ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​ការ​សុគត​របស់​ព្រះ​តេជ​ព្រះ​គុណ អ៊ាង សុខធឿន

ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ពុទ្ធបរិស័ទ និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី ជុំវិញ​ការ​សុគត​របស់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ព្រះនាម អ៊ាង សុខ​ធឿន។
ដោយ អ៊ុក សាវបូរី
2012-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ខ្មែរ​វាយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៧ ធ្នូ ២០០៧
ប៉ូលិស​ខ្មែរ​វាយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៧ ធ្នូ ២០០៧
Photo courtesy of preynokornews.blogspot.com

ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ពុទ្ធបរិស័ទ និង​អ្នក​តំណាង​រាស្ត្រ​ជាង ២០០​រូប ប្រារព្ធ​ខួប ៥​ឆ្នាំ នៃ​ការ​សុគត​របស់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ព្រះនាម អ៊ាង សុខ​ធឿន នៅ​វត្ត​ទ្រនំ​ជ្រឹង សង្កាត់​បឹងធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២។

ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម លោក លី ឈូន ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​បង្សុកូល​នៅ​ថ្នូរ​ព្រះ​សង្ឃ អ៊ាង សុខ​ធឿន នៅ​ក្រោយ​វត្ត​ទ្រនំ​ជ្រឹង បាន​ថ្លែង​ថា ខ្មែរ​ក្រោម​ទាំង​អស់​មិន​អស់​ចិត្ត​នឹង​ការ​សុគត​របស់​ព្រះ​សង្ឃ​អង្គ​នោះ​ទេ។ ពល​រដ្ឋ​ទាំង​អស់​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ពិសេស​ក្រសួង​មហា​ផ្ទៃ​សុំ​សើរើ​រឿង​ឃាតកម្ម​លើ​ព្រះ​សង្ឃ អ៊ាង សុខ​ធឿន វិភាគ​ឡើង​វិញ ដើម្បី​ឲ្យ​អស់​មន្ទិល​សង្ស័យ ៖ "ដូច​ជា​មិន​ត្រឹម​ត្រូវ បើ​សិន​ជា​ធ្វើ​អត្តឃាត រឿង​អី​កាល​ពេល​នោះ អង្គការ​សមាគម​ខ្មែរ​ក្រោម​សុំ​ធ្វើ​កោសល្យវិច័យ​អត់​ព្រម​ឲ្យ​ធ្វើ ហើយ​អ្នក​នៅ​ក្នុង​វត្ត​នឹង យក​ព្រះ​អង្គ​ទៅ​កប់​ចោល​ភ្លាមៗ អត់​មាន​បាន​ជូន​ដំណឹង​ដល់​គ្រួសារ​ព្រះ​អង្គ"

កាល​ពី​ថ្ងៃ​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះ​នាម អ៊ាង សុខធឿន បាន​និមន្ត​ចូល​រួម​បាតុកម្ម​ជា​មួយ​ព្រះ​សង្ឃ​ក្នុង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​មុខ​ស្ថាន​ទូត​វៀតណាម ដើម្បី​សុំ​ឲ្យ​រដ្ឋការ​ប្រទេស​វៀតណាម​ផ្ដល់​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម បាន​រស់​នៅ​ជា​ជន​ជាតិ​ខ្មែរ​ពេញ​លេញ លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ស្រប​ច្បាប់។

ក្រោយ​ពី​ព្រះ​អង្គ​និមន្ត​ទៅ​កាន់​វត្ត​ទ្រនំ​ជ្រឹង ឃុំ​បឹង​ធំ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​វិញ ថ្ងៃ​បន្ទាប់​មាន​ព័ត៌មាន​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល ថា​ព្រះ​អង្គ​បាន​ធ្វើ​អត្តឃាត ដោយ​អារក​នៅ​យប់​ថ្ងៃ​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០៧ នោះ។ ព្រះ​សព​របស់​ព្រះ​អង្គ​ត្រូវ​អាជ្ញាធរ និង​គណៈកម្មការ​វត្ត​កប់​ក្រោយ​របង​វត្ត​ទ្រនំ​ជ្រឹង ដោយ​ហាម​ប៉ះពាល់​សព និង​មិន​ព្រម​ឲ្យ​ធ្វើ​កោសល្យវិច័យ​ឡើយ។

ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក គឹម ស៊ីសំណា ថ្លែង​ថា ដោយ​សារ​តែ​នៅ​មាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​សុគត​របស់​ព្រះ​សង្ឃ អ៊ាង សុខ​ធឿន អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម និង​ពុទ្ធ​បរិស័ទ​បាន​ដាក់​លិខិត​ស្នើ​សុំ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​សើរើ​រឿង​នោះ យក​មក​ដោះ​ស្រាយ​លាត​ត្រដាង​ថា​តើ​ព្រះ​អង្គ​ធ្វើ​អត្តឃាត ឬ​ក៏​មនុស្ស​ឃាត។

បន្ថែម​ពី​លើ​នោះ អង្គការ​នេះ​បាន​សុំ​គាស់​ព្រះ​សព​របស់​ព្រះ​អង្គ អ៊ាង សុខធឿន ដើម្បី​បូជា​តាម​ព្រះ​ពុទ្ធ​សាសនា ៖ "គឺ​ហេតុ​អី​បាន​ជា​បិទ​នូវ​ភស្តុតាង ឬ​ក៏​ព័ត៌មាន ឬ​ក៏​រារាំង​ហាម​ឃាត់​មិន​អនុញ្ញាត​ឲ្យ​គាស់​ព្រះ​សព​អី​ឡើង​យក​ទៅ​ធ្វើ​កោសល្យវិច័យ ដើម្បី​ស្វែង​រក​មូល​ហេតុ និង​ភស្តុតាង​អី​ពិត​ប្រាកដ​អី​នឹង"

អនុ​ប្រធាន​សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​តេជ​ព្រះ​គុណ សៀង សុវណ្ណារ៉ា មាន​ថេរដិកា​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ភស្តុតាង និង​មិន​បាន​ហាម​ពល​រដ្ឋ និង​អង្គការ​នានា​មិន​ឲ្យ​ប៉ះពាល់​ព្រះ​សព​កាល​ពី ៥​ឆ្នាំ​មុន​ទេ ហើយ​បើក​ឲ្យ​ធ្វើ​កោសល្យវិច័យ​ត្រឹម​ត្រូវ​នោះ មន្ទិល​សង្ស័យ​ពី​ការ​សុគត​របស់​ព្រះ​សង្ឃ អ៊ាង សុខ​ធឿន មិន​ចោទ​បញ្ហា​មក​ដល់​ពេល​នេះ​ទេ។

ពាក់ព័ន្ធ​បញ្ហា​លើក​ឡើង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ទេ។ ប៉ុន្តែ​ចៅ​សង្កាត់​បឹងធំ លោក មឿន អួន ប្រាប់​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កុម្ភៈ ថា​ព្រះ​សង្ឃ អ៊ាង សុខ​ធឿន បាន​ធ្វើ​អត្តឃាត មិន​មែន​ឃាតកម្ម​នោះ​ទេ ៖ "ធ្វើ​ឃាតកម្ម​ដោយ​ខ្លួន​ឯង មាន​ទាំង​ថ្នាំ​ញៀន​ថ្នាំ​អី លោក​ដែល​ធ្វើ​អត្តឃាត​នឹង"

អ្នក​គ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ថ្លែង​ថា បញ្ហា​សុគត​របស់​ព្រះ​តេជ​ព្រះ​គុណ អ៊ាង សុខ​ធឿន នៅ​មាន​ភាព​ចម្រូងចម្រាស​យូរ​ឆ្នាំ​ហើយ និង​នៅ​តែ​ជា​បញ្ហា​ចោទ​ជា​ចម្ងល់។ ក្នុង​នាម​អាជ្ញាធរ គួរ​បើក​ទូលាយ ទាក់ទង​ការ​សុំ​គាស់​ព្រះ​សព ដើម្បី​ធ្វើ​បុណ្យ និង​ផ្ដល់​ចម្លើយ​ឲ្យ​ច្បាស់​អំពី​ការ​ស៊ើប​អង្កេត​រឿង​នេះ​ពី​មុន ព្រោះ​វា​ជា​ផ្លូវ​ច្បាប់ ដែល​មិន​គួរ​នឹង​លាក់​លៀម​ទេ។

ប្រធាន​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សាង មាន​ប្រសាសន៍​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ពុទ្ធ​បរិស័ទ និង​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ថ្មី។ ពី​ព្រោះ​សព​ព្រះ​តេជ​ព្រះ​គុណ អ៊ាង សុខ​ធឿន គ្រាន់​តែ​គេ​អះអាង​ថា អារក​សម្លាប់​ខ្លួន រួច​អាជ្ញាធរ​យក​ដី ១​ឡាន ទៅ​ចាក់​លុប​កប់​សព​នៅ​ក្រោយ​វត្ត ដែល​តាម​រូបភាព​ហាក់​បញ្ជាក់​ពី​ការ​រើសអើង៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

គឹជាអមនុស្ស ធ្វើគត់ឬធ្វើលោហិតរបស់អ្នកមានសីលពុះពរ នឹង ស្លាប់ទៅជានរកក្នុងជាតិកំណើតបន្ទាប់។

Apr 16, 2012 05:35 AM

អ្នក​អាន​អនាមិក

មកដល់ជើងឯកខាងវាយក្បាលលោកសង្ឃ!

អស់លោកដែលហ៊ានយាដំបងសំពងក្បាលលោកសង្ឃ លោក មានកំណើតមកពីសាសន៍អី? បើមកពីឪម៉ែជាខ្មែរខ្ញុំជឿថាលោកធ្វើដូច្នេះមិនកើតទេ ។ តែបើ ក្រៅពីជាតិខ្មែរ​ លោកធ្វើបែបខាងលើពិតជាត្រឹមត្រូវ ត្រឹមត្រូវ ត្រង់ថា%
១-បង្ហាញភាពអស្ចារ្យ ក្នុងសមរភូមិដែលម្ខាងមានដំបង ព្រនង់ ឯម្ខាងទៀតមានតែស្បង់ចីវរ
២-ផ្គាប់ផ្គុនចិត្តចៅហ្វាយ ដែលគ្មានសាសនា
៣-ជាជាតិសាសន៍ឃោរឃៅ
៤-សមត្ថកិច្ចនៃប្រទេសគ្មានសាលា
៥-ជាសត្វមនុស្សថោកទាប (សំរាប់តែគេប្រើ)
៦-ជាជំពូកមនុស្សផ្តាច់ការ បំបិទសិទ្ធិសេរីភាពមនុស្សដូចគ្នា
៧-ជាជំពូកមនុស្សរស់នៅនាំតែធ្ងន់ផែនដី៕

Mar 01, 2012 04:53 AM

អ្នក​អាន​អនាមិក

ឯណាទៅសម្ដេចសង្ឃរាជទាំងពីរគណៈ?ហេតុអ្វីបានជាមិន
មានប្រត្តិកម្មអ្វីបន្តិចសោះ?ឬមួយរវល់រាប់បច្ច័យខ្លាំងពេក?

Feb 27, 2012 04:54 PM

អ្នក​អាន​អនាមិក

With ballhead and orangeclothes can't giving you freedom,set up remote areas with Arministions and table talk with UN.

Feb 27, 2012 03:37 PM

អ្នក​អាន​អនាមិក

តាមរដ្ឋធម្មនុញ្ញ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ហេតុអីក៏រដ្ឋអំណាចគ្រប់ជាន់ថ្នាក់បែរជាមិនយកចិត្តទុកដាក់ ចំពោះព្រះសពព្រះសង្ឃយ៉ាងនេះទៅវិញ? ឬបណ្តាល មកពីព្រះអង្គបានប្រឆាំងនឹងយួនធ្វើបាបខ្មែរក្រោម?

Feb 27, 2012 02:49 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល