ប្រតិកម្ម​ជុំវិញ​ការ​កាត់​ទោស​ខ្មែរ​ក្រោម​មួយ​រូប

លោក ចៅ ហេន ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន​ពីរ​ឆ្នាំ ដោយ​គ្មាន​មេធាវី​ការ​ពារ​ក្តី​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ឡើយ។
ដោយ ទីន ហ្សាការីយ៉ា
2011-04-02
Share
ចៅហេន៣០៥ លោក ចៅ ហេន ត្រូវ​បាន​វៀតណាម​ចោទ​ថា​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើបាតុកម្ម​ទាមទារ​រំដោះ​ទឹក​ដី​កម្ពុជា​ក្រោម កាល​ពី​ឆ្នាំ​២០០៨
Photo courtesy of http://preynokornews.blogspot.com

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹង​ផ្ញើ​លិខិត​ទៅ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ទីក្រុង​ហ្សឺណែវ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​អង្គ​ទូត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​វៀតណាម នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​សុំ​ឲ្យ​ដោះ​លែង​លោក ចៅ ហេន ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន​ពីរ​ឆ្នាំ កាល​ពី​ថ្ងៃ​ទី៣១ មីនា កន្លង​ទៅ។

លោក ថាច់ ងុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​កាណាដា​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២ មេសា នេះ​ថា តុលាការ​វៀតណាម​បាន​កាត់​ទោស​លោក ចៅ ហេន គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ពី​ព្រោះ​ថា​លោក ចៅ ហេន ជា​មនុស្ស​មាន​ជំងឺ ដែល​នៅ​ក្នុង​គុក​ជាង​បី​ខែ​កន្លង​មក និយាយ​មិន​ចេញ បាត់​បង់​ស្មារតី ហើយ​ត្រូវ​បាន​តុលាការ​យក​កាត់​ទោស និង​ផ្ដន្ទា​ទោស​ទៅ​វិញ។

លោក ថាច់ ងុក​ថាច់ បាន​បញ្ជាក់​ថា លោក​បាន​រៀបចំ​ពាក្យ​បណ្ដឹង​រួច​រាល់​ហើយ ដើម្បី​ដាក់​ទៅ​អង្គការ​សហ​ប្រជាជាតិ UNHCR និង​អង្គ​ទូត​នានា នៅ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​សុំ​ឲ្យ​ដោះ​លែង​លោក ចៅ ហេន ជា​បន្ទាន់ ព្រោះ​លោក​កំពុង​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នោះ ៖ "ទី​មួយ​ឲ្យ​រដ្ឋាភិបាល​យួន​ដោះ​លែង​លោក ចៅ ហេន ដោយ​គ្មាន​លក្ខខ័ណ្ឌ ទី​ពីរ អង្គការ​សហ​ប្រជា​ជាតិ​ត្រូវ​ដាក់​គំនាប​សង្កត់​លើ​រដ្ឋាភិបាល​យួន លើ​ករណី​លោក ចៅ ហេន"

លោក ចៅ ហេន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ស្រុក​ស្វាយ​ទង​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១០ នៅ​ខណៈ​ដែល​លោក​បាន​ត្រលប់​ពី​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ប្រទេស​ថៃ តាម​ការ​ណែ​នាំ​របស់​អង្គការ​នេះ ឲ្យ​វិល​មក​ស្រុក​កំណើត​របស់​ខ្លួន ថា​ពុំ​មាន​ការ​ចាប់​ខ្លួន​អ្វី ពី​អាជ្ញាធរ​វៀតណាម​ទេ ផ្ទុយ​ទៅ​វិញ នៅ​ពេល​លោក​ទៅ​ដល់​ផ្ទះ​ប្រមាណ​ជា ២​ម៉ោង ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​តាម​ចាប់​ខ្លួន​ដល់​ផ្ទះ។

ការ​វិល​ត្រលប់​មក​ស្រុក​កំណើត​វិញ​របស់​លោក ចៅ ហេន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ នោះ នៅ​បន្ទាប់​ពី​លោក​បាន​ស្នើ​សុំ​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ពី​អង្គការ UNHCR ប្រចាំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ មិន​បាន​សម្រេច។

កាល​ពី​ថ្ងៃ​ទី​៣១ មីនា សាលា​ដំបូង​ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក បាន​កាត់​ទោស​លោក ចៅ ហេន ឲ្យ​ជាប់​គុក ២​ឆ្នាំ ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណ និង​បង្ក​អសន្តិសុខ​សង្គម ហើយ​តុលាការ​បាន​ទុក​ពេល​ឲ្យ​គ្រួសារ​របស់​លោក រយៈ​ពេល ១៥​ថ្ងៃ ដើម្បី​ប្ដឹង​ឧទ្ធរណ៍។

ក្រោយ​ពេល​តុលាការ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​រួច អាជ្ញាធរ​វៀតណាម​បាន​បញ្ជូន​លោក ចៅ ហេន ទៅ​ដាក់​គុក​ខែត្រ​មាត់​ជ្រូក វៀតណាម​ហៅ​ថា​ទីក្រុង​បារាជ ឬ​ទីក្រុង​ឡុង​ស្វៀង (Long Xuyen)។

ភរិយា​របស់​លោក ចៅ ហេន អ្នក​ស្រី នាង ធួន បាន​រៀប​រាប់​ពី​ដំណើរ​រឿង​នៅ​ក្នុង​សវនាការ កាល​ពី​ថ្ងៃ​ទី​៣១ មីនា នោះ​ថា ស្វាមី​របស់​អ្នក​ស្រី​មិន​អាច​និយាយ​រួច​នោះ​ទេ ហើយ​គេ​ពុំ​អនុញ្ញាត​ឲ្យ​អ្នក​ស្រី​ឆ្លើយ​ឆ្លង​អ្វី​ទាំង​អស់​នៅ​ក្នុង​សវនាការ​នោះ កុំ​ថា​ឡើយ​មាន​មេធាវី​ការ​ពារ​ក្ដី​ប្ដី​អ្នក​ស្រី គឺ​លោក ចៅ ហេន។

អ្នក​ស្រី នាង ធួន បាន​អះអាង​ថា នៅ​ក្នុង​សវនាការ​នោះ លោក ចៅ ហេន និយាយ​មិន​រួច​ទេ ព្រោះ​ថា បន្ទាប់​ពី​ប្ដី​អ្នក​ស្រី​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ជាង​បី​ខែ​មក​នេះ គឺ​ប្ដី​អ្នក​ស្រី​មាន​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ៗ ទៅ ហើយ​និយាយ​ស្រដី​អ្វី​មិន​បាន​រួច​នោះ​ឡើយ ៖ "មិន​រស់​ទេ គេ​ដាក់​ពីរ​ឆ្នាំ គាត់​ឈឺ​ទៀត​ហើយ យក​ចៅ​ទៅ​ពីរ​នាក់​គេ​មិន​ឲ្យ​ចូល​ទេ គាត់​អង្គុយ​ហ្នឹង​សុទ្ធ​តែ​ទ្រ​ទេ បើ​មិន​ទ្រ គាត់​អង្គុយ​មិន​នឹង​ទេ ទៅ​ហៅ​ពេទ្យ​មើល​គេ​មិន​ឲ្យ​ទៅ​ទៀត"

ភរិយា​លោក ចៅ ហេន គឺ​អ្នក​ស្រី នាង ធួន បាន​រៀបរាប់​អំពី​ការ​ភៀស​ខ្លួន​របស់​គ្រួសារ​គាត់​ទៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ នោះ​ថា ស្វាមី​គាត់ គឺ​លោក ចៅ ហេន ធ្លាប់​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​ជាង ៦​រយ​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​យក​ក្នុង​អំឡុង​ពេល​ឆ្នាំ​១៩៨០។

បន្ទាប់​ពី​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ដដែល​នោះ វេលា​ម៉ោង ៣​ជិត​ភ្លឺ លំនៅឋាន​របស់​គាត់​ត្រូវ​បាន​គេ​បោក​គ្រាប់​បែក​ចូល​ក្នុង​ផ្ទះ ទើប​គ្រួសារ​អ្នក​ស្រី​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​អង្គការ UNHCR នៅ​ប្រទេស​ថៃ ឲ្យ​ជួយ​អន្តរាគមន៍ ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន តែ​ត្រូវ​អង្គការ​នេះ​មិន​ទទួល​ស្គាល់​ទៅ​វិញ។

លោក ថាច់ ងុក​ថាច់ បាន​ថ្កោល​ទោស​ចំពោះ​តុលាការ​វៀតណាម​ថា ការ​កាត់​ទោស​លោក ចៅ ហេន នេះ ជា​ការ​ខុស​ទាំង​ច្បាប់​ជាតិ​វៀតណាម និង​ច្បាប់​អន្តរ​ជាតិ ព្រោះ​ថា​គ្មាន​ច្បាប់​ណា​ដែល​ចែង​ថា គេ​យក​មនុស្ស​មាន​ជំងឺ​ដែល​និយាយ​មិន​រួច ទៅ​ធ្វើ​ការ​កាត់​ទោស​នោះ​ទេ ៖ "ប្រទេស​ណា​ក៏​គេ​គ្មាន​យក​មនុស្ស​របៀប​ហ្នឹង​ទៅ​កាត់​ទោស​ដែរ ហើយ​យើង​ខ្ញុំ​នឹង​ធ្វើ​ការ​តវ៉ា ហើយ​បើ​សិន​ជា​មនុស្ស​គេ​មិន​ធ្វើ​ដូច្នោះ​ទេ"

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា គឺ​លោក ឡេ មិញ ង៉ុក បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី២ មេសា នេះ ប៉ុន្តែ​លោក ឡេ មិញ ង៉ុក ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​វៀតណាម​ថា អង្គការ​ខ្មែរ​ក្រោម​ចោទ​ប្រកាន់​វៀតណាម ថា​មាន​ការ​រើសអើង​ខ្មែរ​កម្ពុជា​ក្រោម​គឺ​ជា​ព័ត៌មាន​ប្រឆាំង​វៀតណាម និង​បំផ្លិច​បំផ្លាញ​ចំណង​សាមគ្គីភាព​រវាង​វៀតណាម និង​កម្ពុជា ពិសេស​ករណី​លោក ចៅ ហេន ជា​ដើម។ លោក​បញ្ជាក់​ថា ប្រទេស​វៀតណាម​តែង​ផ្ដន្ទា​ទោស​ស្រប​ទៅ​តាម​ច្បាប់​វៀតណាម ហើយ​ក៏​គ្មាន​ករណី​បែង​ចែក ឬ​រើសអើង​នោះ​ទេ ៖ "ករណី​លោក ចៅ ហេន ត្រូវ​បញ្ជូន​ទៅ​តុលាការ ព្រោះ​ទោស​កំហុស​របស់​លោក គឺ​មាន​ភស្តុតាង​គ្រប់​គ្រាន់"

ទោះ​ជា​យ៉ាង​ណា ករណី​លោក ចៅ ហេន នេះ ភរិយា​របស់​លោក គឺ​អ្នក​ស្រី នាង ធួន និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្លាប់​បាន​អំពាវនាវ និង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ឲ្យ​ដោះ​លែង​លោក ចៅ ហេន វិញ កាល​ពី​ខែ​មករា ឆ្នាំ​២០១១។

ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា លោក ខៀវ សុភគ្រ បាន​បញ្ជាក់​ថា ការ​ស្នើ​សុំ​ណា​មួយ​នោះ ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​កម្ពុជា​មិន​អាច​លូក​ដៃ​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​វៀតណាម​បាន​ទេ ព្រោះ​ប្រទេស​នៅ​តំបន់​អាស៊ាន​មាន​អធិបតេយ្យភាព​របស់​ខ្លួន។

មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សម​រង្ស៊ី និង​ជា​អ្នក​តំណាង​រាស្ត្រ លោក សុន ឆ័យ បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​បាន​ការ​ពារ​ជន​ជាតិ​របស់​ខ្លួន ព្រោះ​ថា​ខ្មែរ​កម្ពុជា​ក្រោម​គឺ​ជា​ជន​ខ្មែរ​ដូច​គ្នា តែ​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ ៖ "យើង​ឃើញ​កំហុស​រដ្ឋាភិបាល​ហ្នឹង​ធ្ងន់ធ្ងរ​មែន​ទែន ព្រោះ​ថា​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​មួយ​ចំនួន បាន​ចែង​ថា​ពល​រដ្ឋ​ខ្មែរ​ទោះ​រស់​នៅ​ណា​ក៏​ដោយ គឺ​រដ្ឋ​គាំ​ពារ ទោះបី​រស់​នៅ​អាមេរិក វៀតណាម​ក្ដី ថៃ​ក្ដី រដ្ឋាភិបាល​មាន​តួនាទី​ដើម្បី​គាំ​ពារ ធានា​ដើម្បី​សុវត្ថិភាព​អ្នក​ទាំង​នេះ ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្លាប់​ចុះ​ទៅ​កម្ពុជា​ក្រោម ឃើញ​គេ​ធ្វើ​បាប​ពល​រដ្ឋ​របស់​ខ្លួន គឺ​មាន​ការ​អាណោចអាធ័ម​ណាស់ មិន​គប្បី​យើង​អនុញ្ញាត​ឲ្យ​នៅ​ស្រុក​យើង​បង្កើត​សមាគម​ការ​ពារ​ជន​ជាតិ​គេ"

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ថាច់ ងុកថាច់ បាន​អំពាវនាវ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន UNHCR ត្រូវ​តែ​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​លោក ចៅ ហេន នេះ​ទៅ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ឲ្យ​ដោះ​លែង ចៅ ហេន នៅ​ក្រៅ​ឃុំ​វិញ ព្រោះ​ថា វា​ជា​រឿង​អយុត្តិធម៌ និង​រំលោភ​សិទ្ធិ​មនុស្ស ដែល​គេ​យក​លោក ចៅ ហេន ទៅ​ដាក់​គុក​ងងឹត​ទាំង​មិន​មាន​កំហុស​អ្វី​ទាល់​តែ​សោះ​នោះ ហើយ​ថា អង្គការ UNHCR គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ករណី​លោក ចៅ ហេន នេះ​ផង​ដែរ ព្រោះ​លោក​បាន​ជំរុញ​ឲ្យ ចៅ ហេន ចូល​ស្រុក​កំណើត​វិញ ដោយ​មិន​បាន​ធានា​ថា គ្មាន​ការ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​វៀតណាម​នោះ​ទេ៕

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

Anonymous says:
Apr 03, 2011 06:02 AM

កុំនិយាយឡើយអំពីមនុស្សធម៌ឬយុត្តិធម៌គ្មានទេគ្មានសោះព្រោះស្រុកនោះជាស្រុកមេយក្សទៅហើយយូរហើយយូរទាល់តែពិភពលោកនេះគេភ្លេចអស់ហើយថានៅទីនោះនៅមានមនុស្សដែរដែលសែសសល់អំពីការហែកឆីរបស់យក្ស...។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល