អតីត​ព្រះមហាក្សត្រ​ពន្យារ​ពេល​ការ​យាង​និវត្តន៍​មក​មាតុភូមិ

ព្រះ​មហា​វីរ​ក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ព្រះអង្គ​នឹង​មិន​អាច​យាង​និវត្តន៍​មក​មាតុភូមិ​តាម​គម្រោង​នា​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ទេ ដោយសារ​តែ​ព្រះអង្គ​កើត​មាន​ព្រះ​រោគ​មហារីក​ជា​ថ្មី​ទៀត។

ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះ​រាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​បាន​មាន​បន្ទូល​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តាម​ព្រះ​រាជ​សារ​របស់​ព្រះ​មហា​វីរ​ក្សត្រ​នៅ​ថ្ងៃ​២៥ ធ្នូ​នេះ បាន​បញ្ជាក់​ថា គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា ព្រះអង្គ​មាន​រោគ​មហារីក​ថ្មី​ទៀត​ហើយ ៖ «លោក​បាន​បញ្ជាក់​ថា គ្រូ​ពេទ្យ​ចិន​បាន​រក​ឃើញ​មហារីក​សាច់​ថ្មី ហើយ​លោក​បាន​បញ្ជាក់​ទៀត​ថា មហារីក​ហ្នឹង​កើត​នៅ​ទីតាំង​ដែល​ស្រួល​ព្យាបាល ហេតុ​ដូច្នេះ​វេជ្ជបណ្ឌិត​ចិន​គេ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ព្យាបាល​លោក​ជា»

ព្រះអង្គម្ចាស់​បាន​បញ្ជាក់​ថា នៅ​ក្នុង​ព្រះ​រាជ​សារ​នោះ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ដែល​ត្រូវ​ព្យាបាល​នោះ​ទេ ដូច្នេះ​ក៏​មិន​អាច​ដឹង​ពី​ពេល​វេលា​ណា​ដែល​ត្រូវ​យាង​ត្រឡប់​មក​វិញ​ឡើយ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​ដែរ​ថា ស្ថានភាព​ព្រះ​រោគ​របស់​ព្រះ​មហា​វីរ​ក្សត្រ​ប្រហែល​ជា​មិន​ធ្ងន់ធ្ងរ​ទេ ៖ «ខ្ញុំ​សូម​បញ្ជាក់​ទៀត​ថា ក្នុង​ព្រះរាជ​សារ​របស់​លោក​ទាំង​ប៉ុន្មាន លោក​បាន​សរសេរ​ផ្ទាល់​ព្រះហស្ថ​របស់​ព្រះអង្គ ហើយ​តាម​មើល​ទៅ​អក្សរ​ដែល​លោក​សរសេរ មិន​មែន​ជា​អក្សរ​ញ័រ​ឡើយ គឺ​ថា ស្មើ​រហូត ហេតុ​ដូច្នេះ​បាន​ន័យ​ថា លោក​ទ្រង់​ការ​បាន​នៅ​ឡើយ​ទេ ហើយ​រៀង​រាល់​ថ្ងៃ​លោក​រៀប​ចំ​ឯកសារ​ដើម្បី​ផ្សាយ​តាម​វ៉ឹបសាយថ៍​របស់​លោក ដូច្នេះ​យើង​អាច​សន្និដ្ឋាន​ថា មិន​ធ្ងន់​ធ្ងរ​ទេ»

គួរ​បញ្ជាក់​ថា ព្រះ​មហា​វីរ​ក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ ដែល​មាន​ព្រះជន្ម ៨៧​ព្រះ​វស្សា ទ្រង់​ធ្លាប់​មាន​ព្រះ​រាជ​បន្ទូល​រួច​ម្តង​ហើយ ដែល​ចេញ​ផ្សាយ​ក្នុង​ទំព័រ​វ៉ឹបសាយថ៍​របស់​ព្រះអង្គ​ថា ព្រះ​រោគា​របស់​ព្រះអង្គ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ ហើយ​មើល​ទៅ​ហាក់​ដូច​ជា​ព្រះអង្គ​មិន​អាច​មាន​ព្រះជន្ម​រស់​នៅ​បាន​យូរ​ត​ទៅ​ទៀត​ឡើយ។

យោង​តាម​ព្រះរាជ​លិខិត​ជា​ភាសា​បារាំង​ដែល​ឡាយ​ដោយ​ព្រះហស្ត​ព្រះអង្គ​ផ្ទាល់ កាល​ពី​ដើម​ខែ​ធ្នូ កន្លង​មក​នេះ សម្តេច​ព្រះ នរោត្តម សីហនុ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ចិន អត់​ហ៊ាន​និយាយ​អំពី​មរណភាព​របស់​ព្រះអង្គ​ដែល​មាន​វ័យ​ចំណាស់​នោះ​ទេ ប៉ុន្តែ​បាន​ទូល​ប្រាប់​ព្រះ​រាជ​អគ្គមហេសី សម្តេច​ព្រះ នរោត្តម មុនីនាថ សីហនុ ថា ប្រសិន​បើ​ក្នុង​ករណី​ជា​បន្ទាន់​ណា​មួយ​នោះ សម្តេច​ព្រះ នរោត្តម សីហនុ ទ្រង់​គួរ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។

សម្តេច​ព្រះ នរោត្តម សីហនុ មាន​ព្រះ​រាជ​បន្ទូល​បន្ត​ថា ព្រះអង្គ​ទ្រង់​ចង់​សុគត​ក្នុង​ព្រះរាជ​ដំណាក់​ជា​ជាង​នៅ​ក្នុង​មន្ទីរពេទ្យ។

ព្រះអង្គ​ទ្រង់​បាន​ត្រូវ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ចិន​បង្កើន​ការត្រួត​ពិនិត្យ​ព្រះរោគ​ព្រះអង្គ​ដែល​មាន​ជំងឺ​មហារីក ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​ឈាម ពី​ម្តង​ក្នុង​មួយ​សប្តាហ៍​មក​ជា​ច្រើន​ដង​វិញ ហើយ​ពេល​ខ្លះ​ពិនិត្យ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន៕