ខុមហ្វ្រែល៖ បក្ស​ប្រជាជន​ទទួល​សំឡេង​គាំទ្រ​នាំ​មុខ​គេ​ហួស​ពី​ការស្មាន

គណៈកម្មាធិការ​ដើម្បី​ការបោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ (ខុមហ្រ្វែល) បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សំឡេង​គាំទ្រ​នាំ​មុខ​គេ​ហួស​ពី​ការស្មាន​នៅ​ក្នុង​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​លើក​នេះ ។

នៅ​ក្នុង​សន្និសីទ​កាសែត​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​លទ្ធផល​បណ្តោះអាសន្ន​របស់​ខុមហ្វ្រែល​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​សង្កេតការណ៍​ចំនួន ១១៧០​ការិយាល័យ​បោះឆ្នោត បាន​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​នូវ​ការគាំទ្រ​ចំនួន ៥៨,២២% បន្ទាប់​មក​គឺ​គណបក្ស​សមរង្ស៊ី ទទួល​បាន ២១,៨% គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន ៦,៣៧% គណបក្ស នរោត្តម រណឫរិទ្ធ ទទួល​បាន ៥,៦៧% គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបាន ៥,០៤% ។

សមាជិក​គណៈ​នាយក​របស់​របស់​ខុមហ្រ្វែល លោក ធន សារ៉ាយ មាន​ប្រសាសន៍​ថា​គេ​ពិបាក​នឹង​ទទួល​ស្គាល់​ថា លទ្ធផល​បោះ​ឆ្នោត​នោះ​ធ្វើ​ឡើង​ដោយ​សេរី​និង​យុត្តិធម៌​ណាស់ ដោយសារ​តែ​បញ្ហា​ជា​ច្រើន​ដូច​ជា មនុស្ស​រាប់​ម៉ឺន​នាក់​បាន​បាត់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជាដើម ។

លោក ធន សារ៉ាយ បាន​ឲ្យ​ដឹង​ថា ៖ «យើង​ឃើញ​ថា​គណបក្ស​ប្រឆាំង​លោក​ទាមទារ​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ​នៅ​ភ្នំពេញ ។ ខ្ញុំ​គិត​ថា​រឿង​បញ្ជី​ឈ្មោះ​នេះ​គឺ​ជា​រឿង​មួយ​ធំ​ជាង​គេ​នៅ​ក្នុង​ដំណើរការ​នៃ​ការបោះ​ឆ្នោត​នេះ»

របាយការណ៍​នៃ​ភាព​មិន​ប្រក្រតី​របស់​អង្គការ​ខុមហ្វ្រែល​បាន​បញ្ជាក់​ថា អ្នក​គាំទ្រ​គណបក្ស​ផ្សេងៗ​ទៀត​ចំនួន​៦​ម៉ឺន​នាក់​ត្រូវ​បាន​បាត់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត នៅ​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បាន​ធ្វើការ​សម្អាត​បញ្ជី​ឈ្មោះ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត ។ បន្ទាប់ពី​នោះ​ទៀត​របៀប​បោះ​ឆ្នោត​ស្មុគស្មាញ​នាំ​ឲ្យ​អ្នក​បោះ​ឆ្នោត​ធុញថប់ ហើយ​នៅ​មាន​ការឃោសនា​ដែល​ធ្វើឡើង​មិន​ស្មើ​ភាព​គ្នា​ទាល់​តែ​សោះ ។

លោក ធន សារ៉ាយ បន្ថែម​ទៀត​ថា​លទ្ធផល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខ​គេ នាំ​ឲ្យ​មាន​ការបារម្ភ​ខ្លាំង​អំពី​សេរីភាព​នៃ​ការសម្ដែង​មតិ​និង​លទ្ធិ​ប្រជាធិបតេយ្យ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ តាម​រយៈ​ការកាន់​អំណាច​ផ្ដាច់​មុខ​ម្នាក់​ឯង ។

លោក ធន សារ៉ាយ បាន​មាន​ប្រសាសន៍​ថា ៖ «សំឡេង​ដែល​មាន​នៅ​ក្នុង​សភា​លើក​នេះ គឺ​ថា​លើស​ពី​២​ភាគ​៣​ទៅ​ទៀត ។ អ៊ីចឹង​យើង​មាន​ការព្រួយ​បារម្ភ​ដែរ​នៅ​ពេល​ខាង​មុខ​នេះ លំហ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ លំហ​នៃ​សេរីភាព​ដែល​យើង​នឹង​ទទួល​បាន​នេះ​នឹង​អាច​ជួប​ប្រទះ​នូវ​ការលំបាក»

តាម​លទ្ធផល​បណ្តោះអាសន្ន​របស់​អង្គការ​ខុមហ្រ្វែល គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​អាសនៈ​ប្រហែល ៩១​កៅអី គណបក្ស​សមរង្ស៊ី បាន​ទទួល ២៦​កៅអី គណបក្ស​សិទ្ធិ​មនុស្ស បាន ៣​កៅអី នៅ​ខេត្ត​កំពង់ចាម កណ្តាល និង​ព្រៃវែង គណបក្ស នរោត្តម រណឫទ្ធិ បាន ២​កៅអី នៅ​ខេត្ត​ព្រៃវែង​និង​កំពង់ចាម រីឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​គណបក្ស​ធ្លាប់​ទទួល​បាន​ការគាំទ្រ​ពី​មហាជន​ធំ​ជាង​គេ ពេល​នេះ​បាន​ទទួល​អាសនៈ​សរុប​ចំនួន ១​កៅអី នៅ​ខេត្ត​កំពង់ធំ​ប៉ុណ្ណោះ ។ ក្រៅ​ពី​នោះ​គណបក្ស​ផ្សេងៗ​ទៀត​មិន​ទទួល​បាន​អាសនៈ​ទាល់​តែ​សោះ ៕