វិធី​បង្កើន​ទិន្នផល​ស្រូវ​ឲ្យ​បាន​ច្រើន

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​បាន​បញ្ជាក់​ថា ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​ឲ្យ​បាន​ច្រើន កសិករ​គួរ​ផ្លាស់ប្តូរ​ទម្លាប់​ចាស់​ហើយ​អនុវត្ត​នូវ​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ ។

0:00 / 0:00

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CEDAC) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០០៨​នេះ​ថា អង្គការ CEDAC បាន​និង​កំពុងតែ​ជំរុញ​ឲ្យ​ប្រជាកសិករ​ខ្មែរ​នៅ​ទូទាំង​ប្រទេស នាំគ្នា​ធ្វើ​ស្រែ​តាម​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ ពីព្រោះ​បច្ចេកទេស​ដាំ​ដុះ​នេះ​នឹង​ជួយ​បង្កើន​នូវ​ទិន្នផល​ស្រូវ​បាន​ខ្ពស់ ដែល​អាច​ឲ្យ​កសិករ​មាន​ជីវភាព​រស់នៅ​បាន​ល្អ​ប្រសើរ ហើយ​ក៏​អាច​នាំ​ស្រូវ​ចេញ​យក​ទៅ​លក់​បាន​ប្រាក់ចំណូល​ថែម​ទៀត​ផង ។

មន្ត្រី​សម្រប​សម្រួល​គម្រោង​នៃ​អង្គការ CEDAC លោក ឱ ធី បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា តាម​ពិត​ទៅ​ការធ្វើ​ស្រែ​តាម​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ ឬ​គេ​ហៅ​កាត់​ជា​ភាសា​ខ្មែរ​ថា ប-វ-ស​នេះ កន្លងមក​អង្គការ CEDAC បាន​ធ្វើការ​បង្ហាត់​បង្ហាញ​ដល់​កសិករ​ខ្មែរ​នៅ​ស្ទើរតែ​ទូទាំង​ប្រទេស ដោយ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៩៩៩ មក​ម៉្លេះ ។

មន្រ្តី​ដដែល​បាន​បន្ថែម​ទៀត​ថា ចំពោះ​ការ​បង្ហាត់​បង្ហាញ​បច្ចេកទេស​នេះ​ជា​ដំបូង​ឡើយ ប្រជាកសិករ​ហាក់​មិន​សូវ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ពីព្រោះ​គេ​បារម្ភ​ខ្លាចក្រែង​មិន​បាន​ផល ដោយសារតែ​បច្ចេកទេស​ប-វ-ស មាន​ការ​ខុសគ្នា​ឆ្ងាយ​ពេក​ពី​ទម្លាប់​ដើម​ដែល​គេ​ធ្លាប់​បាន​ធ្វើ​ស្រែ​កន្លងមក ក៏ប៉ុន្តែ​ក្រោយពី​បាន​ឃើញ​កសិករ​មួយចំនួន​ដែល​ទទួល​យក​បច្ចេកទេស​នេះ​ទៅ​អនុវត្ត ហើយ​បាន​ទទួល​ទិន្នផល​ស្រូវ​ខ្ពស់​ជាង​ការធ្វើ​ស្រែ​តាម​ទម្លាប់​ធម្មតា​នោះ ទើប​គេ​នាំគ្នា​ងាក​បែរ​មក​ធ្វើការ​សាកល្បង​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​កសិករ​ចំនួន ៨​ម៉ឺន​នាក់​ហើយ បាន​ចូលរួម​ធ្វើការ​អនុវត្ដ​បច្ចេកទេស​ប-វ-ស ។

លោក ឱ ធី បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​ទិន្នផល​ជា​មធ្យម​យើង​បាន​រហូត​ទៅ​ដល់ ៣​តោន​កន្លះ ក្នុង​មួយ​ហិកតា ហើយ​បច្ចេកទេស​ហ្នឹង គឺ​ផ្ដោត​លើ​ប្រព័ន្ធ​បច្ចេកទេស​ផ្សេងៗ ឧទាហរណ៍​ដូចជា ការស្ទួង​មួយ​ដើម ការស្ទួង​សំណាប​ខ្ចី ការប្រើ​ជី​ធម្មជាតិ ការស្ទូង​ត្រង់​ជួរ ការដក​ភ្លាម​ស្ទួង​ភ្លាម ហើយ​ការមើល​ថែ​ទាំ​ទឹក ឬ​ក៏​ការដក​ស្មៅ​ហ្នឹង នេះ​ជា​គោលការណ៍​បច្ចេកទេស​ហ្នឹង»

បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ដែរ កសិករ​ខ្មែរ​មួយ​រូប​ឈ្មោះ ហាក់ សឿង នៅ​ភូមិ​រមន់ ឃុំ​បឹងត្រាញ់​ខាង​ជើង ស្រុក​សំរោង ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា កសិករ​នៅ​ក្នុង​ភូមិ​នេះ​ដែល​មាន​ប្រមាណ​ជាង ៣០០​គ្រួសារ បាន​និង​កំពុងតែ​អនុវត្ត​ធ្វើ​ស្រែ​តាម​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ ដោយ​មាន​ការណែនាំ​ពី​អង្គការ CEDAC ហើយ​គេ​បាន​ឃើញ​យ៉ាង​ប្រាកដ​អំពី​គុណ​ប្រយោជន៍​របស់​បច្ចេកទេស​នេះ ដោយ​ជួយ​កែប្រែ​ដំណាំ​ស្រូវ​ឲ្យ​បាន​ទទួល​ទិន្នផល​យ៉ាង​ប្រសើរ​ដែល​ខ្លះ​អាច​ធ្វើ​បាន​រហូត​ដល់​ជាង​៩​តោន​ក្នុង​មួយ​ហិកតា ។

លោក ហាក់ សឿង បានឲ្យដឹងថា ៖ «ផ្ទៃ​ដី​មួយ​ហិកតា ខ្ញុំ​ចំណាយ​ពូជ​អស់​ច្រើន​បំផុត អស់​តែ ២​តៅ​ទេ ចង់​ដឹង​ពេល​ច្រូត​ហើយ បោក​បែន​ហើយ ទាក់ទង​សម្ងួត​អីអ៊ីចឹង គឺ​ថ្លឹង​មើលទៅ​វា​បាន ៩,៦​តោន ។ បើ​យើង​ដាក់​ជី ធ្វើ​ការ​ថែទាំ​ដិតដល់​អ៊ីចឹង គឺ​ទិន្នផល​ពិតជា​បាន»

កសិករ​រូប​នោះ​បាន​បន្ថែម​ថា គ្រួសារ​របស់​គាត់​ជាដើម​ដែល​កាលពី​មិន​ទាន់​អនុវត្ត​បច្ចេកទេស​ប-វ-ស គឺ​ធ្វើ​ស្រែ​បាន​ផល​ស្រូវ​តិចតួច​ណាស់​ត្រឹមតែ ២​តោន ឬ ២​តោន​កន្លះ​ប៉ុណ្ណោះ​ក្នុង​មួយ​ហិកតា ដែល​មិន​អាច​ទ្រទ្រង់​ជីវភាព​រស់នៅ​បាន​ទេ ក៏ប៉ុន្តែ​បន្ទាប់ពី​បាន​ផ្លាស់ប្តូរ​មក​អនុវត្ត​ប្រព័ន្ធ​ប្រពលវប្បកម្ម​តាម​គោលការណ៍​ធម្មជាតិ រហូត​មក​ដល់​សព្វថ្ងៃ​គឺ​គ្រួសារ​របស់​គាត់​មាន​ជីវភាព​រស់នៅ​យ៉ាង​ធូរធារ ។

លោក ហាក់ សឿង បាន​មាន​ប្រសាសន៍​ថា ៖ «គ្រួសារ​ខ្ញុំ​មួយៗ គិត​ពី​ទិន្នផល​វា​កើន កើន​រហូត បើ​យើង​គិត​វិភាគ​ទៅ​នឹង​ការ​ចំណាយ​ទៅ​លើ​ជី​ហ្នឹង​ផង គឺ​ខ្ញុំ​ចំណេញ​ច្រើន​មែនទែន ហើយ​សូម្បី​តែ​បង​ប្អូន​អ្នក​ស្រុក អ្នក​ភូមិ គាត់​មាន​ជីវភាព​កែប្រែ​រៀង​រហូត»

ទាក់ទង​ទៅ​នឹង​ការបង្កើន​ទិន្នផល​ស្រូវ​តាមរយៈ​នៃ​ការធ្វើ​ស្រែ​ប្រព័ន្ធ​ប្រពលវប្បកម្ម​តាម​គោលការណ៍​ធម្មជាតិ​នេះ ប្រធាន​នាយកដ្ឋាន​ក្សេត្រសាស្ដ្រ និង​កែលម្អ​ដី​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ប៉ែន វុធ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​កសិកម្ម​កន្លង​មក​ដូច​ជា​សព្វថ្ងៃ​បាន​មាន​គោលនយោបាយ​លើក​ទឹកចិត្ដ​ដល់​កសិករ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ឲ្យ​នាំគ្នា​ធ្វើ​ស្រែ​តាម​ប្រព័ន្ធ​ប្រពលវប្បកម្ម​នេះ ។

លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​ដោយសារ​តែ​ការ​អនុវត្ត​ប្រព័ន្ធ​ប-វ-ស បាន​ធ្វើ​ឲ្យ​កម្ពុជា មាន​ផលិតផល​ស្រូវ​លើស​ផែនការ អាច​រក្សា​សន្តិសុខ​ស្បៀង​ក្នុង​ប្រទស​បាន ហើយ​និង​អាច​លក់​ចេញ​បាន​ជាង​១​លាន​តោន ។

លោក ប៉ែន វុធ បាន​មាន​ប្រសាសន៍​ថា ៖ «គឺ​ដោយសារ​ថា ក្រសួង​កសិកម្ម​បាន​ជំរុញ​ការ​ផ្សព្វផ្សាយ​បចេ្ចកទេស ការ​បណ្ដុះ​បណ្ដាល​កសិករ​ឲ្យ​អនុវត្ត​បច្ចេកទេស​ត្រឹមត្រូវ​ពី​ការ​ផលិត​តាម​មាឌដ្ឋាន ការ​ផលិត​ជា​កសិផល​វិញ អនុវត្ត​តាំង​ពី​ការរើស​ពូជ ការ​រៀបចំ​ដី រហូត​ដល់​ការថែទាំ ការ​ស្ទួងដក ហើយ​រហូត​ដល់​ប្រមូល​ផល ។ យើង​ចុះ​ទៅ​បើក​ជា​សាលា​រៀន ស្រែ​កសិករ យើង​មិន​កំណត់​មាន​សាលា​អី​ត្រឹមត្រូវ​ទេ យើង​បង្រៀន​កសិករ ពី​ព្រោះ​លោក​អនុវត្ត​ផ្ទាល់​នូវ​បច្ចេកទេស​ទាំងអស់​នោះ ដើម្បី​ជា​ការ​ធ្វើ​បង្ហាញ​ជូន​ដល់​ប្រជាកសិករ​ជិត​ខាង ក្នុង​សហគមន៍​របស់​គាត់»

ប្រជាកសិករ​នៅ​ភូមិ​រមន់ ឃុំ​បឹងត្រាញ់​ខាង​ជើង ស្រុក​សំរោង ខេត្ត​តាកែវ បាន​បញ្ជាក់​ប្រាប់​ផងដែរ​ថា ពួក​គាត់​ពិត​ជា​ទទួលស្គាល់​ចំពោះ​បច្ចេកទេស​នៃ​ការធ្វើ​ស្រែ​ប្រព័ន្ធ​ប្រពលវប្បកម្ម​តាម​គោលការណ៍​ធម្មជាតិ ថា​បាន​ចំណេញ​ច្រើន​មែន ក៏ប៉ុន្តែ​ក្នុង​នោះ​គេ​នៅ​មាន​បញ្ហា​ខ្លះ​ដែល​ជា​ឧបសគ្គ​ដ៏​ធំ​មួយ ធ្វើ​ឲ្យ​កសិករ​មិន​អាច​បង្កើន​ផល​ស្រូវ​បាន​ល្អ គឺ​ដោយសារ​មិន​មាន​ប្រព័ន្ធ​ប្រឡាយ​ទឹក​នៅ​ក្បែ​សម្រាប់​ទាញ​យក​ទឹក​មក​ស្រោចស្រព​ស្រូវ ។

កសិករ​ទាំង​នោះ​បាន​បន្ថែម​ទៀត​ថា ដូច្នេះ​គេ​ចង់​ឲ្យ​រាជរដ្ឋាភិបាល ឬ​ក៏​អង្គការ​នានា​ជួយ​ផ្ដល់​ប្រព័ន្ធ​ធារាសាស្រ្ត​នោះ គឺ​កសិករ​ពិត​ជា​អាច​ច្នៃ​ប្រឌិត​បង្កើន​ផល​ស្រូវ​បាន​ខ្ពស់​យ៉ាង​ប្រាកដ ដោយ​មិន​ចាំបាច​រាជរដ្ឋាភិបាល​ភ័យ​ព្រួយ​ថា ពលរដ្ឋ​របស់​ខ្លួន​មាន​បញ្ហា​ខ្វះ​ស្បៀង​នោះ​ឡើយ ។

ក្រុម​កសិករ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ព្រោះ​ទាក់ទង​កសិករ ធ្វើ​ស្រែចម្ការ​នេះ គឺ​សំខាន់​ណាស់ ដោយ​មាន​ទឹក អ៊ីចឹង​ធ្វើ​ស្រែ​បង្វាស់​មេឃ​នេះ គឺ​វា​អត់​ទៀង​ទេ ជួនកាល​មេឃ​អំណោយផល​មក ទឹក​ភ្លៀង​មក​ល្អ​ទៅ ធ្វើ​ឲ្យ​យើង​ធ្វើ​ស្រែ​ហ្នឹង​បាន​ល្អ​ទៅ ជួនកាល​មក​ច្រើន​ពេក​ធ្វើ​ឲ្យ​ស្រូវ​របស់​យើង​ហ្នឹង​មាន​បញ្ហា គ្មាន​ប្រឡាយ​បញ្ចេញ​បញ្ចូល គ្មាន​ប្រព័ន្ធ​រំដោះ​ទឹក អ៊ីចឹង​ទេ​សុំ​ឲ្យ​ខាង​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល សូម​លោក​ជួយ​ដល់​កសិករ​ផង»

មន្ត្រី​សម្រប​សម្រួល​គម្រោង​នៃ​អង្គការ CEDAC លោក ឱ ធី បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា ការធ្វើ​ស្រែ​តាម​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ​នេះ គឺ​ជា​បច្ចេកទេស​មួយ​ដែល​មន្រ្តី​អង្គការ CEDAC បាន​ទៅ​រៀន​យក​បទពិសោធន៍​នៅ​ប្រទេស​មាដាហ្គាសស្កា ដែល​នៅ​ទី​នោះ​កសិករ​របស់​គេ​បាន​ធ្វើ​ស្រែ​តាម​ប្រព័ន្ធ​នេះ ដោយ​បាន​បង្កើន​ទិន្នផល​ស្រូវ​យ៉ាង​ល្អ​នៅ​ក្នុង​ប្រទេស​របស់​គេ ។

លោក​បាន​បន្ត​ទៀត​ថា ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​មាន​បញ្ហា​លំបាក ដូច​ដែល​កសិករ​បាន​លើកឡើង​មក​នេះ គឺ​មិន​ទាន់​មាន​ប្រព័ន្ធ​ធារាសាស្រ្ត ទំនប់​ប្រឡាយ​បង្ហូរ​ឬ​បញ្ចេញ​បញ្ចូល​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ឡើយ ដូច្នេះ​កសិករ​ខ្មែរ​ចាំបាច់​ត្រូវ​មាន​សេចក្តី​សង្វាត​ឧស្សាហ៍​ព្យាយាម​ឲ្យ​បាន​ហ្មត់ចត់ ដូចជា​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ត្រូវ​មើល​ថែទាំ​ទឹក​ក្នុង​ស្រែ​ឲ្យ​បាន​រៀងរាល់​ថ្ងៃ និង​បោច​ស្មៅ​ចេញពី​សន្ទួង​ជាដើម បើ​ប្រឹងប្រែង​បែប​នេះ​យ៉ាងហោច​ណាស់​ក៏​គេ​អាច​ទទួល​ទិន្នផល​ស្រូវ​បាន​ល្អ​ដែរ ៕