ញឹក ប៊ុនឆៃ គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានីយ​ទូរទស្សន៍ CTN

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ដាក់​ពាក្យ​ទៅ​សាលាក្រុង​ភ្នំពេញ​ដើម្បី​សុំ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានីយ​បណ្តាញ​ទូរទស្សន៍​កម្ពុជា CTN តវ៉ា​ចំពោះ​ម្ចាស់​ស្ថានីយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​អត្ថាធិប្បាយ​ប្រើ​ពាក្យ​បន្តុះ​បង្អាប់​និង​ប៉ះពាល់​ដល់​កិតិ្តយស​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ កាល​ពី​ពេល​ថ្មី​កន្លង​មក​នេះ។

0:00 / 0:00

អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​បញ្ជាក់​ថា សមាជិក​សមាជិកា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ការ​ខឹង​សម្បា​ជាមួយ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក សយ សុភាព ដែល​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន​នៅ​ស្ថានីយ​ទូរទស្សន៍ CTN នោះ។

លោក​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​បាតុកម្ម​នោះ សមាជិក​សមាជិកា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្រោង​ចូលរួម​ប្រមាណ​ពីរ​ពាន់​នាក់។

លោក ញឹក ប៊ុនឆៃ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​មិន​បាតុកម្ម​បញ្ឈប់​ទេ ខ្ញុំ​បាតុកម្ម សុំ​ច្បាប់​គេ​ទៅ​បាតុកម្ម​ប្រឆាំង​ស៊ីធីអិន ដែល​ឲ្យ​ផ្សាយ​ព័ត៌មាន​អាន​ដោយ សយ សុភាព ហ្នឹង ទី​១ និយាយ​ប៉ះពាល់​រាជានិយម ទី​២ ញុះញង់​ឲ្យ​មាន​បញ្ហា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន ហើយ​ទី​៣ គាត់​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​របស់​ហ៊្វុនស៊ិនប៉ិច​ហ្នឹង ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ដែល​សុទ្ធតែ​ជា​ប្រការ​មួយ​ដែល​ធ្វើ​ខុស​ផ្ទុយ​នឹង​ច្បាប់ ជាមួយ​ក្រម​សីលធម៌​អី​ទាំង​អស់»

អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​នយោបាយ​នៅ​ស្ថានីយ​បណ្តាញ​ទូរទស្សន៍​កម្ពុជា ហៅថា CTN លោក សយ សុភាព បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​ធ្លាប់​បាន​អត្ថាធិប្បាយ​ព័ត៌មាន​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​ចំពោះ​ការ​ធ្វើ​បាតុកម្ម​នោះ​គឺ​ជា​សិទ្ធិ​របស់​បុគ្គល។

លោក សយ សុភាព ដែល​បាន​បម្រើ​ការងារ​ឲ្យ​ស្ថានីយ​ទូរទស្សន៍ CTN ៥​ឆ្នាំ​ហើយ​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​កើត​មាន​ការ​ធ្វើ​បាតុកម្ម​នោះ ហើយ​អ្នក​គ្រប់គ្រង​ស្ថានីយ​បណ្តាញ​ទូរទស្សន៍​កម្ពុជា​បញ្ឈប់​រូប​គាត់​ពី​ការងារ​នោះ ក៏​មិន​មាន​បញ្ហា​អ្វី​ឡើយ។

លោក សយ សុភាព មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យប់​ថ្ងៃ​ព្រហស្បតិ៍​មុន​ហ្នឹង ខ្ញុំ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​ពី​បញ្ហា​រឿង​ស្បថ គឺ​ខ្ញុំ​បាន​លើក​ឡើង ព្រោះ​ទាក់ទង​ទៅ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្ដម រណឫទ្ធិ ដែល​ថា​ទៅ​ស្បថ​នៅ​ព្រះអង្គ​គោកធ្លក នៅ​កន្លែង​ដ៏​ស័ក្ដិ​សិទ្ធិ។ ហើយ​ខ្ញុំ​និយាយ​នយោបាយ​ជា​ទូទៅ​ថា កាល​ពី ៩៨ នាំ​គ្នា​ចោទ​គណបក្ស​ប្រជាជន​ថា គេ​សុទ្ធ​តែ​បង្ខំ​ឲ្យ​គេ​ស្បថ រួច​ដល់​ឥឡូវ​មក​ដើរ​តាម​គេ។ ហើយ​ខ្ញុំ ខ្ញុំ​ប្រាប់​ថា ខ្ញុំ​មិន​ជឿ​ថា គណបក្ស​ប្រជាជន គេ​បាន​ឲ្យ​ទៅ​ស្បថ​ទេ ប៉ុន្តែ​ដល់​ពេល​មក​ខ្លួន​ឯង​ហ្នឹង នាំ​គ្នា​ទៅ​ស្បថ។ ហើយ​ខ្ញុំ​ចុង​ក្រោយ ខ្ញុំ​និយាយ​មួយ​ម៉ាត់​អ៊ីចឹង​ទៅ ខ្ញុំ​ថា​វា​មិន​ផេះ​ទេ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទាំង​អស់​ទៅ​វា​ស្រួល​ជាង ខ្ញុំ​និយាយ​អ៊ីចឹង​មែន តែ​គាត់​ប្ដឹង​ខ្ញុំ​អី ខ្ញុំ​ក៏​អត់​ដឹង​ដែរ»

ទាក់​ទង​នឹង​ការ​ស្នើ​សុំ​ធ្វើ​បាតុកម្ម​នេះ មន្ត្រី​សាលាក្រុង​ភ្នំពេញ​មិន​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ​នេះ ហើយ​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានីយ​ទូរទស្សន៍ CTN នោះ​ដែរ​ឬ​យ៉ាង​ណា​នៅ​ឡើយ។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​អ្នក​នយោបាយ​សុំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អ្នក​ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន​នៅ​ស្ថានីយ​ទូរទស្សន៍​ឯកជន​នោះ៕