អ្នក​កាសែត​សំណូមពរ​ឲ្យ​មាន​មន្ត្រី​ព័ត៌មាន​សម្រាប់​ក្រសួង​ឬ​មន្ទីរ​របស់​រដ្ឋ

និពន្ធ​នាយក​កាសែត​និង​ប្រធាន​ក្រុម​ព័ត៌មាន​កាសែត​ក្នុង​ស្រុក​ប្រមាណ​៤០​នាក់​បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៧ ធ្នូ​នេះ នា​ទីក្រុង​ភ្នំពេញ ដោយ​ភាគ​ច្រើន​បាន​មាន​មតិ​ទាមទារ​ឲ្យ​តាម​ក្រសួង​មន្ទីរ​របស់​រដ្ឋ មាន​អ្នក​នាំ​ពាក្យ​ឬ​មន្ត្រី​ព័ត៌មាន ដើម្បី​ងាយ​ឲ្យ​អ្នក​កាសែត​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ទាក់ទង​ជាមួយ​នឹង​បញ្ហា​នានា​ដែល​ក្រសួង​មន្ទីរ​នោះ​ពាក់ព័ន្ធ។

និពន្ធ​នាយក​កាសែត​កោះសន្តិភាព លោក ជា សយនា បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «អ៊ីចឹង​ទេ​ធ្វើ​ឲ្យ​អ្នក​កាសែត អ្នក​យក​ព័ត៌មាន​ហ្នឹង​មាន​ការពិបាក​ក្នុង​ការទទួល​ព័ត៌មាន​ហ្នឹង ដោយសារ​តែ​ក្រសួង​មន្ទីរ​ផ្សេងៗ​ហ្នឹង​មិន​ទាន់​មាន​មន្ត្រី​ព័ត៌មាន អ្នក​នាំ​ពាក្យ​ឲ្យ​បាន​ត្រឹមត្រូវ។ អ៊ីចឹង​វេទិកា​យើង​នេះ វេទិកា​លើក​ទី​៥​នេះ គឺ​គោលបំណង​របស់​យើង បើ​ខ្ញុំ​ក្នុង​នាម​កោះសន្តិភាព ខ្ញុំ​ចង់​សំណូមពរ​ទៅ​រាជ​រដ្ឋាភិបាល​ឬ​ក៏​ក្រសួង​ព័ត៌មាន​ដែល​ជា​ម៉ែ​ជា​ឪ​ហ្នឹង​មេត្តា​នាំ​ពាក្យ​ទៅ​ថា​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​មេត្តា​ជួយ​ជំរុញ​ឲ្យ​មាន​បណ្ដា​ក្រសួង​នានា មន្ទីរ​នានា​ហ្នឹង​មាន​អ្នក​នាំ​ពាក្យ។ ឥឡូវ​ហ្នឹង​មាន​បើក​វគ្គ​បណ្ដុះបណ្ដាល​អ្នក​នាំ​ពាក្យ​ខ្លះៗ​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល​ស្អី​ជា​ផ្លែផ្កា​ដុំកំភួន​ទេ អ្នក​យក​ព័ត៌មាន​នៅតែ​ជួប​ប្រទះ​ការលំបាក​ដដែល។ យក​មក ប្រចាំ​គ្នា​មួយ​ទៅ​មួយ ឆ្លើយ​ដាក់ មួយ​រុញ​ទៅ​មួយៗ ដូច​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការផ្ដល់​ព័ត៌មាន​ទេ»

ចំណែក​ឯ​អនុ​ប្រធាន​ក្រុម​អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញប៉ុស្តិ៍ លោក នេត្រ ភក្ត្រា បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «និង​ដើម្បី​ធ្វើ​ឲ្យ​លំហូរ​ព័ត៌មាន​រវាង​ក្រុម​អាជ្ញាធរ​ខេត្ត ខណ្ឌ និង​ភូមិ ឃុំ និង​សាធារណជន​កាន់តែ​ល្អ​ប្រសើរ​នោះ គឺ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​បង្កើត​ឲ្យ​មាន Systemមួយ​ដែល​ស្ថិត​នៅ​ក្នុង​អនុសាសន៍​របស់​ខ្ញុំ ខ្ញុំ​លើក​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ហើយ​ក៏​ក្នុង​នាម​តំណាង​ឲ្យ​សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍​ដែរ ដែល​ពួក​យើង​បាន​ជួប​ប្រទះ​រាល់​ថ្ងៃ គឺ​ធ្វើ​យ៉ាង​ម៉េច​ជាមួយ​នឹង​ខេត្ត​ក្រុង​ហ្នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​ព័ត៌មាន​គួរតែ​បន្ត​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​និង​ត្រូវ​បង្កើត​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​ឬ​មន្ត្រី​ព័ត៌មាន​សម្រាប់​ថ្នាក់​ខណ្ឌ ថ្នាក់​ខេត្ត​និង​ថ្នាក់​ស្រុក ដូច​ជា​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​បាន​ធ្វើ​រួច​មក​ហើយ​នៅ​ក្នុង​ខេត្ត​សៀមរាប​និង​ខេត្ត​បាត់ដំបង។ ហើយ​អ្វី​ដែល​យើង​អាច​មើល​ច្បាស់​ជាង​ហ្នឹង​ទៀត​គឺ​សាលាក្ដី​ខ្មែរ​ក្រហម ដោយសារ​តែ​យើង​បង្កើត​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​គឺ​យើង​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការទទួល​បាន​ព័ត៌មាន»

សូម​ជម្រាប​ថា ការជួបជុំ​របស់​អ្នក​កាសែត​កម្ពុជា​ប្រមាណ​៤០​រូប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​និពន្ធ​នាយក​លើក​ទី​៥​ដែល​រៀបចំ​ឡើង​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា។

ការជួបជុំ​ត្រូវ​បាន​គេ​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ជា​ឱកាស​ឲ្យ​អ្នក​ចូលរួម​លើក​ឡើង​អំពី​ការលំបាក​នានា​របស់​អ្នក​កាសែត​ក្នុង​ការសរសេរ​និង​យក​ព័ត៌មាន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​កាសែត​សរសេរ​ព័ត៌មាន​បាន​ត្រឹមត្រូវ មាន​តុល្យភាព ទទួល​បាន​ការជឿជាក់​ពី​អ្នក​អាន​និង​អ្នក​ស្ដាប់ ពីព្រោះ​នៅ​ក្នុង​ឱកាស​ជួបជុំ​គ្នា​នោះ​មាន​មន្ត្រី​ជាន់ខ្ពស់​តំណាង​ក្រសួង​ព័ត៌មាន​ចូលរួម​ស្ដាប់​ការលើក​ឡើង​របស់​អ្នក​កាសែត​ផងដែរ៕