ក្រោយពេលដែលអាជ្ញាធរ បដិសេធមិនផ្តល់តាមការស្នើសុំទីធ្លាសួនច្បារមុខវត្តបទុមវតី និងពហុកីឡាដ្ឋានជាតិអូឡាំពិក ធ្វើបុណ្យរំឭកខួបទី ៦១ឆ្នាំ ថ្ងៃបាត់បង់ទឹកដីខ្មែរក្រោមរួចមក លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា នៅឆ្នាំខាងមុខសមាគមមានគម្រោងជួបជុំដើរដង្ហែក្បួនបាតុកម្មកាន់ទុក្ខតាមផ្លូវ ជំនួសធ្វើរំឭកខួបនៅនឹងកន្លែង បើអាជ្ញាធរ មិនផ្តល់ទីតាំងប្រារព្ធពិធីដូចឆ្នាំនេះ។
ទិវាកាន់ទុក្ខនៃថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមលើកទី ៦១ឆ្នាំនេះ បានធ្វើឡើងក្នុងបរិវេណវត្តសាមគ្គីរង្សី នៅថ្ងៃទី៤ ខែមិថុនា។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា បើអាជ្ញាធរមិនផ្តល់ទីតាំងធ្វើពិធីទេ នៅថ្ងៃខាងមុខលោកនឹងដឹកនាំធ្វើក្បួនបាតុកម្មតាមផ្លូវសាធារណៈជំនួសវិញ។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ដូច្នេះ ៖ «បើយើងធ្វើជាម៉ែ ជាឪគេ ត្រូវមានព្រហ្មវិហារធម៌ដែរ។ អ៊ីចឹងបើធ្វើបុណ្យមិនបានទេ អាហ្នឹងយើងធ្វើពិធីកាន់ទុក្ខ យើងដង្ហែតែម្តង ដើម្បីសម្តែងការមិនពេញចិត្ត ធ្វើជាពិធីបាតុកម្មវិញ ដើម្បីឲ្យរដ្ឋាភិបាលឲ្យសាលាក្រុងពេញចិត្ត សប្បាយចិត្តវិញ»។
ទិវាកាន់ទុក្ខទី ៦១ឆ្នាំនេះ មានតំណាងព្រះមហាក្សត្រចូលរួមផងដែរ។
លោក គង់ គាំ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានគណបក្សសមរង្ស៊ី ដែលបានចូលរួមក្នុងពិធីនោះដែរ បានថ្កោលទោសប្រទេសបារាំងក្នុងការកាត់ដីខ្មែរក្រោមទៅឲ្យវៀតណាមគ្រប់គ្រង និងហួសចិត្តចំពោះរដ្ឋាភិបាលកម្ពុជា ដែលមិនឈឺឆ្អាលការបាត់បង់ទឹកដី និងទុក្ខលំបាកបងប្អូនខ្មែរក្រោម។
លោក គង់ គាំ បានអំពាវនាវដល់ពលរដ្ឋខ្មែរក្រោមទាំងអស់ចូលរួមធ្វើញត្តិដាក់ជូនរដ្ឋសភា និងព្រះមហាក្សត្រ ស្នើកំណត់យកថ្ងៃទី៤ ខែមិថុនា ធ្វើពិធីរំឭកខួបថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមជាផ្លូវការវិញ។
លោក គង់ គាំ បានអំពាវនាវដូច្នេះ ៖ «នៅចំពោះមុខព្រះរាជតំណាង ខ្ញុំសូមអំពាវនាវដល់សហគមន៍ខ្មែរកម្ពុជាក្រោម ដល់មជ្ឈដ្ឋានទាំងអស់ ធ្វើញត្តិដាក់ជូនរដ្ឋសភា និងថ្វាយព្រះមហាក្សត្រ សូមកំណត់យកថ្ងៃទី៤ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាកាន់ទុក្ខចំពោះការបាត់បង់ទឹកដីកម្ពុជា ជាផ្លូវការ ដើម្បីឲ្យរដ្ឋាភិបាល ឲ្យអាជ្ញាធរខ្មែរ និងប្រជាពលរដ្ឋខ្មែររំឭកដោយស្មោះស្ម័គ្រទាំងអស់គ្នា យ៉ាងហោចសូមព្រះរាជតំណាង មេត្តាមានព្រះរាជអន្តរាគមន៍ដល់ពិធីការព្រះបរមរាជវាំង ដល់គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ជួយរកទីកន្លែង»។
លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៤ ខែមិថុនា ថា អាជ្ញាធរមិនមែនមិនចង់ផ្តល់ឲ្យទីតាំងដល់សមាគមខ្មែរក្រោមប្រារព្ធពិធីរំឭកខួបកាន់ទុក្ខបាត់បង់ទឹកដីនេះទេ ប៉ុន្តែទីតាំងមានតិច ឯការស្នើសុំមានច្រើនពីសំណាក់សមាគមខ្មែរកម្ពុជាក្រោមនានា។ លោក ខៀវ សុភ័គ ស្វាគមន៍ចំពោះការធ្វើកូដកម្ម ឬបាតុកម្មពីគ្រប់មជ្ឈដ្ឋាន ឲ្យតែធ្វើទៅតាមច្បាប់ទម្លាប់ត្រឹមត្រូវ ព្រោះកម្ពុជាមានច្បាប់ធ្វើបាតុកម្មរួចហើយ។
លោក ខៀវ សុភ័គ មានប្រសាសន៍ដូច្នេះ ៖ «យើងមានច្បាប់ស្តីពីការដង្ហែក្បួនធ្វើបាតុកម្ម ប៉ុន្តែខ្ញុំសំណូមពរធ្វើម៉េចឲ្យអនុវត្តតាមច្បាប់ជាធរមានហ្នឹងទៅ»។
អាណានិគមនិយមបារាំង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បានកាត់ប្រគល់ទឹកដីខ្មែរកម្ពុជាក្រោមដែលមានទំហំផ្ទៃដី ៦៨.៩៦៥គីឡូម៉ែត្រក្រឡា ផ្ទេរឲ្យប្រទេសវៀតណាម ត្រួតត្រា គិតមកដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១០នេះ ជាខួបគម្រប់ ៦១ឆ្នាំ។
សមាគមខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា ចាប់ពីឆ្នាំ២០០០មក សមាគមបានកំណត់យកថ្ងៃទី៤ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើពិធីកាន់ទុក្ខរំឭកខួបនៃថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម និងបាននិមន្តព្រះសង្ឃចំនួន ១.៩៤៩អង្គសូត្រមន្ត រាប់បាត្រ ឧទ្ទិសកុសលដល់អ្នកស្លាប់ក្នុងបុព្វហេតុទឹកដី ប៉ុន្តែឆ្នាំនេះ ដោយទីតាំងចង្អៀត ព្រះសង្ឃមិនបាននិមន្តមកគ្រប់ចំនួនឡើយ៕
