មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅរសៀលម៉ោង៤ ក្រោយពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) ដែលបានអញ្ជើញមកដល់កម្ពុជាជាបន្ទាន់ ក្រោយពីការចាប់ខ្លួនជនជាតិថៃ ៧រូបនោះ ដើម្បីស្វែងរកការដោះលែង លោក ហោ ណាំហុង បានបដិសេធថា រដ្ឋាភិបាលខ្មែរហួសសមត្ថភាពក្នុងការដោះលែងហើយ។ គេបានទុកឲ្យតុលាការខ្មែរសម្រេចទៅតាមនីតិវិធីរបស់តុលាការនៅក្នុងរឿងនេះ។
លោក ហោ ណាំហុង អះអាងបន្ថែមដូច្នេះ ៖ "ដូច្នេះមិនមែនជាអចេតនា វង្វេងផ្លូវមកដល់ព្រំដែនទេ គឺមានចេតនាមកដល់ភូមិកម្ពុជាយើង"។
លោក ហោ ណាំហុង បានបញ្ជាក់ទៀតថា ការចូលលុកលុយមកក្នុងទឹកដីខ្មែរពីសំណាក់ជនជាតិថៃ បានធ្វើឡើងចំនួន ៣លើករួចមកហើយ ដែលលើកទី១ ធ្វើឡើងនៅក្នុងខែកក្កដា និងលើកទី២ នៅក្នុងខែកញ្ញាកន្លងទៅ។
ការឆ្លងដែនចូលទឹកដីកម្ពុជាខុសច្បាប់ ពីសំណាក់ជនជាតិថៃចំនួន ៧រូប កាលពីថ្ងៃពុធ ទី២៩ ខែធ្នូ កន្លងទៅនេះ បានធ្វើឡើងនៅក្នុងភូមិជ័យជោគ នៅក្នុងស្រុកអូរជ្រៅ ប្រទេសកម្ពុជា ដែលមានចម្ងាយ ៤០០ម៉ែត្រ ពីទល់ដែនថៃ។
លោក ហោ ណាំហុង បានថ្លែងថា ជនជាតិថៃទាំងនោះ បានដើរតាមបង្គោលព្រំដែនលេខ១៤៦ ដែលគិតជាចម្ងាយមានប្រមាណ ១.២០០ម៉ែត្រមកក្នុងដីខ្មែរ។
លោក កាស៊ីត ភិរម្យ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដែលមានប្រសាសន៍តាមរយៈអ្នកបកប្រែឲ្យដឹងថា លោកមិនបានដឹងថា ជនជាតិថៃទាំងនោះ បានចូលមកដល់ដីខ្មែរយ៉ាងជម្រៅដូច្នេះទេ ហើយលោកបានយល់ព្រមទុកឲ្យស្ថាប័នតុលាការខ្មែរជាអ្នកសម្រេចរឿងនេះផងដែរ ដោយសុំឲ្យមានការពន្លឿនរឿងនេះឲ្យបានឆាប់។
ទាក់ទងនឹងបញ្ហាស្ថានភាពប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ លោក កាស៊ីត ភិរម្យ បានធានាអះអាងដូច្នេះថា ៖ "ដូច្នេះ យើងឃើញថា ទំនាស់ទាស់ទែងគ្នារវាងប្រទេសយើងទាំងពីរមិនមានកើតឡើងទេ យើងមាននយោបាយរបស់យើង។ ការណែនាំដល់កងកម្លាំងនៃប្រទេសទាំងពីរ ក៏ច្បាស់លាស់ផងដែរ"។
លោក ហោ ណាំហុង និងលោក កាស៊ីត ភិរម្យ បញ្ជាក់ថា កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនៅល្អនៅឡើយ មិនមានការទាក់ទងនឹងបញ្ហាចាប់ខ្លួនជនជាតិថៃនោះឡើយ៕