អង្គការក្រៅរដ្ឋាភិបាលក្នុង និងក្រៅប្រទេស ដែលធ្វើការពាក់ព័ន្ធពលករចំណាកស្រុក បានជួបជុំគ្នាបង្កើតអនុសាសន៍ត្រៀមដាក់ចូលរួមប្រជុំអាស៊ានលើកទី៦ ឆ្នាំ២០១៣ នៅប្រទេសប្រ៊ុយណេ ដើម្បីបង្កើនកិច្ចជួយការពារសិទ្ធិពលករចំណាកស្រុក។
នាយកអង្គការខារ៉ាមកម្ពុជា (CARAM Cambodia) លោក យ៉ា ណាវុធ ថ្លែងនៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ថា កាលពីខែតុលា ឆ្នាំ២០១២ កន្លងមក ក្រសួងការងារនៃប្រទេសតំបន់អាស៊ាន និងសង្គមស៊ីវិល បានប្រជុំលើកទី៥ នៅប្រទេសកម្ពុជា។ ការប្រជុំនោះបានបង្កើតអនុសាសន៍ ៥ចំណុច ដើម្បីឲ្យប្រទេសទទួលពលករ និងប្រទេសបញ្ជូនពលករ អនុវត្តអនុសាសន៍នោះ ដើម្បីការពារសិទ្ធិពលករទេសន្តរប្រវេសន៍អាស៊ាន។
លោកថា នៅក្នុងសេចក្តីប្រកាសអាស៊ាន បានអនុម័តពីឆ្នាំ២០០៧ មានមាត្រាមួយបានឲ្យប្រទេសនីមួយៗបង្កើតលិខិតុបករណ៍អាស៊ាន។ រហូតមកដល់ពេលនេះ លិខិតុបករណ៍នោះនៅក្នុងពង្រាង និងកំពុងជំទាស់រវាងប្រទេសទទួលពលករ និងប្រទេសបញ្ជូនពលករនៅក្នុងតំបន់អាស៊ាន មិនទាន់ចេញជាផ្លូវការ ដើម្បីការពារសិទ្ធិពលករទេ៖ «ពិនិត្យមើលទៅក្នុងអនុសាសន៍ តើមានចំណុចណាដែលអត់ទាន់ធ្វើបាន ចំណុចណាដែលធ្វើបាន ដើម្បីយើងធ្វើផែនការបន្តសម្រាប់ឆ្នាំ២០១៣»។
តំណាងអង្គការយូអិនវូមីន (UN Women) លោក រស់ វ៉ា ថ្លែងថា នៅតំបន់អាស៊ានមានពលករចំណាកស្រុកកើនច្រើន តែមិនមានច្បាប់ជួយការពារទេ។ បញ្ហានេះនាំឲ្យអង្គការសហប្រជាជាតិ និងប្រទេសតំបន់អាស៊ាន និងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករ ត្រូវរួមគ្នាដើម្បីជួយការពារសិទ្ធិពលករ។ ប្រទេសក្នុងតំបន់អាស៊ានខ្លះ មិនទាន់ផ្តល់សច្ចាប័នទៅលើអនុសញ្ញា១៨៩ ស្ដីពីការការពារពលករចំណាកស្រុក ដើម្បីបង្កើតច្បាប់ការពារសិទ្ធិពលករនៅឡើយ។
លោក រស់ វ៉ា៖ «ពេលខ្លះយើងផ្ដោតអារម្មណ៍តែនៅក្នុងប្រទេស ប៉ុន្តែចុះបញ្ហាកើតឡើងនៅក្រៅប្រទេស។ អ្នកណាទទួលខុសត្រូវ? ខ្ញុំឃើញថា ទាំងរដ្ឋាភិបាល ទាំងសង្គមស៊ីវិល ផ្ដោតអារម្មណ៍ណាស់ទាក់ទងអប់រំ ផ្សព្វផ្សាយតាមសហគមន៍ ក៏ដូចខាងប្រព័ន្ធផ្សព្វផ្សាយ ការកសាងចំណេះដឹងផ្សេងៗ។ ប៉ុន្តែជាក់ស្តែង ឥឡូវពលករកើនឡើងនៅប្រទេសម៉ាឡេ អ្នកណាទទួលខុសត្រូវ អ្នកណាដោះស្រាយ។ ខ្ញុំគិតថានេះជាមូលហេតុមួយដែលយើងមកជួបជុំគ្នា»។
តំណាងក្រុមការងារថ្នាក់តំបន់ពលករអាស៊ាន លោក ស៊ីណាផាន សាមីដូរ៉ៃ (Sinapan Samydorai) ថ្លែងថា ពលករចំណាកស្រុករងនូវការមិនគោរពសិទ្ធិពីសំណាក់ក្រុមហ៊ុននាំពលករ ប៉ូលិស ឬអាជ្ញាធរ ដែលចាំទារលុយពីពលករដែលចប់កុងត្រាការងារពេលត្រឡប់មកប្រទេសខ្លួនវិញ។ លោកថា ចំពោះអ្នកបម្រើតាមផ្ទះ ក៏មិនទាន់មានច្បាប់ការពារគ្នាដែរ ដែលអង្គការក្រៅរដ្ឋាភិបាលគួររៀបចំដើម្បីឲ្យមានការពិភាក្សាពេលប្រជុំអាស៊ានលើកទី៦ ឆ្នាំ២០១៣ នៅប្រទេសប្រ៊ុយណេ។
លោក យ៉ា ណាវុធ ឲ្យដឹងថា ពលករទៅធ្វើការនៅប្រទេសថៃ ស្របច្បាប់ និងខុសច្បាប់ប្រហែលជាង ៤០ម៉ឺននាក់ នៅប្រទេសម៉ាឡេស៊ី ប្រហែលជាង ៥ម៉ឺននាក់ នៅប្រទេសកូរ៉េ ជាង ២ម៉ឺននាក់។ លោកថា អនុសាសន៍ចំនួន៥ ដែលបានកំណត់ក្នុងការប្រជុំអាស៊ានលើកទី៥ នៅប្រទេសកម្ពុជា ដែលនឹងត្រូវពិនិត្យដើម្បីការពារសិទ្ធិពលករទេសន្តរប្រវេសន៍អាស៊ាន គឺទី១ ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជុំវិញស្ថានភាពពលករចំណាកស្រុក។ ទី២ ពិនិត្យមើលសកម្មភាពអនុវត្តន៍ឆ្នាំ២០១២ ជួបបញ្ហាអ្វី និងជោគជ័យអ្វីក្នុងការការពារ និងលើកកម្ពស់ពលករចំណាកស្រុក។
ទី៣ រកយុទ្ធសាស្ត្របង្កើនការពារបន្ថែមសម្រាប់ជួយពលករកម្ពុជា និងបណ្ដាប្រទេសតំបន់អាស៊ាន។ ទី៤ រួមគ្នាធ្វើផែនការរួមមួយសម្រាប់ការប្រជុំលើកទី៦ ឆ្នាំ២០១៣ នៅប្រទេសប្រ៊ុយណេ។ ទី៥ ធ្វើការងាររួមគ្នាឲ្យបានល្អជាងមុនរវាងសង្គមស៊ីវិល សហជីព និងភាគីពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចការពារពលករចំណាកស្រុកឲ្យបានប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។