ការប្តឹងក្រោមបទក្លែងបន្លំឯកសារសាធារណៈគឺផ្អែកលើមាត្រាទី៤៩ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល និងការប្ដឹងអំពីបទផ្សាយព័ត៌មានមិនពិតគឺផ្អែកលើមាត្រាទី៦២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលផងដែរ។
មេធាវីរបស់រដ្ឋាភិបាលកម្ពុជា លោក គី តិច បានមានប្រសាសន៍នៅខាងក្រៅបរិវេណតុលាការរាជធានីភ្នំពេញនៅថៃ្ងសុក្រនេះថា ៖ «ខ្ញុំមកដាក់បណ្ដឹងប្ដឹងលោក សម រង្ស៊ី គាត់បានក្លែងឯកសារសាធារណៈ ហើយនិងផ្សព្វផ្សាយព័ត៌មានមិនពិត។ ការក្លែងលិខិតសាធារណៈហ្នឹងគឺមានការកំណត់ទោសពី ៥ឆ្នាំទៅ១៥ឆ្នាំ។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតគឺមានការកំណត់ទោសពី ៣ខែទៅ៣ឆ្នាំ»។
ចំណាត់ការភ្លាមៗរបស់រដ្ឋាភិបាលខាងលើនេះបានធ្វើទ្បើងមិនយូរប៉ុន្មានក្រោយពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសឲ្យដឹងកាលពីថៃ្ងទី២៤ ខែកុម្ភៈកន្លងទៅនេះ ឲ្យដឹងជាមុនអំពីគម្រោងការប្តឹងលោក សម រង្ស៊ី។

លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី ដែលកំពុងតែស្ថិតនៅក្នុងប្រទេសបារាំង បានមានប្រសាសន៍កាលពីថៃ្ងទី២៤ ខែកុម្ភៈនេះ តាមរយៈសន្និសីទជាវីដេអូ (Video Conference) ថា ៖ «ដែលអ្នកស្នេហាជាតិឈ្នះគឺសមរភូមិច្បាប់ សមរភូមិប្រាជ្ញា សមរភូមិបច្ចេកទេស។ អន្តរជាតិឃើញយ៉ាងច្បាស់អ្នកណាខុស អ្នកណាត្រូវ? សមរភូមិហ្នឹងអត់ឈ្នះគណបក្សសមរង្ស៊ីទេ!»។
ការប្តឹងរបស់រដ្ឋាភិបាលកម្ពុជាលើមេដឹកនាំគណបក្សប្រឆាំងចំនួន ២ករណីបន្ថែមទៀតនោះ គឺក្រោយពីលោក សម រង្ស៊ី បានចេញផ្សាយជាលើកដំបូងកាលពីខែមករាកន្លងទៅថ្មីៗនេះនូវឯកសារនិងផែនទីរូបថតតាមផ្កាយរណបរបស់ Google Earth។
ឯកសារនោះបានបញ្ជាក់ថា តម្រុយបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ ជាមួយប្រទេសវៀតណាម នៅត្រង់ចំណុចតម្រុយបង្គោលព្រំដែនលេខ១៨៤ លេខ១៨៥ លេខ១៨៦ និងលេខ១៨៧ នៅក្នុងឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង គឺភាគីវៀតណាមបានបង្ខិតចូលមកទឹកដីប្រទេសកម្ពុជារវាង ២០០ម៉ែត្រទៅ៥០០ម៉ែត្រ។
ប្រធាននៃគណៈកម្មាធិការដោះស្រាយវិវាទព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា គឺលោក វ៉ា គឹមហុង កាលពីថៃ្ងទី២២ ខែកុម្ភៈកន្លងទៅនេះ បានលាតត្រដាងឯកសារនានាបំភ្លឺថា រដ្ឋាភិបាលកម្ពុជាបានបំពេញកិច្ចការងារនោះត្រឹមត្រូវ ហើយបានបន្ទោសវិញថា ឯកសារនិងផែនទីរបស់លោក សម រង្ស៊ី នោះមិនត្រឹមត្រូវ បំភ្លៃការពិត និងក្លែងបន្លំ។
មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «រដ្ឋាភិបាលកម្ពុជាក៏ដូចជាគណបក្សប្រឆាំងដែរ រកមធ្យោបាយយ៉ាងណាដើម្បីជជែកគ្នាឲ្យបានល្អ ឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងម៉េចការពារប្រយោជន៍ជាតិទាំងអស់គ្នា ព្រោះវាជាប្រយោជន៍ជាតិ មិនមែនជាបញ្ហាកំហុសខុសឆ្គងនោះទេ!»។
តុលាការខេត្តស្វាយរៀងកាលពីថៃ្ងទី២៧ ខែមករាកន្លងទៅនេះ បានកាត់ទោសលោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងដោយកំបាំងមុខ ឲ្យជាប់គុក ២ឆ្នាំក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ដោយសារតែលោកបានដកតម្រុយបង្គោលព្រំដែនលេខ១៨៥ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់នឹងព្រំដែនកម្ពុជាវៀតណាម។
ប្រជាពលរដ្ឋចំនួន ២នាក់ទៀតគឺលោកស្រី មាស ស្រី និងលោក ព្រំ ជា ដែលបានចូលរួមនៅក្នុងការដកតម្រុយបង្គោលព្រំដែននោះត្រូវបានតុលាការខេត្តស្វាយរៀងកាត់ទោសឲ្យជាប់គុកម្នាក់ៗ ១ឆ្នាំ៕