រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត ហង្ស ជួនណារ៉ុន មានប្រសាសន៍ថា ប្រេងបច្ចុប្បន្នឡើងថ្លៃ គឺបណ្ដាលមកពីវិបត្តិនយោបាយពីប្រទេសលោកខាងលិច និងប្រទេសអ៊ីរ៉ង់។
លោកបញ្ជាក់ថា ប្រេងឡើងថ្លៃនេះគឺខុសគ្នាកាលពីឆ្នាំមុនដែលបណ្ដាលមកពីតម្រូវការប្រេងឆៅខ្ពស់។
ប្រទេសធំទាំង៨ លើសកលលោកដែលដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដោយមិនទិញប្រេងពីប្រទេសអ៊ីរ៉ង់ មានដូចជា សហរដ្ឋអាមេរិក កាណាដា អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងរុស្សី ជាថ្នូរដើម្បីឲ្យអ៊ីរ៉ង់បញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរ។
លោក ហង្ស ជួនណារ៉ុន មានប្រសាសន៍បន្ថែមថា ការកើនឡើងនេះនឹងជះឥទ្ធិពលដល់អតិផរណាកើនឡើងដែរនៅកម្ពុជា ដែលបញ្ហានេះនឹងជះឥទ្ធិពលជីវភាព និងការរស់នៅរបស់ប្រជាជនកម្ពុជាប្រចាំថ្ងៃ។
កាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី២១ ខែឧសភា បានបង្ហាញថា តម្លៃប្រេងសាំងនឹងស្ទុះកើនឡើងដល់ ១៦០ដុល្លារក្នុងមួយធុង ប៉ុន្តែតម្លៃប្រេងឆៅនៅពេលបច្ចុប្បន្ននេះមានតម្លៃ ១០៧ដុល្លារអាមេរិក ដោយយោងតាមគេហទំព័រ អូប៉ិច (OPEC) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
