ការឯកភាពនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៧ នៃថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ ដែលប្រព្រឹត្តទៅនៅឯវិមានសន្តិភាព នាទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១១។
មន្ត្រីតំណាងប្រទេសចូលរួមចំនួន ៦ នោះ មានដូចជាកម្ពុជា ចិន ឡាវ វៀតណាម ថៃ និងប្រទេសភូមា។
ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ដែលធ្វើជាអធិបតីនៃកិច្ចប្រជុំនោះបានមានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍន៍របស់មហាអនុតំបន់ទន្លេមេគង្គ គឺមានវិសាលភាពល្អ និងសមស្រប។
លោកបន្តថា ៖ «កិច្ចប្រជុំនេះទទួលស្គាល់នូវសេចក្ដីត្រូវការចាំបាច់ ដូច្នេះហើយបានជាយើងមកជួបប្រជុំគ្នានៅថ្ងៃនេះ ផ្ដោតលើការអនុវត្ត និងទិសដៅដែលបានកំណត់រួចហើយ»។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសចិន លោក ចាង ហ្សាវ ជុន (Zhang Shao Chun) បានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនជួយគាំទ្រផែនការអភិវឌ្ឍន៍នេះយ៉ាងសកម្មឲ្យបានទទួលការជោគជ័យ។
លោកបន្តថា ៖ «នៅឆ្នាំ២០០៥ ប្រទេសចិន បានជួយចំនួន ២០លានដុល្លារអាមេរិកសម្រាប់គម្រោងការអភិវឌ្ឍន៍។ ប្រទេសចិនត្រៀមខ្លួនផ្ដល់ជំនួយបន្ថែមទៀតសម្រាប់គម្រោងការអភិវឌ្ឍន៍នោះក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍ និងជាប្រទេសជាមិត្ត»។
ផែនការអភិវឌ្ឍន៍នេះ គឺក្រោមការផ្ដល់ជំនួយឥតសំណងចំនួន ៥ពាន់លានដុល្លារអាមេរិក ដោយធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា អេឌីប៊ី (ADB) សម្រាប់គម្រោងចំនួន ៥៥ ដែលផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាត់តាមប្រទេសចំនួន ៦ នៃមហាអនុតំបន់ទន្លេមេគង្គ រាប់ទាំងប្រទេសកម្ពុជា ផងដែរ។
ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា គម្រោងការអភិវឌ្ឍន៍ចំនួន ៥៥ គម្រោងនោះ មានតម្លៃសរុប ១៤ពាន់លានដុល្លារអាមេរិក។ គម្រោងការអភិវឌ្ឍន៍ទាំងនោះមានដូចជា ផ្លូវថ្នល់កាត់តាមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ អាកាសយានដ្ឋាន ផ្លូវរថភ្លើង ការសាងសង់វារីអគ្គិសនី ដើម្បីផ្ដល់ចរន្តអគ្គិសនីកាត់តាមព្រំដែន ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការអភិវឌ្ឍនៅតាមទីក្រុងជាដើម៕