ក្រុម​សហគមន៍​ការពារ​ព្រៃឈើ​គ្រោង​ប្ដឹង​ទាហាន​នៅ​ឧត្ដរមានជ័យ

មេ​បញ្ជាការ​និង​ពលទាហាន​ជា​ច្រើន​រូប​ទៀត​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កំពុង​ជាប់​ឈ្មោះ​ក្នុង​បណ្តឹង​របស់​ក្រុម​សហគមន៍​ការពារ​ព្រៃឈើ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន។

0:00 / 0:00

មន្ត្រី​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៩ ខែ​មីនា ដើម្បី​ស្វែង​រក​ការ​ផ្តល់​ប្រឹក្សា​យោបល់​ពី​មន្ត្រី​ជំនា​ញ​រដ្ឋបាល​ព្រៃឈើ ក្នុង​ការ​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​កង​ទាហាន​មួយ​ក្រុម​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​សំរោង ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ប្រើ​អាវុធ​បាញ់​រះ​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​ចាប់​ក្រុម​ការងារ​សហគមន៍​ការពារ​ព្រៃ​ឈើ​វាយ​ធ្វើ​បាប​បណ្តាល​ឲ្យ​រង​របួស​ផង​នោះ។

ប្រធាន​បណ្តាញ​សហគមន៍​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ លោក សារ ថ្លៃ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ថា លោក​បាន​រៀបចំ​ពាក្យ​បណ្តឹង​រួច​ហើយ ដោយ​នៅ​តែ​រង់ចាំ​ពិគ្រោះ​យោបល់​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ប៉ុណ្ណោះ ក្នុង​ការ​សម្រេច​ដាក់​ទៅ​តុលាការ​ឬ​យ៉ាង​ណា?

លោក សារ ថ្លៃ បាន​មាន​ប្រសាសន៍​ថា ពាក្យ​បណ្តឹង​របស់​សហគមន៍​ការពារ​ព្រៃ​ឈើ​នោះ ក្រៅ​តែ​ពី​គ្រោង​ដាក់​ជូន​តុលាការ​គឺ​បាន​ដាក់​ជូន​ទៅ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ សាលា​ខេត្ត​ឧត្តរមានជ័យ អគ្គនាយក​រដ្ឋបាល​ព្រៃ​ឈើ​និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ផង​ដែរ។

លោក សារ ថ្លៃ មាន​ប្រសាសន៍​ដូច្នេះ ៖ «ប្រុង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ពី​បទ​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជា​មុន។ ខ្ញុំ​ប្តឹង​នោះ​មាន​ឈ្មោះ​លោក រិទ្ធ ជា​មេ​បញ្ជាការ​ហើយ​និង​លោក ខ្ចង ជា​ទាហាន​កង​អនុ​សេនា​ធំ​លេខ​១ លោក ម៉ក វ៉ាន់វុទ្ធី ជា​ទាហាន​កង​អនុ​សេនា​ធំ​លេខ​១​ដែរ។ អា​នោះ​គឺ​យើង​ស្គាល់​ឈ្មោះ​ក្រៅ​ពី​ហ្នឹង​គឺ​គូកន​និង​អ្នក​ដៃ​ដល់​ដទៃ​ទៀត»

ការ​ដាក់​ពាក្យ​ប្តឹង​របស់​សហគមន៍​ការពារ​ព្រៃ​ឈើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា កន្លង​មក មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ក្រុង​សំរោង និង​សហគមន៍​ការពារ​ព្រៃ​ឈើ​ជា​ច្រើន​នាក់​បាន​ទទួល​រង​ការ​បាញ់​រះ​​ដោយ​អាវុធ​និង​ការ​ចាប់​ខ្លួន​បុគ្គលិក​សហគមន៍​ការពារ​ព្រៃ​ឈើ​វាយ​ធ្វើ​បាប​បណ្តាល​ឲ្យ​រង​របួស​៥​នាក់ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ទាហាន​រាប់​សិប​នាក់​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​សំរោង នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​រំដួល​វាសនា នៅ​ពេល​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​និង​សហគមន៍​ការពារ​ព្រៃ​ឈើ​ចុះ​ធ្វើ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​និង​គ្រួសារ​ទាហាន​ជាង​១៥០​គ្រួសារ ឲ្យ​បញ្ឈប់​ការ​កាប់​រាន​ព្រៃ​ឈើ​និង​រុះរើ​ទី​លំនៅ​ខុស​ច្បាប់​ចេញ​ពី​តំបន់​ព្រៃ​ការពារ​នោះ។

រហូត​មក​ដល់​ថ្ងៃ​អង្គារ ទី​៩ មីនា មេ​បញ្ជាការ​យោធា​គ្រប់​លំដាប់​ថ្នាក់​នៅ​ខេត្ត​ឧត្តរមានជ័យ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ប៉ិច សុឃិន បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ទទួល​បណ្តឹង​របស់​ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ដឹង​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ទាហាន​នោះ តាម​រយៈ​សារ​ព័ត៌មាន​ផ្សេងៗ ហើយ​លោក​នឹង​កោះ​ប្រជុំ​​មន្ត្រី​ចម្រុះ​នៅ​សប្តាហ៍​ខាង​មុខ​ដើម្បី​ស្រាវជ្រាវ​រក​រឿង​ហេតុ​ឲ្យ​ច្បាស់​លាស់។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​ខេត្ត​សៀមរាប លោក ឈៀង តុលា បាន​មាន​ប្រសាសន៍​ថា លោក​រង់ចាំ​ការ​ប្រមូល​ព័ត៌មាន​ពី​ហេតុការណ៍​នោះ​ឲ្យ​ច្បាស់ ហើយ​លោក​នឹង​ធ្វើ​ការ​ជាមួយ​អភិបាល​ខេត្ត​ឧត្តរមានជ័យ ដែល​ជា​អាជ្ញាធរ​គ្រប់គ្រង​អ្នក​ទាំង​នោះ​ដើម្បី​ស្វែង​រក​ការ​ខុស​ត្រូវ​យ៉ាង​ណា រួច​ហើយ​ រដ្ឋបាល​ព្រៃ​ឈើ​នឹង​សម្រេច​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​ទាហាន​ទាំង​នោះ៕