លោក ប៉ែន សារិន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអង្គរធំ បានមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី៧ ខែតុលាថា មន្ត្រីរដ្ឋបាលព្រៃឈើរបស់លោកម្នាក់ឈ្មោះ ស៊ឹម អាន អាយុ ៥០ឆ្នាំ ទីលំនៅស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានអ្នកភូមិប្រទះឃើញសាកសពដេកស្លាប់នៅក្នុងព្រៃភាគខាងកើតនៃតំបន់ចម្ការតាយាន ក្នុងស្រុកអង្គរធំ កាលពីវេលាម៉ោង ៧ និង ៤៥នាទីព្រឹក។
លោក ប៉ែន សារិន មានប្រសាសន៍បន្ថែមថា ៖ «មនុស្សគាត់ស្លូតបូតណាស់ គាត់មិនដែលនិយាយពាក្យឮសូរខ្លាំងទេ និយាយក្នុងលក្ខណៈសម្បត្តិមន្ត្រីរាជការ ខ្ញុំសូមសរសើរគាត់។ ហេតុការណ៍នេះកើតឡើងខ្ញុំក៏ភ្ញាក់ផ្អើលដែរ មិនដឹងថាជារឿងអ្វី យើងមិនទាន់ដឹងច្បាស់ ទុកឲ្យសមត្ថកិច្ចគេស្រាវជ្រាវ»។
មន្ត្រីប៉ូលិសស្រុកអង្គរធំបានសន្និដ្ឋានថា ការសម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់នោះ អាចជារឿងគំនុំអ្វីមួយច្រើនជាងអំពើប្លន់យកទ្រព្យសម្បត្តិ។ ប៉ូលិសបានឲ្យដឹងថា នៅលើក្បាលសាកសព ត្រូវគេកាប់ចំនួន ៣ពូថៅ ហើយទ្រព្យសម្បត្តិរបស់អ្នកស្លាប់មានចិញ្ចៀន ១វង់ ទូរស័ព្ទដៃចំនួន ២គ្រឿង និងកាបូបលុយបានបាត់ ប៉ុន្តែម៉ូតូម៉ាកHONDA DREAM 125 CC មួយគ្រឿង គឺទុកចោលជាមួយសាកសព។
មន្ត្រីប៉ូលិសបានកំណត់មុខសញ្ញាក្រុមដៃដល់ក្នុងការសម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើនោះជាជំហានដំបូងថា គឺជាអ្នកដែលស្គាល់គ្នាជាមួយអ្នករងគ្រោះ ទើបជនរងគ្រោះហ៊ានចូលព្រៃទៅតាមឲ្យគេសម្លាប់៕