្នូ កន្លងទៅ។
លោក តាំង ទ្រី បានសម្ដែងពីការហួសចិត្តថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ លោកបានឃើញឈ្មួញឈ្មោះ អឿន ដឹកឈើបម្រុងយកទៅលក់នៅប្រទេសវៀតណាម តាមច្រកអូលាវ ស្រុកស្នួល ហើយលោកបានរាយការណ៍ទៅប្រធានរដ្ឋបាលព្រៃឈើខែត្រក្រចេះ និងព្រះរាជអាជ្ញាសាលាដំបូងខែត្រ គឺអ្នកស្រី ចាត សូរស្មី។
បន្ទាប់ពីរាយការណ៍រួច ស្រាប់តែសមត្ថកិច្ចស្រុកស្នួល ឃាត់ឡានដឹកឈើ និងចាប់ទាំងម្ចាស់ឡានឈ្មោះ អឿន យកទៅអធិការស្រុក។ បន្ទាប់មក ប្រធានផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួល លោក ប្រាក់ សំបូរ បានកោះហៅលោកទៅសួរនាំ រួចចោទលោកថា លោកបានឃាត់ឡានឈើជំរិតទារលុយ ២៥.០០០រៀល។ លុះព្រឹកថ្ងៃទី៨ ធ្នូ គេបញ្ជូនលោកមកតុលាការ និងបញ្ជូនដាក់ពន្ធនាគារខែត្រក្រចេះ។
លោក តាំង ទ្រី អះអាងថា លោកមិនបានជំរិតទារលុយពីឡានដឹកឈើនោះទេ។ លោកបញ្ជាក់ថា ការរកស៊ីដឹកឈើយកទៅលក់នៅប្រទេសវៀតណាមនេះ ជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកស្នួល ពីព្រោះថា នៅពេលគេកោះហៅលោកទៅសួរនាំនោះ លោក ប្រាក់ សំបូរ បានយកម៉ាស៊ីនថតរបស់លោកដែលលោកបានថតពីសកម្មភាពដឹកជញ្ជូនឈើនោះលុបរូបថតក្នុងម៉ាស៊ីនចោលទាំងអស់។
លោក តាំង ទ្រី បានលើកឡើងទៀតថា បន្ទាប់ពីសមត្ថកិច្ចស្រុកស្នួល និងមន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជូនលោកមកដាក់ពន្ធនាគាររួច គេដោះលែងឡានដឹកឈើ និងម្ចាស់ឈ្មោះ អឿន នោះវិញ គេមិនបានបង្កសំណុំរឿងបញ្ជូនមកតុលាការនោះទេ។ លោក តាំង ទ្រី អះអាងថា ការចាប់ខ្លួនលោកមកដាក់គុកនេះជារឿងអយុត្តិធម៌មួយ ពីព្រោះថា អ្នកដឹកឈើខុសច្បាប់បែរជារួចខ្លួនទៅវិញ។
ទាក់ទងនឹងបញ្ហានេះ ប្រធានផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួល លោក ប្រាក់ សំបូរ មិនធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ កាលពីថ្ងៃទី២៧ មករា។
ចៅក្រមស៊ើបសួរសាលាដំបូងខែត្រក្រចេះ អ្នកស្រី ហេង ផល្លា បានឲ្យដឹងថា ករណីលោក តាំង ទ្រី នេះ អ្នកស្រីកំពុងធ្វើការស៊ើបអង្កេតមិនទាន់ចប់ទេ ដូច្នេះតុលាការក៏មិនទាន់កំណត់កាលបរិច្ឆេទបើកសវនាការថា នឹងធ្វើនៅថ្ងៃណានៅឡើយដែរ។ ប៉ុន្តែនៅពេលសួរថា ហេតុអ្វីបានជាតុលាការមិនធ្វើការស៊ើបអង្កេតទៅលើដើមបណ្ដឹងដែលលោក តាំង ទ្រី អះអាងថា ជាឈ្មួញជួញដូរឈើនោះ?
អ្នកស្រី ហេង ផល្លា បានបំភ្លឺថា តុលាការធ្វើការស៊ើបអង្កេតទៅតាមរបាយការណ៍របស់ប៉ូលិសទេ៖ «ខ្ញុំអត់ដឹងទេ គ្រាន់តែថាខ្ញុំស៊ើបសួរតាមការចោទប្រកាន់របស់តំណាងអយ្យការ សាច់រឿងហ្នឹងគេចោទប្រកាន់លើឈ្មោះ តាំង ទ្រី ហើយការស៊ើបសួររបស់ខ្ញុំអត់ទាន់ចប់...»។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានពន្យល់ថា ការចោទប្រកាន់លោក តាំង ទ្រី នេះ គឺធ្វើឡើងដោយភាពមិនប្រក្រតី។ លោក អំ សំអាត លើកឡើងថា ជាទូទៅគេត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឬអ្នកកាសែតនៅពេលរាយការណ៍អំពីការដឹកជញ្ជូនឈើខុសច្បាប់។ ម្យ៉ាងវិញទៀត លោកបញ្ជាក់ថា ទោះបីជាមន្ត្រីរដ្ឋបាលព្រៃឈើចាប់បានឡានឈើ ហើយរកឃើញថា ឡានដឹកឈើនោះដឹកស្របច្បាប់ក្ដី គេមិនត្រូវចាប់អ្នករាយការណ៍ផ្ដល់ព័ត៌មាននោះដែរ។
មន្ត្រីនៃអង្គការទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ នៅខែត្រក្រចេះ បានឲ្យដឹងថា មូលហេតុសំខាន់ដែលបណ្ដាលឲ្យសមត្ថកិច្ចចាប់ខ្លួនលោក តាំង ទ្រី គឺបណ្ដាលមកពីគាត់បានរាយការណ៍ពីការជួញដូរឈើខុសច្បាប់ប៉ះចំអ្នកជួញដូរឈើនោះជាមនុស្សមានឥទ្ធិពលខ្លាំង ហើយតែងតែប្រព្រឹត្តបទល្មើសជួញដូរឈើគ្មានខ្លាចរអាសមត្ថកិច្ចនោះទេ។ ម្យ៉ាងទៀត មន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួននៅខែត្រក្រចេះ ជាប់ពាក់ព័ន្ធការ និងការដឹកជញ្ជូនឈើខុសច្បាប់នេះដែរ។
ភ្ជាប់ទៅនឹងបញ្ហានេះ លោក អំ សំអាត បានបញ្ជាក់ថា បញ្ហានេះតុលាការត្រូវតែធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីរកយុត្តិធម៌ជូនលោក តាំង ទ្រី ដែលកំពុងជាប់នៅក្នុងពន្ធនាគារនោះ។ លោកបញ្ជាក់ថា តុលាការត្រូវតែធ្វើការឲ្យឯករាជ្យ និងស្វែងរកអ្នកជាប់ពាក់ព័ន្ធនឹងការដឹកឈើនោះយកមកផ្ដន្ទាទោសតាមច្បាប់។
ម្យ៉ាងវិញទៀត មកទល់ពេលនេះលោក តាំង ទ្រី មិនទាន់មានមេធាវីការពារក្ដីនៅឡើយទេ។ លោក តាំង ទ្រី បញ្ជាក់ថា មូលហេតុដែលអូសបន្លាយពេលរកមេធាវីនេះ ដោយសារតែមិត្តរបស់គាត់ឈ្មោះ អ៊ឹង តារា ហៅ ដា បានយកឡានគាត់ទៅលក់ ហើយសន្យាថា នឹងយកលុយលក់ឡានទៅជួលមេធាវីឯកជនដើម្បីការពារ។ ផ្ទុយទៅវិញ មិត្តរបស់គាត់ឈ្មោះ អ៊ឹង តារា ហៅ ដា នោះ មិនបានយកលុយថ្លៃលក់ឡានជួលមេធាវីឲ្យគាត់ទេ គេបានគេចខ្លួនបាត់។
ភ្ជាប់នឹងបញ្ហានេះ ប្រធានសមាគមអ្នកសារព័ត៌មានខ្មែរ លោក សុខ សុវណ្ណ បានឲ្យដឹងថា លោកនឹងរកមេធាវីដើម្បីការពារលោក តាំង ទ្រី នៅក្នុងពេលឆាប់ៗនេះ។ លោក សុខ សុវណ្ណ បញ្ជាក់ថា កន្លងមកលោកមិនទាន់រកមេធាវីជូនលោក តាំង ទ្រី នេះ ដោយសារតែក្រុមគ្រួសាររបស់លោកឃាត់ឲ្យផ្អាកសិន ពីព្រោះមានមិត្តភ័ក្ដិលោក តាំង ទ្រី កំពុងរត់ការហើយ ទីបញ្ចប់មិត្តភ័ក្ដិលោក តាំង ទ្រី បានមិនបានជួយរកមេធាវីឲ្យទេ។
លោក សុខ សុវណ្ណ បានលើកឡើងទៀតថា លោកនឹងដាក់លិខិតទៅតុលាការខែត្រក្រចេះ ដើម្បីសុំជួបសួរនាំអំពីករណីចាប់ខ្លួនលោក តាំង ទ្រី នេះ ឲ្យបានច្បាស់លាស់ និងស្នើតុលាការឲ្យដោះលែងលោក តាំង ទ្រី នៅក្រៅឃុំជាបណ្ដោះអាសន្ន តាមរយៈឲ្យមេធាវីធានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
