ហ៊ុន​សែន​៖ មនុស្ស​របស់ Global Witness គឺ​ជា​ចោរ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​២៦ ឧសភា​នេះ បាន​ប្រតិកម្ម​ជា​ថ្មី​ទៀត​បដិសេធ​ថា វា​ជា​ការ​មិន​ពិត​ចំពោះ​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ​មួយ​ឈ្មោះ Global Witness ដែល​បាន​ចោទ​ប្រកាន់​ថ្មី​ៗ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​​បាន​ទទួល​ប្រាក់​សំណូក​ពី​ក្រុមហ៊ុន​រាវ​រក​រ៉ែ​របស់​​អូស្ត្រាលី​​ចំនួន ២,៥​លាន​ដុល្លារ​កន្លង​មក។

លោក ហ៊ុន សែន បាន​ហៅ​ក្រុម​មនុស្ស​របស់​អង្គការ​នេះ​ថា​ជា​ក្រុម​ចោរ ដោយសារ​តែ​ក្រុម​មនុស្ស​ទាំង​នេះ​បាន​យល់​ដឹង​ច្រើន​អំពី​វិធី​លួច​លុយ និង​អំពើ​ពុក​រលួយ ហើយ​បែរ​ជា​មក​ប្រដៅ​រដ្ឋាភិបាល​របស់​លោក​ឲ្យ​ចេះ​ថែ​រក្សា​លុយ និង​ឲ្យ​ចេះ​ចាយ​លុយ​ពី​ធនធាន​រ៉ែ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ក្នុង​ការ​បើក​សន្និសីទ​អន្តរជាតិ​ស្ដីពី ឱកាស​សម្រាប់​កម្ពុជា ធ្វើ​អាជីវកម្ម​រ៉ែ នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​ឧសភា​នេះ បាន​មាន​ប្រសាសន៍​ដោយ​សម្ដី​ធ្ងន់​ៗ​ថា ៖ «ឥឡូវ​យើង​អត់​ទាន់​មាន​លុយ​សោះ ប៉ុន្តែ​គេ​បង្រៀន​យើង​ពី​របៀប​ចាយ​លុយ និង​រហូត​ដល់​គេ​ចោទ​ប្រកាន់​យើង​អំពី​អំពើ​ពុក​រលួយ​នៃ​ការ​ចាយ​លុយ​ដែល​មិន​ទាន់​មាន​សោះ! អ៊ីចឹង​មាន​ន័យ​ថា ក្រុម​នេះ​ជា​ក្រុម​ចោរ! ចោរ​វា​ធ្លាប់​លួច ទើប​វា​ដឹង​រឿង​ចោរ ឬ​វា​រៀន​ពី​ចោរ ឬ​វា​ជា​មេ​ចោរ បាន​វា​ដឹង​ថា តើ​ត្រូវ​លួច​របៀប​ណា!»

តំណាង​របស់​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ Global witness នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស មិន​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តប​វិញ​នៅ​ឡើយ​ទេ ពីព្រោះ​គេ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់​នៅ​ឡើយ​អំពី​ប្រសាសន៍​របស់​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «នៅ​ពេល​បច្ចុប្បន្ន តើ​អ្វី​ដែល​និយាយ​ត្រូវ ឬ​មួយ​ក៏​ខុស ជាជាង​វាយ​ប្រហារ​គេ​ជា​បុគ្គល។ ខ្ញុំ​ថា វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្ដាយ ដែល​ឆ្លុះ​បញ្ចាំង​នូវ​ឆន្ទៈ​មួយ​អវិជ្ជមាន​ចំពោះ​ការ​រិះគន់!»

អង្គការ​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ប្រកាស​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០០២​កន្លង​ទៅ ក្រោយ​ពី​អង្គការ​នេះ​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​ជា​ច្រើន ចោទ​ប្រកាន់​ថា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន និង​គ្រួសារ​សាច់​ញាតិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការ​ចោទ​ប្រកាន់​នោះ​ថា​ជា​រឿង​មិន​ពិត ហើយ​មាន​ចរិត​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល។

កាល​ពី​ដើម​ខែ​ឧសភា​នេះ មាន​សេចក្ដី​រាយ​ការណ៍​ថា អង្គការ Global Witness បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ប្រាក់​សំណូក​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី​ឈ្មោះ BHP Billiton ក្នុង​ការ​ទទួល​សិទ្ធិ​រាវ​រក​រ៉ែ​បុកស៊ីត​នៅ​កម្ពុជា​កន្លង​មក។

លោក ហ៊ុន សែន បាន​ប្រតិកម្ម​នៅ​ថៃ្ង​ពុធ​នេះ​ទៀត​ថា ប្រាក់​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក​នោះ ជា​ប្រាក់​សម្រាប់​មូលនិធិ​សង្គម ដែល​បាន​ចែង​នៅ​ក្នុង​កិច្ច​សន្យា​ចូល​ក្នុង​ថវិកា​រដ្ឋ នៅ​គ្រា​ដែល​អង្គការ Global Witness បាន​ស្រាវជ្រាវ​រក​ប្រាក់​នេះ នៅ​ក្នុង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កន្លង​មក៕