វៀតណាម​ពិន័យ​ខ្មែរ​ក្រោម​អំពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់

ពល​រដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម​ត្អូញត្អែរ​ថា ពួក​គាត់​មួយ​ចំនួន​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ធ្វើ​ទុក្ខបុកម្នេញ​ពី​​អាជ្ញាធរ​វៀតណាម។
ដោយ ទីន ហ្សាការីយ៉ា
2010-12-20
Share
សង្ឃខ្មែរក្រោម៣០៥ ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧
RFA/Quoc Viet

ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​មួយ​រួប ឈ្មោះ នាង ធួន បាន​អះអាង​ថា ខ្លួន​គាត់​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ចូវ​ឡាំង ស្រុក​ស្វាយ​ទង ខែត្រ​អាង​យាង ប្រទេស​វៀតណាម កោះ​ហៅ​ទៅ​សាក​សួរ​នៅ​ថ្ងៃ​ទី​២០ ធ្នូ ដោយ​ចោទ​ប្រកាន់​ពី​បទ​ចាក​ចេញ​ពី​ប្រទេស​វៀតណាម​ខុស​ច្បាប់ កាល​ពី​ឆ្នាំ​២០០៨។

ការ​កោះ​ហៅ​ស្ត្រី​រួប​នេះ​សាក​សួរ នៅ​បន្ទាប់​ពី​ស្វាមី​របស់​គាត់​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្វាយ​ទង ប្រទេស​វៀតណាម​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ កន្លង​ទៅ។

អ្នក​ស្រី នាង ធួន បាន​រៀប​រាប់​ថា មន្ត្រី​នគរបាល​វៀតណាម​បាន​កោះ​ហៅ​ទៅ​សាក​សួរ​ប្រមាណ ៤​ម៉ោង ហើយ​ចោទ​ប្រកាន់​អ្នក​ស្រី​ថា បាន​ចេញ​ពី​ប្រទេស​វៀតណាម ទៅ​កាន់​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ដោយ​ពិន័យ​អ្នក​ស្រី​ចំនួន ២​លាន ៥​សែន​ដុង ស្មើ​និង​ប្រមាណ ៥០​ម៉ឺន​រៀល ទៅ​៥​លាន​ដុង ស្មើ​និង​ប្រមាណ​១​លាន​រៀល។ អ្នក​ស្រី នាង ធួន បាន​អះអាង​ថា បន្ទាប់​ពី​គេ​សាក​សួរ​អ្នក​ស្រី​ចប់ គេ​បង្ខំ​ឲ្យ​អ្នក​ស្រី​ផ្ដិត​មេ​ដៃ​លើ​ឯកសារ​កំណត់​ហេតុ​ចំនួន ៣​ទំព័រ សរសេរ​ជា​អក្សរ​វៀតណាម ដោយ​អ្នក​ស្រី​មិន​ចេះ​អាន​អក្សរ​វៀតណាម​នោះ​ទេ។ ប្រភព​ដដែល​បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ អាជ្ញាធរ​វៀតណាម​ទៅ​ចាប់​ខ្លួន​ស្វាមី​អ្នក​ស្រី ឈ្មោះ ចៅ ហេន ដល់​ផ្ទះ នៅ​បន្ទាប់​ពី​អ្នក​ស្រី និង​ប្ដី​បាន​ត្រលប់​ពី​ប្រទេស​ថៃ​ប្រមាណ ១​ម៉ោង ដោយ​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ចាប់​ខ្លួន​ច្បាស់​លាស់​នោះ​ទេ។ អ្នក​ស្រី នាង ធួន បាន​សួរ​ទៅ​នគរបាល​វៀតណាម តើ​ពេល​ណា​ដោះ​លែង​ប្ដី​អ្នក​ស្រី​វិញ ប៉ុន្តែ​គេ​មិន​ប្រាប់​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា​លុះ​ត្រា​អ្នក​ឯង​ឆ្លើយ​នូវ​អ្វី​ដែល​គេ​ចង់​បាន ទើប​គេ​ដោះ​លែង​ស្វាមី​អ្នក​ស្រី​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អាជ្ញាធរ​វៀតណាម និង​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បានទេ​នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ធ្នូ នេះ។

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក លោក តាំង សារៈ បាន​មាន​ប្រសាសន៍​ថា វា​ជា​ទម្លាប់​ទៅ​ហើយ ដែល​អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​បាប និង​ចាប់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ដែល​ពួក​គេ​គ្មាន​ទោស​កំហុស​អ្វី​ទាល់​តែ​សោះ គ្រាន់​តែ​ពួក​គេ​ទាម​ទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​រឹបអូស និង​ករណី​ទាម​ទារ​សិទ្ធិ​សេរីភាព ដែល​អាជ្ញាធរ​វៀតណាម​គាប​សង្កត់​ជា​ដើម។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ លោក ចៅ ហេន ធ្លាប់​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​ក្រោម​ជាង​៦​រយ​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​ក្នុង​អំឡុង​ពេល​ឆ្នាំ​១៩៨០។ បន្ទាប់​ពី​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម នៅ​យប់​ថ្ងៃ​ដដែល វេលា​ម៉ោង ៣​ជិត​ភ្លឺ លំនៅឋាន​របស់​គាត់​ត្រូវ​បាន​គេ​គប់​គ្រាប់​បែក​​ចូល​ក្នុង​ផ្ទះ ទើប​គ្រួសារ​អ្នក​ស្រី​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​អង្គការ UNHCR នៅ​ប្រទេស​​ថៃ ឲ្យ​ជួយ​អន្តរាគមន៍ ក្នុង​នាម​ជា​ជន​​ភៀស​ខ្លួន តែ​ត្រូវ​អង្គការ​នេះ​មិន​ទទួល​ស្គាល់ ហើយ​បាន​ណែនាំ​ពួក​គេ​ឲ្យ​វិល​មក​ផ្ទះ​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​វិញ ដោយ​អះអាង​ថា មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ។

លោក តាំង សារៈ មិន​អាច​បញ្ជាក់​អំពី​ចំនួន​ខ្មែរ​កម្ពុជា​ថា​មាន​ប៉ុន្មាន​នាក់​នោះ​ទេ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​នោះ ប៉ុន្តែ​លោក​បញ្ជាក់​ពី​មូល​ហេតុ​ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ថា ដោយ​សារ​តែ​បញ្ហា​ទាមទារ​ដី​ស្រែ​ចម្ការ បញ្ហា​ចេញ​មក​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់​ទំនង​ជា​មួយ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា​នៅ​កម្ពុជា​ដើម៕

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

Anonymous says:
Dec 20, 2010 10:39 PM

You must delet all your comments.if you not appear, what witten to you.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល