ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ទី​៦២​នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី

ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រារព្ធ​ទិវា​ខួប​គម្រប់ ៦២​ឆ្នាំ ថ្ងៃ​បារាំង កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​វៀតណាម កាន់កាប់ នៅ​វត្ត​សិរីសោភា ហៅ​​អង្គតាម៉ិញ។
ដោយ អ៊ុក សាវបូរី
2011-06-10
Share
ខ្មែរ​ក្រោម ៣០៥ ១០-មិថុនា-២០១១៖ ខ្មែរ​ក្រោម​ប្រារព្ធ​ទិវា​ខួប​គម្រប់ ៦២​ឆ្នាំ ថ្ងៃ​បារាំង កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​វៀតណាម កាន់កាប់ នៅ​វត្ត​សិរីសោភា នា​រាជធានី​ភ្នំពេញ។
RFA/Ouk Savborey

ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ឆ្នាំ​២០១១ បាន​និមន្ត​ព្រះសង្ឃ​ប្រមាណ ១.០០០​អង្គ ដើម្បី​រាប់​បាត្រ រំឭក​ខួប​ឆ្នាំ​ទី​៦២ នៃ​ការ​បាត់បង់​ទឹក​ដី​របស់​ខ្លួន​ដែល​បារាំង បាន​ធ្វើ​អាណានិគម​លើ​ប្រទេស​កម្ពុជា កាត់​យក​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បែង​ចែក​ឲ្យ​វៀតណាម គ្រប់គ្រង។

ការ​ប្រារព្ធ​ពិធី​នេះ មាន​វត្តមាន​សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជា​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះមហាក្សត្រ​ខ្មែរ​យាង​ចូល​រួម។

សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស មាន​បន្ទូល​ក្នុង​ពិធី​បុណ្យ​ខួប​ទី​៦២ ឆ្នាំ​នោះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ខិតខំ​ពុះពារ​តស៊ូ​រហូត​អាច​ប្រារព្ធ​ពិធី​រំឭក​ខួប​ទី​៦២​ឆ្នាំ នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​បាន គឺ​កើត​ចេញ​ពី​ការ​សាមគ្គី​ដែល​នាំ​ឲ្យ​មាន​ការ​ចំណេញ​ផល​ជា​ច្រើន ៖ «សង្ឃឹម​ទៅ​មុខ​នឹង​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា​របស់​ឯកឧត្ដម បង​ប្អូន ព្រះអង្គ​ព្រះ​តេជគុណ​ទាំង​អស់ សូម​ថ្វាយ​ព្រះពរ ជូនពរ ឲ្យ​ទាំង​អស់​គ្នា សូម​ឲ្យ​បាន​សេចក្ដី​សុខ រុងរឿង»

លោក សឺន ស៊ូប៊ែរ្តិ៍ ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​មូលនិធិ សម្ដេច​បវរ​សេដ្ឋា​ធិបតី សឺន សាន មាន​ប្រសាសន៍​ថា ពិធី​ប្រារព្ធ​បាន​ថ្ងៃ​នេះ គឺ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រឹងប្រែង​ពន្យល់​ដល់​រដ្ឋាភិបាល​កម្ពុជា ទម្រាំ​បាន​យល់ព្រម​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រារព្ធ​ទិវា​នេះ។

លោក​ថា តាម​ពិត​ថ្ងៃ​ខ្មែរ​កម្ពុជា​ក្រោម​បាត់​ទឹក​ដី​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ហើយ​ថ្ងៃ​ប្រារព្ធ​ខួប​ទី​៦២ បាន​ហួស​ដល់​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០១១ លើស​ពេល​ជិត ១​សប្ដាហ៍ ដោយសារ​តែ​អាជ្ញាធរ​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ថា ព្រម​ឲ្យ​ប្រារព្ធ ឬ​អត់​នោះ ៖ «ជា​រឿង​ប្រទេស​ជាតិ​របស់​យើង​ដែរ​ហ្នឹង ដល់​អ៊ីចឹង​ទៅ​ខ្មែរ​មាន​មួយ​គាំទ្រ​គ្នា​ឯង មួយ​អត់​គាំទ្រ ពិបាក​ណាស់»

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ថ្លែង​ថា ទិវា​ខួប​ទី​៦២​ឆ្នាំ ដែល​បារាំង​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម កាន់កាប់​នោះ គឺ​ប្រារព្ធ​ធ្វើ​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ ទឹក​ដី​អាណាចក្រ​ខ្មែរ​ដែល​ត្រូវ​ជន​បរទេស​គេ​ធ្វើ​អាណានិគម​លើ​ខ្មែរ ហើយ​គេ​បែងចែក​ទឹក​ដី​ខ្មែរ​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ស្រេច​អំពើ​ចិត្ត​របស់​គេ ធ្វើ​ឲ្យ​កូន​ខ្មែរ​ច្រើន​លាន​នាក់​ដែល​បន្ត​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម គ្មាន​ដី​ស្រែ​ចម្ការ​ដាំដុះ និង​រស់​នៅ​ជា​ជនជាតិ​ភាគ​តិច​ក្នុង​ទឹក​ដី​របស់​ខ្លួន។

លោក​បន្ត​ថា ដោយសារ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខ្មែរ​យឺតយ៉ាវ​នាំ​ឲ្យ​គម្រោង​និមន្ត​ព្រះសង្ឃ​រាប់​បាត្រ​ដល់​ទៅ ១.៩៤៩​អង្គ​មិន​បាន​តាម​គម្រោង​នោះ​ទេ ៖ «ទិវា​នេះ​ជា​ទិវា​មួយ​ដែល​ឈឺ​ចាប់​របស់​ជនជាតិ​ខ្មែរ​យើង ហើយ​គួរ​យើង​ចងចាំ​ទាំង​អស់​គ្នា ហើយ​ជា​រៀង​រាល់​ឆ្នាំ​យើង​ប្រារព្ធ​ថ្ងៃ​នេះ»

ស្ត្រី​វ័យ ៩៨​ឆ្នាំ ឈ្មោះ សឿ គឹមលី បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា គាត់​បួងសួង​សុំ​សេចក្ដី​សុខ​ ដែល​គ្មាន​ការ​ដណ្ដើម​ទឹក​ដី​ពី​កសិករ និង​គ្មាន​ការ​គំរាមកំហែង ៖ «សុខ​ហើយ ប៉ិន​នៅ​ជិះជាន់ វា​មិន​ដូច​ពី​ដើម កាល​ពី​សម្ដេច​ឪ សម្ដេច​ឪ​ស្រួល អត់​មាន​ចោរ​អត់​មាន​អ្នក​ណា​ឃោរឃៅ​ដូច​ឥឡូវ​ទេ។ ឥឡូវ​ជិះជាន់​ដី​ស្រែ​ដី​អី ផ្ទះសម្បែង គេ​យក​អស់»

បុរស​ឈ្មោះ កៀង សុវណ្ណ មាន​ប្រសាសន៍​ថា ដោយសារ​តែ​បារាំង កាត់​ទឹក​ដី​ឲ្យ​វៀតណាម គ្រប់គ្រង​នោះ​ហើយ ទើប​ខ្មែរ​កម្ពុជា​ក្រោម​ក្លាយ​ទៅ​ជា​ជន​គ្មាន​ដី​ដាំដុះ រត់​មក​ស្រុក​ខ្មែរ​ដើម្បី​រស់​នៅ។

លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​ថ្ងៃ​ខ្មែរ​កម្ពុជា​ក្រោម​បាត់បង់​ទឹក​ដី​នេះ គឺ​ធ្វើ​រាល់​ឆ្នាំ​ដើម្បី​ឲ្យ​ពលរដ្ឋ​ទូទៅ​ក្នុង​ពិភពលោក​បាន​ដឹង និង​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ឲ្យ​អន្តរជាតិ​បាន​ដឹង​ឮ និង​ទទួល​ស្គាល់​ព្រឹត្តិការណ៍​នោះ៕

ព័ត៌មាន (2)

មើល​មតិ​ទាំង​អស់.

Anonymous says:
Aug 17, 2011 12:51 PM

ស្តេចស៊ីហនុជាអ្នកធ្វើឲ្យបាត់បង់ដីកម្ពុជាក្រោមដើម្បដូររាជអំ់ណាចរបស់ខ្ឡួន​ស្តេចនេះមិនដែលទទួលខុស

Anonymous says:
Aug 03, 2011 02:24 PM

French Government has to take responsibilities about Khmer Krom Land, we need it to control on own, we need to develop by ourself, we need to take care our own country, so; French GM has to help Khmer to demand Mekong Delta,,,

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល