រដ្ឋាភិបាល​ដាក់​ពាក្យ​ប្ដឹង​សម​រង្ស៊ី​២​ករណី​បន្ថែម​ទៀត

រដ្ឋាភិបាល​កម្ពុជា​នៅ​ថៃ្ង​សុក្រ​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ហើយ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ប្តឹង​លោក សម រង្ស៊ី ក្រោម​បទ​ព្រហ្មទណ្ឌ​ចំនួន​២​ករណី​ទៀត គឺ​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​អំពី​រឿង​ផែនទី និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។
ដោយ សុខ សេរី
2010-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា លោក គី តិច ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៦ កុម្ភៈ ២០១០។
មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា លោក គី តិច ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៦ កុម្ភៈ ២០១០។
RFA/Sok Serey

ការ​ប្តឹង​ក្រោម​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​គឺ​ផ្អែក​លើ​មាត្រា​ទី​៤៩ នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល និង​ការ​ប្ដឹង​អំពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​គឺ​ផ្អែក​លើ​មាត្រា​ទី​៦២ នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​ផងដែរ។

មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា លោក គី តិច បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថៃ្ង​សុក្រ​នេះ​ថា ៖ «ខ្ញុំ​មក​ដាក់​បណ្ដឹង​ប្ដឹង​លោក សម រង្ស៊ី គាត់​បាន​ក្លែង​ឯកសារ​សាធារណៈ ហើយ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ ការ​ក្លែង​លិខិត​សាធារណៈ​ហ្នឹង​គឺ​មាន​ការ​កំណត់​ទោស​ពី ៥​ឆ្នាំ​ទៅ​១៥​ឆ្នាំ។ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​គឺ​មាន​ការ​កំណត់​ទោស​ពី ៣​ខែ​ទៅ​៣​ឆ្នាំ»

ចំណាត់ការ​ភ្លាមៗ​របស់​រដ្ឋាភិបាល​ខាង​លើ​នេះ​បាន​ធ្វើ​ទ្បើង​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថៃ្ង​ទី​២៤ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ឲ្យ​ដឹង​ជា​មុន​អំពី​គម្រោងការ​ប្តឹង​លោក សម រង្ស៊ី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​លោក សម រង្ស៊ី (ឆ្វេង) នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ក្នុង​ទីក្រុង​ភ្នំពេញ នាថ្ងៃទី ២៨ កុម្ភៈ ២០០៦។ (AFP Photo)
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​លោក សម រង្ស៊ី (ឆ្វេង) នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ក្នុង​ទីក្រុង​ភ្នំពេញ នាថ្ងៃទី ២៨ កុម្ភៈ ២០០៦។ AFP Photo

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង បាន​មាន​ប្រសាសន៍​កាល​ពី​ថៃ្ង​ទី​២៤ ខែ​កុម្ភៈ​នេះ តាម​រយៈ​សន្និសីទ​​ជា​វីដេអូ (Video Conference) ថា ៖ «ដែល​អ្នក​ស្នេហា​ជាតិ​ឈ្នះ​គឺ​សមរភូមិ​ច្បាប់ សមរភូមិ​ប្រាជ្ញា សមរភូមិ​បច្ចេកទេស។ អន្តរជាតិ​ឃើញ​យ៉ាង​ច្បាស់​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ? សមរភូមិ​ហ្នឹង​អត់​ឈ្នះ​គណបក្ស​សមរង្ស៊ី​ទេ!»

ការ​ប្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ចំនួន ២​ករណី​បន្ថែម​ទៀត​នោះ គឺ​ក្រោយ​ពី​លោក សម រង្ស៊ី បាន​ចេញ​ផ្សាយ​ជា​លើក​ដំបូង​កាល​ពី​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ​នូវ​ឯកសារ​និង​ផែនទី​រូបថត​តាម​ផ្កាយ​រណប​របស់ Google Earth។

ឯកសារ​នោះ​បាន​បញ្ជាក់​ថា តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​តាម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ជាមួយ​ប្រទេស​វៀតណាម នៅ​ត្រង់​ចំណុច​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៤ លេខ​១៨៥ លេខ​១៨៦ និង​លេខ​១៨៧ នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង គឺ​ភាគី​វៀតណាម​បាន​បង្ខិត​ចូល​មក​ទឹក​ដី​ប្រទេស​កម្ពុជា​រវាង ២០០​ម៉ែត្រ​ទៅ​៥០០​ម៉ែត្រ។

ប្រធាន​នៃ​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​លោក វ៉ា គឹមហុង កាល​ពី​ថៃ្ង​ទី​២២ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បាន​លាត​ត្រដាង​ឯកសារ​នានា​បំភ្លឺ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បំពេញ​កិច្ច​ការងារ​នោះ​ត្រឹមត្រូវ ហើយ​បាន​បន្ទោស​វិញ​ថា ឯកសារ​និង​ផែនទី​របស់​លោក សម រង្ស៊ី នោះ​មិន​ត្រឹមត្រូវ បំភ្លៃ​ការ​ពិត និង​ក្លែង​បន្លំ។

មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «រដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​គណបក្ស​ប្រឆាំង​ដែរ រក​មធ្យោបាយ​យ៉ាង​ណា​ដើម្បី​ជជែក​គ្នា​ឲ្យ​បាន​ល្អ ឲ្យ​បាន​ត្រឹមត្រូវ ធ្វើ​យ៉ាង​ម៉េច​ការពារ​ប្រយោជន៍​ជាតិ​ទាំង​អស់​គ្នា ព្រោះ​វា​ជា​ប្រយោជន៍​ជាតិ មិន​មែន​ជា​បញ្ហា​កំហុស​ខុស​ឆ្គង​នោះ​ទេ!»

តុលាការ​ខេត្ត​ស្វាយរៀង​កាល​ពី​ថៃ្ង​ទី​២៧ ខែ​មករា​កន្លង​ទៅ​នេះ បាន​កាត់​ទោស​លោក សម រង្ស៊ី ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដោយ​កំបាំង​មុខ ឲ្យ​ជាប់​គុក ២​ឆ្នាំ​ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍ ដោយសារ​តែ​លោក​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩ នៅ​ក្នុង​ភូមិ​កោះក្បាន​កណ្តាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ជាប់​នឹង​ព្រំដែន​កម្ពុជា​វៀតណាម។

ប្រជាពលរដ្ឋ​ចំនួន ២​នាក់​ទៀត​គឺ​លោក​ស្រី មាស ស្រី និង​លោក ព្រំ ជា ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​កាត់​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ ១​ឆ្នាំ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល