នៅទីក្រុងប៉ារីស លោក រ៉ូហ្សេ គិន ខ្មែរ-បារាំង ដែលបានតាមដានស្ថានការណ៍ប្រទេសកំណើតយ៉ាងយកចិត្តទុកដាក់ បានប្រមែប្រមូលហត្ថលេខាពីខ្មែរសញ្ជាតិបារាំងបានដល់ខ្ទង់ពាន់នាក់ ដើម្បីសម្តែងការប្រឆាំងទៅនឹងការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីខ្មែរ ហើយបានជូនញត្តិដល់តំណាងរាស្ត្ររបស់លោកគឺលោកស្រី ស្ហង់តាល់ ប្រ៊ូណែល ព្រមទាំងស្នើសុំឲ្យបញ្ជូនញត្តិបន្តទៅជូនលោកប្រធានាធិបតី នីកូឡាស់ សាកូហ្ស៊ី សុំអន្តរាគមន៍បារាំងប្រឆាំងនឹងអំពើឈ្លានពានរបស់ថៃនេះ។
ខ្មែរនៅបារាំងធ្វើញត្តិប្រឆាំងការឈ្លានពានរបស់ថៃ
លោក រ៉ូហ្សេ គិន មានប្រសាសន៍ដូច្នេះថា ៖ «[ញត្តិ]ហ្នឹង ខ្ញុំបានឲ្យខ្មែរយើងស៊ីញ៉េដែរ ហើយឥឡូវហ្នឹង មាន[ហត្ថលេខា]ចំនួន ១០០០ហើយៗ ខ្ញុំបានយកអាហ្នឹងទៅជូនតំណាងរាស្ត្ររបស់ខ្ញុំ សូមឲ្យគាត់ជួយ[អន្តរាគមន៍]ក្នុងរឿងដែលសៀមឈ្លានពានយើង។ ដូចថា យើងបានប្រាប់គាត់ ឲ្យគាត់យកពាក្យហ្នឹងទៅប្រាប់ប្រធានាធិបតីផង។ យើងឃើញថា ខ្មែរយើងស្ទុះស្ទាច្រើននៅក្នុងការចុះ[ហត្ថលេខា] គឺមួយៗអត់មានរុញរាទេ គឺថា យើងធ្វើមិនដល់មួយសប្ដាហ៍ផងដែលបាន[ហត្ថលេខា]ប៉ុណ្ណឹង ហើយខ្លះកំពុងតែផ្ញើមកបន្តទៀត»។
ស្តីពីជំហរដែលថា ខ្មែរគួរតែសម្រក់ទឹកភ្នែកជាជាងសម្រក់ឈាមជាមួយសៀម ដែលសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានមានសង្ឃដីកានៅឯប្រាសាទព្រះវិហារមុននេះនោះ លោក រ៉ូហ្សេ គិន ដែលបានសម្រក់ទឹកភ្នែកស្ទើរគ្មានទឹកភ្នែកសល់ឲ្យសម្រក់ កាលពីសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបបខ្មែរក្រហមនោះ មានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលត្រូវគេឈ្លានពាន មិនគប្បីនិយាយពីរឿងសម្រក់ទឹកភ្នែកឡើយ។

លោក រ៉ូហ្សេ គិន មានប្រសាសន៍ដូច្នេះថា ៖ «ការសម្រក់ទឹកភ្នែក ឬសម្រក់ឈាម យើងមិនអាចសម្រេចនៅលើខ្លួនយើងបានទេ ពីព្រោះបើគេរំលោភមកយើង គេចង់យកឈាមមកលេងជាមួយយើង យើងនៅតែសម្រក់ទឹកភ្នែក គឺយើងនឹងមិនយល់ហេតុការណ៍។ គឺមើលសភាពការណ៍ឲ្យច្បាស់លាស់មុននឹងយើងថា។ ធម្មតា គ្មានអ្នកណាចង់សង្រ្គាមទេ ខ្មែរយើងមានសង្គ្រាមហ្នឹងវាឆ្អែតឆ្អន់ហើយ។ យើងមិនចង់ទេ ក៏ប៉ុន្តែបញ្ហាដែលថា វាគ្មានជម្រើស អាហ្នឹងក៏យើងត្រូវតែធ្វើដែរ... យើងមិនត្រូវនិយាយពីរឿងទឹកភ្នែកទេ ដែលគេចូលមកឈ្លានពានយើង តើយើងទៅបង្ហូរទឹកភ្នែកយ៉ាងម៉េច? បង្ហូរទឹកភ្នែកឲ្យគេយកទឹកដីយើងឬ? មកដល់សម័យហ្នឹងហើយ តើនៅឈរឱបដៃយំឬ? អត់មានត្រូវធ្វើអ៊ីចឹងទេ ត្រូវការបង្ហូរឈាម ត្រូវការលះបង់កូនចៅ ក៏លះបង់ដែរ ត្រូវការការលះបង់ទ្រព្យធនក៏យើងត្រូវធ្វើដែរ។ យើងអត់មានត្រូវការបង្ហូរទឹកភ្នែកចំពោះមុខសត្រូវដែលលុកលុយយើងទេ»។
និស្សិតខ្មែរនៅបារាំងរៃអង្គាសប្រាក់សម្រាប់ទាហាននៅព្រះវិហារ
ទាក់ទងនឹងស្មារតីស្រឡាញ់ជាតិមាតុភូមិនេះ កាលពីថ្ងៃពុធ វិទ្យុអាស៊ីសេរី បានរាយការណ៍ថា ក្រុមនិស្សិតខ្មែររៀននៅខេត្តលីយ៉ុង ប្រទេសបារាំង បាននាំគ្នារៃប្រាក់កាសដើម្បីផ្ញើទៅជួយទាហានការពារទឹកដីខ្មែរនៅក្បែរប្រាសាទព្រះវិហារ។
និស្សិត សុខ រិទ្ធិចក្រ បានប្រាប់វិទ្យុអាស៊ីសេរី អំពីកិច្ចប្រឹងប្រែងនោះដូច្នេះ ៖ «ខ្ញុំ ក៏ដូចជាប្រធានសមាគមនិស្សិតខ្មែរនៅក្នុងទីក្រុងលីយ៉ុងនេះ ពួកខ្ញុំបានរៀបចំធ្វើបាតុកម្មនៅថ្ងៃព្រហស្បតិ៍ ទី៣១នេះ ប្រឆាំងនឹងការឈ្លានពានរបស់ថៃ ទីមួយ។ ហើយទីពីរ ទន្ទឹមនេះដែរ យើងបានរៃអង្គាសប្រាក់កាសពីបងប្អូនខ្មែរនៅលីយ៉ុងនេះ បានខ្ទង់ប្រហែលជា ២០០០អឺរ៉ូ។ ខ្ញុំយល់ថា រាជរដ្ឋាភិបាលលោកបានខិតខំ ប៉ុន្តែអ្វីដែលយើងធ្វើនេះគឺជាការខិតខំបន្ថែមនៅពេលដែលយើងឃើញមានការខ្វះខាត។ ព្រោះយើងឃើញ បងប្អូនយើងខ្លះគាត់ពាក់ស្បែកជើងផ្ទាត់ បងប្អូនខ្លះគាត់នៅក្រោមភ្លៀង។ ទិសដៅយើងធំគឺយើងចង់ជួយដល់យុទ្ធជន»។
ប្រតិកម្មទៅនឹងការអះអាងរបស់និស្សិតសុខរិទ្ធិចក្រ ថាលោកយល់ ថារាជរដ្ឋាភិបាលបានខិតខំជួយបងប្អូនខ្មែរព្រះសង្ឃនិងទាហាននៅតំបន់ប្រាសាទព្រះវិហារហើយនោះ លោក លី ផឿង ខ្មែរ-បារាំងនៅខេត្តលីយ៉ុង មួយរូប ដែលបានចូលវិភាគទានក្នុងការរៃអង្គាសដោយក្រុមនិស្សិតដែរនោះ បានសុំបដិសេធមិនចូលរួមសរសើរទង្វើរបស់រដ្ឋាភិបាលផងទេ។
កម្ពុជាមិនគួរចរចាជាមួយថៃអំពីរឿងព្រះវិហារទេ
លោក លី ផឿង មានប្រសាសន៍ថា ៖ «ខ្ញុំមិនបានសរសើរពីទង្វើរបស់រដ្ឋាភិបាលទេ ខ្ញុំជួយក្នុងន័យមនុស្សធម៌ ហើយចង់បង្ហាញមតិជាតិនិងអន្តរជាតិឲ្យយល់ថា រដ្ឋាភិបាលខ្មែរខ្សោយហួសហេតុ ព្រោះថា ប្រាក់ដែលគេជួយទាំងប៉ុន្មានសម្រាប់ការកសាងស្រុក រដ្ឋាភិបាលបានដក ៤០%សម្រាប់ឧបត្ថម្ភកងទ័ព តែផ្ទុយទៅវិញ កងទ័ពខ្មែរសូម្បីតែស្បែកជើងក៏អត់មានពាក់ផង។ ដូចជ្រាបស្រាប់ហើយ នៅស្រុកខ្មែរអ្នកមានម្នាក់ៗ មានឡានប៉ុន្មាន ហើយរដ្ឋាភិបាលដែលស្ថិតក្នុងកន្សោមរបស់លោក ហ៊ុន សែន ម្នាក់ៗមានឡានប៉ុន្មាន ដីប៉ុន្មានរយឡូតិ៍ តើហេតុអីបានជាកងទ័ពខ្មែរសូម្បីតែស្បែកជើងក៏គ្មានដែរ ហើយប្រជាពលរដ្ឋខ្មែរនៅលីយ៉ុងមួយភាគធំ គ្មានការគាំទ្ររដ្ឋាភិបាលខ្មែរទេ»។
លោក លី ផឿង ពុំបានប្រាប់ឲ្យដឹងផងទេថាតើនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងមកនេះ ពលរដ្ឋខ្មែរនៅលីយ៉ុង ស្រឡាញ់និងគាំទ្រគណបក្សណា។
ស្តីពីកិច្ចចរចាបញ្ហាព្រំដែនជាមួយថៃដែលបានប្រព្រឹត្តទៅជាបន្តបន្ទាប់ ក្រោយដែលកងទ័ពថៃបានចូលមកកាន់កាប់ទឹកដីខ្មែរក្បែរប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ កក្កដានោះ លោក លី ផឿង ដែលធ្វើការនៅក្នុងវិទ្យុខេមរភាសាក្រុងលីយ៉ុង មានយោបល់ដូច្នេះ ៖ «បញ្ហាព្រះវិហារគឺជារឿងមួយ ដែលគ្មានរឿងអីដែលត្រូវទៅចរចាទ្វេភាគី ហើយសុំដកទ័ពទាំងសងខាង តើដកទ័ពទៅណាទៀត បើទ័ពរបស់យើងស្ថិតនៅលើទឹកដីយើងស្រេចទៅហើយនោះ? តើយើងដកទៅណាទៀត? ទង្វើអស់នេះ ជាទង្វើនយោបាយសុទ្ធសាធដែលរដ្ឋាភិបាលដែល ហ៊ុន សែន ដឹកនាំនោះធ្វើ ដើម្បីបង្ហាញថា ខ្លួនមានឆន្ទៈល្អ ចំពោះជាតិនិងចំពោះអ្នកជិតខាង តែផ្ទុយទៅវិញការខាតបង់នឹងមាន នៅតែបន្តការចរចាជាទ្វេភាគី ព្រោះថា ដីព្រះវិហារជាដីរបស់យើង យើងគ្មានត្រូវការចរចាទេ យើងប្ដឹងតែម្ដងទៅ នោះយើងនឹងមិនខាតពេលវេលាផង ទុកពេលវេលាហ្នឹងកសាងស្រុក ហើយបង្កើតរដ្ឋាភិបាលថ្មីឲ្យបានរួសរាន់ ល្អជាងទៅធ្វើការចរចាមួយថ្ងៃជាមួយថ្ងៃជាមួយថៃ»៕