អ្នកជំនាញផ្នែកកសិកម្មនៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) បានឲ្យដឹងនៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០០៨នេះថា អង្គការ CEDAC បាននិងកំពុងតែជំរុញឲ្យប្រជាកសិករខ្មែរនៅទូទាំងប្រទេស នាំគ្នាធ្វើស្រែតាមប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ ពីព្រោះបច្ចេកទេសដាំដុះនេះនឹងជួយបង្កើននូវទិន្នផលស្រូវបានខ្ពស់ ដែលអាចឲ្យកសិករមានជីវភាពរស់នៅបានល្អប្រសើរ ហើយក៏អាចនាំស្រូវចេញយកទៅលក់បានប្រាក់ចំណូលថែមទៀតផង ។
មន្ត្រីសម្របសម្រួលគម្រោងនៃអង្គការ CEDAC លោក ឱ ធី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីថា តាមពិតទៅការធ្វើស្រែតាមប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ ឬគេហៅកាត់ជាភាសាខ្មែរថា ប-វ-សនេះ កន្លងមកអង្គការ CEDAC បានធ្វើការបង្ហាត់បង្ហាញដល់កសិករខ្មែរនៅស្ទើរតែទូទាំងប្រទេស ដោយចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៩ មកម៉្លេះ ។
មន្រ្តីដដែលបានបន្ថែមទៀតថា ចំពោះការបង្ហាត់បង្ហាញបច្ចេកទេសនេះជាដំបូងឡើយ ប្រជាកសិករហាក់មិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ពីព្រោះគេបារម្ភខ្លាចក្រែងមិនបានផល ដោយសារតែបច្ចេកទេសប-វ-ស មានការខុសគ្នាឆ្ងាយពេកពីទម្លាប់ដើមដែលគេធ្លាប់បានធ្វើស្រែកន្លងមក ក៏ប៉ុន្តែក្រោយពីបានឃើញកសិករមួយចំនួនដែលទទួលយកបច្ចេកទេសនេះទៅអនុវត្ត ហើយបានទទួលទិន្នផលស្រូវខ្ពស់ជាងការធ្វើស្រែតាមទម្លាប់ធម្មតានោះ ទើបគេនាំគ្នាងាកបែរមកធ្វើការសាកល្បងដែលរហូតមកដល់ពេលនេះមានកសិករចំនួន ៨ម៉ឺននាក់ហើយ បានចូលរួមធ្វើការអនុវត្ដបច្ចេកទេសប-វ-ស ។
លោក ឱ ធី បានមានប្រសាសន៍ថា ៖ «ហើយទិន្នផលជាមធ្យមយើងបានរហូតទៅដល់ ៣តោនកន្លះ ក្នុងមួយហិកតា ហើយបច្ចេកទេសហ្នឹង គឺផ្ដោតលើប្រព័ន្ធបច្ចេកទេសផ្សេងៗ ឧទាហរណ៍ដូចជា ការស្ទួងមួយដើម ការស្ទួងសំណាបខ្ចី ការប្រើជីធម្មជាតិ ការស្ទូងត្រង់ជួរ ការដកភ្លាមស្ទួងភ្លាម ហើយការមើលថែទាំទឹក ឬក៏ការដកស្មៅហ្នឹង នេះជាគោលការណ៍បច្ចេកទេសហ្នឹង» ។
បញ្ជាក់ប្រាប់ពីបញ្ហានេះដែរ កសិករខ្មែរមួយរូបឈ្មោះ ហាក់ សឿង នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា កសិករនៅក្នុងភូមិនេះដែលមានប្រមាណជាង ៣០០គ្រួសារ បាននិងកំពុងតែអនុវត្តធ្វើស្រែតាមប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ ដោយមានការណែនាំពីអង្គការ CEDAC ហើយគេបានឃើញយ៉ាងប្រាកដអំពីគុណប្រយោជន៍របស់បច្ចេកទេសនេះ ដោយជួយកែប្រែដំណាំស្រូវឲ្យបានទទួលទិន្នផលយ៉ាងប្រសើរដែលខ្លះអាចធ្វើបានរហូតដល់ជាង៩តោនក្នុងមួយហិកតា ។
លោក ហាក់ សឿង បានឲ្យដឹងថា ៖ «ផ្ទៃដីមួយហិកតា ខ្ញុំចំណាយពូជអស់ច្រើនបំផុត អស់តែ ២តៅទេ ចង់ដឹងពេលច្រូតហើយ បោកបែនហើយ ទាក់ទងសម្ងួតអីអ៊ីចឹង គឺថ្លឹងមើលទៅវាបាន ៩,៦តោន ។ បើយើងដាក់ជី ធ្វើការថែទាំដិតដល់អ៊ីចឹង គឺទិន្នផលពិតជាបាន» ។
កសិកររូបនោះបានបន្ថែមថា គ្រួសាររបស់គាត់ជាដើមដែលកាលពីមិនទាន់អនុវត្តបច្ចេកទេសប-វ-ស គឺធ្វើស្រែបានផលស្រូវតិចតួចណាស់ត្រឹមតែ ២តោន ឬ ២តោនកន្លះប៉ុណ្ណោះក្នុងមួយហិកតា ដែលមិនអាចទ្រទ្រង់ជីវភាពរស់នៅបានទេ ក៏ប៉ុន្តែបន្ទាប់ពីបានផ្លាស់ប្តូរមកអនុវត្តប្រព័ន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ រហូតមកដល់សព្វថ្ងៃគឺគ្រួសាររបស់គាត់មានជីវភាពរស់នៅយ៉ាងធូរធារ ។
លោក ហាក់ សឿង បានមានប្រសាសន៍ថា ៖ «គ្រួសារខ្ញុំមួយៗ គិតពីទិន្នផលវាកើន កើនរហូត បើយើងគិតវិភាគទៅនឹងការចំណាយទៅលើជីហ្នឹងផង គឺខ្ញុំចំណេញច្រើនមែនទែន ហើយសូម្បីតែបងប្អូនអ្នកស្រុក អ្នកភូមិ គាត់មានជីវភាពកែប្រែរៀងរហូត» ។
ទាក់ទងទៅនឹងការបង្កើនទិន្នផលស្រូវតាមរយៈនៃការធ្វើស្រែប្រព័ន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិនេះ ប្រធាននាយកដ្ឋានក្សេត្រសាស្ដ្រ និងកែលម្អដីកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ែន វុធ បានប្រាប់ឲ្យដឹងដែរថា ក្រសួងកសិកម្មកន្លងមកដូចជាសព្វថ្ងៃបានមានគោលនយោបាយលើកទឹកចិត្ដដល់កសិករខ្មែរនៅទូទាំងប្រទេសឲ្យនាំគ្នាធ្វើស្រែតាមប្រព័ន្ធប្រពលវប្បកម្មនេះ ។
លោកបានបន្តថា រហូតមកដល់ពេលនេះដោយសារតែការអនុវត្តប្រព័ន្ធប-វ-ស បានធ្វើឲ្យកម្ពុជា មានផលិតផលស្រូវលើសផែនការ អាចរក្សាសន្តិសុខស្បៀងក្នុងប្រទសបាន ហើយនិងអាចលក់ចេញបានជាង១លានតោន ។
លោក ប៉ែន វុធ បានមានប្រសាសន៍ថា ៖ «គឺដោយសារថា ក្រសួងកសិកម្មបានជំរុញការផ្សព្វផ្សាយបចេ្ចកទេស ការបណ្ដុះបណ្ដាលកសិករឲ្យអនុវត្តបច្ចេកទេសត្រឹមត្រូវពីការផលិតតាមមាឌដ្ឋាន ការផលិតជាកសិផលវិញ អនុវត្តតាំងពីការរើសពូជ ការរៀបចំដី រហូតដល់ការថែទាំ ការស្ទួងដក ហើយរហូតដល់ប្រមូលផល ។ យើងចុះទៅបើកជាសាលារៀន ស្រែកសិករ យើងមិនកំណត់មានសាលាអីត្រឹមត្រូវទេ យើងបង្រៀនកសិករ ពីព្រោះលោកអនុវត្តផ្ទាល់នូវបច្ចេកទេសទាំងអស់នោះ ដើម្បីជាការធ្វើបង្ហាញជូនដល់ប្រជាកសិករជិតខាង ក្នុងសហគមន៍របស់គាត់» ។
ប្រជាកសិករនៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ បានបញ្ជាក់ប្រាប់ផងដែរថា ពួកគាត់ពិតជាទទួលស្គាល់ចំពោះបច្ចេកទេសនៃការធ្វើស្រែប្រព័ន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ ថាបានចំណេញច្រើនមែន ក៏ប៉ុន្តែក្នុងនោះគេនៅមានបញ្ហាខ្លះដែលជាឧបសគ្គដ៏ធំមួយ ធ្វើឲ្យកសិករមិនអាចបង្កើនផលស្រូវបានល្អ គឺដោយសារមិនមានប្រព័ន្ធប្រឡាយទឹកនៅក្បែសម្រាប់ទាញយកទឹកមកស្រោចស្រពស្រូវ ។
កសិករទាំងនោះបានបន្ថែមទៀតថា ដូច្នេះគេចង់ឲ្យរាជរដ្ឋាភិបាល ឬក៏អង្គការនានាជួយផ្ដល់ប្រព័ន្ធធារាសាស្រ្តនោះ គឺកសិករពិតជាអាចច្នៃប្រឌិតបង្កើនផលស្រូវបានខ្ពស់យ៉ាងប្រាកដ ដោយមិនចាំបាចរាជរដ្ឋាភិបាលភ័យព្រួយថា ពលរដ្ឋរបស់ខ្លួនមានបញ្ហាខ្វះស្បៀងនោះឡើយ ។
ក្រុមកសិករដដែលបានឲ្យដឹងថា ៖ «ព្រោះទាក់ទងកសិករ ធ្វើស្រែចម្ការនេះ គឺសំខាន់ណាស់ ដោយមានទឹក អ៊ីចឹងធ្វើស្រែបង្វាស់មេឃនេះ គឺវាអត់ទៀងទេ ជួនកាលមេឃអំណោយផលមក ទឹកភ្លៀងមកល្អទៅ ធ្វើឲ្យយើងធ្វើស្រែហ្នឹងបានល្អទៅ ជួនកាលមកច្រើនពេកធ្វើឲ្យស្រូវរបស់យើងហ្នឹងមានបញ្ហា គ្មានប្រឡាយបញ្ចេញបញ្ចូល គ្មានប្រព័ន្ធរំដោះទឹក អ៊ីចឹងទេសុំឲ្យខាងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជារាជរដ្ឋាភិបាល សូមលោកជួយដល់កសិករផង» ។
មន្ត្រីសម្របសម្រួលគម្រោងនៃអង្គការ CEDAC លោក ឱ ធី បានមានប្រសាសន៍ប្រាប់ដែរថា ការធ្វើស្រែតាមប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិនេះ គឺជាបច្ចេកទេសមួយដែលមន្រ្តីអង្គការ CEDAC បានទៅរៀនយកបទពិសោធន៍នៅប្រទេសមាដាហ្គាសស្កា ដែលនៅទីនោះកសិកររបស់គេបានធ្វើស្រែតាមប្រព័ន្ធនេះ ដោយបានបង្កើនទិន្នផលស្រូវយ៉ាងល្អនៅក្នុងប្រទេសរបស់គេ ។
លោកបានបន្តទៀតថា ប៉ុន្តែសម្រាប់ប្រទេសកម្ពុជានៅមានបញ្ហាលំបាក ដូចដែលកសិករបានលើកឡើងមកនេះ គឺមិនទាន់មានប្រព័ន្ធធារាសាស្រ្ត ទំនប់ប្រឡាយបង្ហូរឬបញ្ចេញបញ្ចូលទឹកឲ្យបានគ្រប់គ្រាន់នៅឡើយ ដូច្នេះកសិករខ្មែរចាំបាច់ត្រូវមានសេចក្តីសង្វាតឧស្សាហ៍ព្យាយាមឲ្យបានហ្មត់ចត់ ដូចជានៅពេលដែលមានភ្លៀងធ្លាក់ត្រូវមើលថែទាំទឹកក្នុងស្រែឲ្យបានរៀងរាល់ថ្ងៃ និងបោចស្មៅចេញពីសន្ទួងជាដើម បើប្រឹងប្រែងបែបនេះយ៉ាងហោចណាស់ក៏គេអាចទទួលទិន្នផលស្រូវបានល្អដែរ ៕
