ម៉ាយ៉ារិទ្ធិ ៖ អ្នកស្រី អ៊ុក សាវបូរី តើតម្លៃទំនិញនៅក្នុងទីផ្សារមានសភាពយ៉ាងណាដែរទៅ ?
អ៊ុក សាវបូរី ៖ ចា៎ តាមការសាកសួរតាមផ្សារខ្លះ ដូចជាផ្សារអូរឫស្សី ហើយនិងផ្សារចាស់ ដែលខ្ញុំកំពុងតែនៅទីនេះ តម្លៃទំនិញនៅក្នុងសប្ដាហ៍នេះ ប្រហាក់ប្រហែលនឹងតម្លៃទំនិញនៅអាទិត្យមុន ។ ប៉ុន្តែដោយឡែកអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអំបិលបានឡើងថ្លៃជាងសប្ដាហ៍មុន ២០០រៀល កាលពីសប្ដាហ៍មុនគេលក់តែ ១០០០ ឬក៏ ៨០០រៀលទេ ឥឡូវនេះគេឡើងដល់ ១២០០រៀល ឃើញថាតម្លៃហ្នឹងវាឡើងថ្លៃ ២០០រៀល ។
រីឯទំនិញបន្លែដែលដឹកមកពីប្រទេសជិតខាងបានឡើងថ្លៃក្នុង១គីឡូ ១០០រៀល ហ្នឹងតាមការអះអាងរបស់អ្នកលក់ រីឯតម្លៃគ្រឿងសមុទ្រហ្នឹងគឺមិនឡើងថ្លៃទេ អាទិត្យមុន និងមួយខែមុនគឺតម្លៃដដែល ។ ហើយទំនិញដែលនៅតម្លៃថេរនោះគឺ បើប្រៀបធៀបនឹងឆ្នាំមុននិងឆ្នាំនេះ គឺឡើងទ្វេដង ដូចថាកាលពីមុនតម្លៃសាច់ជ្រូក ឬសាច់មាន់ គាត់តែមួយគីឡូ ១២០០០រៀលអី ឥឡូវក្នុងពេលនេះឡើងដល់ ១៨០០០រៀល ហើយគាត់និយាយថាតម្លៃហ្នឹងវាឡើងទ្វេដង គុណជា២ក្នុងពេលបច្ចុប្បន្ននេះ ។
ម៉ាយ៉ារិទ្ធិ ៖ តើលោកស្រីអាចរៀបរាប់ពីតម្លៃអង្ករ តើអង្ករប្រភេទណា ១គីឡូថ្លៃប៉ុន្មនា ?
អ៊ុក សាវបូរី ៖ ចំពោះអង្ករលេខ១ ដែលមានស្រូវផ្កាម្លិះ ហើយនិងស្រូវសុម៉ាលីនោះ នៅក្នុងប្រទេសកម្ពុជា គេហៅថាអង្ករលេខ១ ។ អង្ករលេខ១ហ្នឹងនៅតាមកន្លែងបោះដុំ គឺក្នុង១គីឡូក្រាម គាត់លក់ ៣៦០០រៀល ប៉ុន្តែដោយឡែកនៅតាមផ្សារតូចតាចវិញ គឺគាត់លក់ ៣៩០០រៀល ហ្នឹងអង្ករលេខ១ ។ អង្ករលេខ២ គឺមានស្រូវផ្កាខ្ញី គេហៅអង្ករកណ្ដាលហ្នឹង គឺតម្លៃ ៣២០០រៀល សម្រាប់ផ្សារតូចតាច កន្លែងបោះដុំគឺគេលក់ ៣០០០រៀល ។
ប៉ុន្តែចំពោះអង្ករនាងមិញ គឺអង្ករគេពេញនិយមសម្រាប់កម្មករ មន្ត្រីរាជការតូចតាច ដែលគ្នាពុំមានលទ្ធភាពទិញហ្នឹង គឺវានៅក្នុងតម្លៃ ២៨០០រៀល ហើយបើកន្លែងបោះដុំ គេលក់ ២៦០០រៀល ។ ដោយឡែកមួយទៀត តាមការអះអាងរបស់អ្នកលក់នៅកន្លែងរ៉ារទេះភ្លើង កន្លែងបោះដុំអង្ករធំជាងគេនៅក្នុងប្រទេសកម្ពុជាហ្នឹង គឺគាត់បានអះអាងថា ស្រូវប្រាំងឥឡូវនេះឡើងថ្លៃ ដោយសាររដ្ឋាភិបាលបានអនុញ្ញាតឲ្យដឹកចេញទៅ ។
ការឡើងថ្លៃនេះ គឺទើបឡើងថ្លៃពីចុងសប្តាហ៍មុន ហើយនិងក្នុងសប្ដាហ៍នេះទេ គឺឡើងពី ២៤០០រៀល ទៅដល់ ២៦០០រៀល ឬអាចឡើងដល់ ២៨០០រៀល ។ គេថារដ្ឋាភិបាលឲ្យនាំចេញបានជាអង្ករហ្នឹងវាឡើងថ្លៃ អ៊ីចឹងក្នុងមួយគីឡូក្រាមអាចឡើងថ្លៃពី ២០០ ទៅ ៣០០រៀល ។
ម៉ាយ៉ារិទ្ធិ ៖ មុននេះលោកស្រីមានប្រសាសន៍ថាអំបិលឡើងថ្លៃ តើលោកស្រីដឹងថាមកពីមូលហេតុអ្វីបានជាអំបិលឡើងថ្លៃទេ ?
អ៊ុក សាវបូរី ៖ ខ្ញុំអត់ទាន់បានជម្រាបសួរទៅខាងកសិករ និងមន្រ្តីជំនាញទេ ពីព្រោះយើងឃើញថានៅខាងស្រែអំបិលខាងកំពតយើងគេផលិតអំបិលហ្នឹង កសិដ្ឋានមួយចំនួនមិនបានផលិតអំបិលទៀតទេ ដោយទុកដីហ្នឹងឲ្យទំនេរចោល ដោយសារការលើកមុនហ្នឹងគាត់មានការខាតបង់នូវអំបិលមួយចំនួននោះ ដល់ឥឡូវហ្នឹងអ្នកដែលផលិតអំបិលហ្នឹង គេបានផ្អាកលែងផលិតទៅវិញ ហើយខ្ញុំក៏មិនបានសួរពីមូលហេតុដែលគេខានផលិតហ្នឹង ដោយសារមូលហេតុអីទេ ។
ម៉ាយ៉ារិទ្ធិ ៖ ចុះតម្លៃប្រងសាំងវិញ តើលោកស្រីកត់សម្គាល់យ៉ាងណាដែរក្នុងសប្ដាហ៍នេះ ?
អ៊ុក សាវបូរី ៖ សប្ដាហ៍នេះ និងសប្ដាហ៍មុនតម្លៃប្រេងសាំងនៅថេរ ។ ដូចជាសាំងស៊ុពែហ្នឹង ៥១០០រៀល ហើយសាំងធម្មតាហ្នឹង ៥០០០រៀល ៕