ថៅកែ​ឡ​ឥដ្ឋ​នៅ​ស្រុក​កៀនស្វាយ​រង​ការចោទ​ថា​បិទ​ផ្លូវ​សាធារណៈ

អតីត​យោធិន​ពិការ​មួយ​រូប​ដែល​អះអាង​ថា​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ ទី​១៩ ធ្នូ​នេះ ចោទ​ប្រកាន់​ថៅកែ​ឡ​ឥដ្ឋ ឈ្មោះ តាំង ហាំងលី ថា​បាន​ធ្វើ​របង​បិទ​ផ្លូវ​សាធារណៈ​ចូល​ទៅ​ដី​ស្រែ​សហគមន៍​របស់​ពួក​គាត់​នៅ​ឃុំ​ដី​ឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

0:00 / 0:00

លោក ជា សេងអ៊ី ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​មាន​ប្រសាសន៍​ថា ដី​សហគមន៍​នោះ​ជា​ដី​កម្មសិទ្ធិ​របស់​ពួក​គាត់​ដែល​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ដែល​មាន​ទំហំ​ជិត​កន្លះ​ហិកតារ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ថៅកែ​ឡ​ឥដ្ឋ លោក តាំង ហាំងលី បាន​ទិញ​ដី​នៅ​ជុំវិញ​នោះ ហើយ​បាន​ធ្វើ​របង​ព័ទ្ធ​និង​បិទ​ផ្លូវ​នោះ​តាំង​ពី​ឆ្នាំ​២០០៦​មក ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ឆ្លង​កាត់​ចូល​ទៅ​ធ្វើ​ស្រែ​នៅ​ដី​សហគមន៍​នោះ​បាន។

លោក ជា សេងអ៊ី បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​វេទនា​ណាស់ ពួក​ខ្ញុំ​មិន​ដឹង​រក​អី​បាន ឥឡូវ​ពិការ​ទៀត​មិន​ដឹង​ធ្វើ​អី អាង​តែ​ដី​ស្រែ​ហ្នឹង»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ជ័យ សំណាង បាន​មាន​ប្រសាសន៍​ថា លោក តាំង ហាំងលី បាន​បិទ​ផ្លូវ​ជា​បន្ត​បន្ទាប់​ចំនួន​បី​ផ្លូវ​ហើយ​ដែល​ជា​ច្រក​ចូល​ទៅ​ដី​ស្រែ​នោះ។

លោក​បាន​បញ្ជាក់​ថា ការធ្វើ​ដូច្នេះ​គឺ​ដើម្បី​ឲ្យ​ពួក​គាត់​លក់​ដី​ឲ្យ​ថៅកែ​នោះ​ក្នុង​តម្លៃ​ថោក​ដែល​មិន​អាច​ទទួល​យក​បាន​ព្រោះ​កាលពី​មុន​លោក​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ក្នុង​តម្លៃ​ថោក​ដែរ​នោះ។

លោក​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត​កណ្តាល​តាំង​ពី​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០០៧​កន្លង​ទៅ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៨​ខាង​មុខ​នេះ ទើប​តុលាការ​កោះហៅ​បើក​សវនាការ​ជំនុំជម្រះ។

លោក ជ័យ សំណាង បាន​បញ្ជាក់​ថា ៖ «សំណូមពរ​ទៅ​ខាង​រដ្ឋសភា​អន្តរាគមន៍​ឲ្យ​ថៅកែ​ឡ​ឥដ្ឋ​ហ្នឹង​គេ​បើក​ផ្លូវ​ឲ្យ​ពួក​ខ្ញុំ​វិញ​ផង»

ជុំវិញ​ការចោទ​ប្រកាន់​ខាង​លើ លោក តាំង ហាំងលី បាន​ឆ្លើយ​បំភ្លឺ​តាម​ទូរស័ព្ទ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​លោក​ធ្វើ​របង​បិទ​នោះ​ពុំ​មែន​ជា​ផ្លូវ​សាធារណៈ​នោះ​ទេ​គឺ​ជា​ផ្លូវ​ដែល​ស្ថិត​នៅ​ក្នុង​ដី​របស់​លោក​តាំង​ពី​យូរ​មក។

លោក តាំង ហាំងលី បាន​ឲ្យ​ដឹង​ថា ៖ «ដី​កំណាត់​លើ​ហ្នឹង​ខ្ញុំ​ទិញ​ធ្វើ​ឡ​ពី​រដ្ឋ​អំណាច គេ​ចេះតែ​ដើរ​កាត់​តាម​ឡ​ខ្ញុំ​ទៅ​ធ្វើ​ស្រូវ​អា​ក្រោមៗ​ទៅ អ្នក​ខ្លះ​ក៏​គ្នា​ខ្វះ​លុយ​ខ្វះ​កាក់​អី​អ៊ីចឹង​ទៅ ចេះតែ​លក់​ឲ្យ​ខ្ញុំ​ហ្នឹង​ជា​ហូរហែ​មក​វា​អស់​ទៅ​ហើយ​ដី​ហ្នឹង»

រីឯ​មេ​ឃុំ​ដីឥដ្ឋ គឺ​លោក ស៊ុត តូ បាន​បដិសេធ​មិន​និយាយ​អំពី​បញ្ហា​នេះ។

ទោះ​ជា​យ៉ាង​ណា​ជំនួយការ លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្រ្ត​ខេត្ត​កណ្តាល​គណបក្ស​សមរង្ស៊ី និង​ជា​ប្រធាន​សេវាកម្ម​ច្បាប់​របស់​គណបក្ស​សមរង្ស៊ី គឺ​លោក ពេជ វាសនា បាន​មាន​ប្រសាសន៍​ថា កន្លង​មក លោក តាំង ហាំងលី បាន​បិទ​ផ្លូវ​សាធារណៈ​និង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​ដើរ​តាម​ផ្ទះ​គាត់ ប៉ុន្តែ​ពេល​នេះ​បាន​បិទ​ផ្លូវ​ទាំងអស់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខកខាន​ក្នុង​ការធ្វើ​ស្រែ ហើយ​លោក​សង្ឃឹម​ថា តុលាការ​ខេត្ត​កណ្តាល​និង​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ។

សូម​ជម្រាប​ថា យោង​តាម​តំណាង​ប្រជាពលរដ្ឋ​នោះ​បាន​ឲ្យ​ដឹង​ថា ដី​សហគមន៍​នោះ​មាន​ជាង​២០​គ្រួសារ ហើយ​ចំនួន​ជាង​១០​គ្រួសារ​បាន​លក់​ឲ្យ​ថៅកែ​ឡ​ឥដ្ឋ​នោះ​តាំងពី​ឆ្នាំ​១៩៩០​មក​ជា​បន្ត​បន្ទាប់ ហើយ​នៅ​ចំនួន​១០​គ្រួសារ​មិន​ទាន់​លក់ ប៉ុន្តែ​៥​គ្រួសារ​ផ្សេង​ទៀត​មិន​ហ៊ាន​ដាក់​ពាក្យ​បណ្តឹង​ទេ ព្រោះ​ខ្លាច​ថៅកែ​ឡ​ឥដ្ឋ​នោះ​ជា​អ្នក​មាន៕