មណ្ឌលនោះមានឈ្មោះថា "ឱកាសខ្ញុំ" ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ ជាយរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការ Human Rights Watch ចុះថៃ្ងទី១៩ ធ្នូ ដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថៃ្ងអាទិត្យនេះ បានថែ្លងថា មនុស្សចំនួន១៧នាក់ត្រូវបាននគរបាលចាប់ខ្លួនកាលពីថៃ្ងទី១១ ខែធ្នូថ្មីៗនេះ ហើយបានឃុំខ្លួននៅក្នុងមណ្ឌលនោះនៅជាយរាជធានីភ្នំពេញ។
សេចក្តីថែ្លងការណ៍ព័ត៌មានបានបន្តទៀតថា មនុស្សដែលរងការបង្ខំក្នុងការពិសោធនៃការបន្សាបគ្រឿងញៀននោះ គឺក្រោយពីនគរបាលបានចាប់ខ្លួនពីតាមដងផ្លូវនានានៅក្នុងរាជធានីភ្នំពេញ បញ្ជូនទៅមណ្ឌលនោះ ដើម្បីពិសោធនៃវិធីបន្សាបគ្រឿងញៀន ដែលជាការរំលោភលើគោលការណ៍គ្រឹះនៃក្រមសីលធម៌គ្រូពេទ្យនិងសិទ្ធិមនុស្ស។
លោកឧត្តមសេនីយ៍ទោ នាក់ យុទ្ធា ជាប្រធាននាយករដ្ឋាននីតិកម្មនិងអប់រំស្តារនីតិសម្បទានៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផៃ្ទ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីក្នុងមណ្ឌលនោះថា ៖ «ការពិតគេយល់ច្រឡំថា យើងយកថ្នាំមកពិសោធលើមនុស្ស ប៉ុន្តែការពិតថ្នាំនេះមិនមែនពិសោធទេ គេប្រើប្រាស់ហើយ ហើយយើងអញ្ជើញគ្រូពេទ្យវៀតណាមមកបង្រៀនគ្រូពេទ្យខ្មែរយើងពីវិធីប្រើប្រាស់ឱសថហ្នឹង មិនមែនឱសថហ្នឹងមិនធ្លាប់ប្រើទេ គេប្រើរួចហើយ គឺឱសថដែលត្រូវបានគេប្រើហើយ ប៉ុន្តែគ្រូពេទ្យខ្មែរយើងមិនទាន់ធ្លាប់បានប្រើ ដឹងពីរបៀបប្រើ អ៊ីចឹងរដ្ឋាភិបាលយើងអញ្ជើញគ្រូពេទ្យវៀតណាមយើងមកបង្រៀនគ្រូពេទ្យខ្មែរយើងពីវិធីប្រើប្រាស់ឱសថហ្នឹង»។
លោក ញ៉ែម សុធឿន ជាប្រធានស្តីទីនៃមណ្ឌលឱកាសខ្ញុំ នៅជាយរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅក្នុងមណ្ឌលនោះថា គ្រប់អ្នកញៀនគ្រឿងញៀនទាំងអស់ដែលរងការពិសោធនិងបន្សាបគ្រឿងញៀននោះ បានធ្វើទ្បើងដោយស្ម័គ្រចិត្តពុំមានការចាប់បង្ខំដូចការចោទប្រកាន់នោះទេ។
លោក ញ៉ែម ប៊ុនធឿន មានប្រសាសន៍ដូច្នេះ ៖ «គឺអាជ្ញាធរគាត់ជ្រើសរើសអ្នកដែលគាត់ប្រើប្រាស់គ្រឿងញៀនដើម្បីយកមកព្យាបាល ហើយពួកនោះសុទ្ធតែ Positive (វិជ្ជមាន) អ្នកដែលប្រើហេរ៉ូអ៊ីន មានអីខុស គេស្ម័គ្រចិត្ត គេមកព្យាបាល»។
អង្គការ Human Rights Watch បានរំឭកទ្បើងថា កាលពីឆ្នាំ២០០៤កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសមិនឲ្យមានយកប្រជាពលរដ្ឋកម្ពុជាធ្វើការសាកល្បងពិសោធថ្នាំដូចជាសត្វពាហនៈនោះទេ។
មណ្ឌលអប់រំឈ្មោះឱកាសខ្ញុំនោះ បានចាប់ដំណើរការតាំងពីឆ្នាំ២០០៦មក ហើយឥទ្បូវនេះមានមនុស្សញៀនគ្រឿងញៀនចំនួន២០០នាក់កំពុងទទួលការបន្សាបគ្រឿងញៀន ដែលមានអ្នកឯកទេសចំនួនជាង១០នាក់កំពុងតែត្រូវបានបណ្តុះបណ្តាលដោយអ្នកឯកទេសមកពីប្រទេសវៀតណាម៕