អាជីវករលក់ម៉ូតូ ស៊ុយស៊ូគី សាខាក្រុមហ៊ុន OMC នៅផ្សារអូរឫស្សី លោក ហុក ហេង មានប្រសាសន៍ថា មុខរបរគាត់ធ្លាក់ចុះកាន់តែខ្លាំងគិតពីពាក់កណ្តាលខែកក្កដា មកដល់បច្ចុប្បន្ន ដោយសារវិបត្តិប្រទេសថៃចង់ដណ្តើមប្រាសាទព្រះវិហារ។
លោក ហុក ហេង ឲ្យដឹងថា មុនខែ៧ ឆ្នាំ២០០៨ គាត់រកតែម៉ូតូលក់ឲ្យអ្នកទិញស្ទើរមិនទាន់។ ប៉ុន្តែក្រោយវិបត្តិជម្លោះប្រាសាទបុរាណនិងក្រោយការបោះឆ្នោតសភាជាតិ គ្មានអ្នកមកសួររកទិញម៉ូតូឡើយ។ បច្ចុប្បន្ន គាត់លក់បញ្ចុះតម្លៃ ក៏នៅតែលក់មិនដាច់ច្រើនគ្រឿងដូចមុនដែរ ៖ «លក់អត់ចេញសោះ លក់បញ្ចុះតម្លៃខាតថ្លៃដើម សុខចិត្តខាតថ្លៃដើមក៏ត្រូវតែលក់ដែរ ព្រោះវាអត់មានអ្នកមកសួរ(ទិញ)សោះ»។
បុរសលក់ម៉ូតូចាស់ៗ នៅក្បែរវត្តសំពៅមាស សុំមិនប្រាប់ឈ្មោះ អះអាងដូចគ្នាថា ៖ «ដូចមុនបោះឆ្នោត ក្រោយបោះឆ្នោត មួយថ្ងៃហ្នឹងអាចលក់បានមួយពីរបីគ្រឿង ប៉ុន្តែដល់ឥឡូវ ២ថ្ងៃលក់ដាច់មួយគ្រឿង វាខុសពីមុន។ ពីមុនមកវាទិញថ្លៃ ដល់ឥឡូវលក់អត់ដាច់ យើងលក់ខាតចេះតែលក់»។
រីឯម្ចាស់ឃ្លាំងរថយន្តទំនើបក្បែរសាលាខណ្ឌទួលគោក សុំមិនប្រាប់ឈ្មោះដែរ មានប្រសាសន៍ថា គាត់កប់ដើមច្រើនលានដុល្លារអាមេរិក ដោយសាររថយន្តទំនើបៗតម្លៃខ្ពស់ៗទាំងនោះមិនសូវមានអ្នកមកទិញ បើទោះបីឃ្លាំងគាត់លក់បញ្ចុះតម្លៃ ៤០% នៃតម្លៃពីមុនក៏ដោយ ៖ «លក់ដាច់មិនអីទេ មានទុនរកស៊ីទៀត លក់មិនដាច់ ស៊ីអស់ដើមអស់ចុងទាំងអស់ ហើយនិងសោហ៊ុយកម្មករ ឈ្នួលឃ្លាំងស្អីៗ គ្រប់សព្វ មួយខែសោហ៊ុយខ្ញុំ ១ម៉ឺនដុល្លារបានទៅរួច បើក្រោម ១ម៉ឺនដឹងតែខាតហើយ។ ខាតឆ្អែតហើយបួនប្រាំខែហ្នឹង»។
ការត្អូញត្អែររបស់អាជីវករនេះ ត្រូវបានលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរទទួលស្គាល់ថា មុខរបរលក់ឡាន ម៉ូតូ ពិតជាមិនសូវដាច់ច្រើនគ្រឿងដូចមុនមែន ប៉ុន្តែសេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកលើខ្លួនឯង មិនសូវរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុពិភពលោកប៉ុន្មានទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា ៖ «ពិតហើយ ឥឡូវហ្នឹងខ្ញុំក៏ដឹងដែរចំនួនរថយន្តនិងម៉ូតូដែលត្រូវលក់ចេញតិចជាងមុន ពីមុននេះ ហាងម៉ូតូ ក្រុមហ៊ុនម៉ូតូមួយៗកុម្ម៉ង់ឲ្យគេអត់ទាន់ទេ ឥឡូវនេះដូចជានៅបន្តទិញដែរ តែទិញមិនសូវច្រើន។ ប៉ុន្តែតែយ៉ាងណាក៏ដោយសភាពការណ៍របស់យើងប្រឹងថែមបន្តិចទៀត»។
ចំណែកនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធី ហ្រ្គូប លោក សិង្ហ ប៊ុណ្ណា មានប្រសាសន៍ថា ប្រទេសមហាអំណាចមានវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រៀបដូចទឹកជំនន់ផងនិងបាក់ដីគំហុកផង។
ឯប្រទេសកម្ពុជា មិនទទួលរងផលប៉ះពាល់វិបត្តិដូចគេទេ តែរងនូវសម្ពាធខ្យល់នោះ ក្លាយទៅជាជំងឺរ៉ាំរ៉ៃទៅវិញ មកពីមនុស្សមិនហ៊ានយកប្រាក់ទៅទិញអចលនទ្រព្យ ដូចមុនបោះឆ្នោត និងមានមនុស្សមួយចំនួនដកប្រាក់ពីធនាគារយកមករក្សាទុកខ្លួនឯង ហើយមួយចំនួនទៀត នាំគ្នាលក់ដីផ្ទះយកប្រាក់ទុក។
លោកថា សេដ្ឋកិច្ចក្នុងស្រុកនឹងទៅជាជំងឺរ៉ាំរ៉ៃច្រើនខែថ្ងៃទៀត ដោយសារប្រាក់ក្នុងប្រទេសមិនយកមកបង្វិលរកស៊ីដូចមុន នាំឲ្យស្ថិរភាពតម្លៃអចលនទ្រព្យមិនអាចដំណើរការល្អនៅក្រោយបោះឆ្នោត។
លោក សិង្ហ ប៊ុណ្ណា មានប្រសាសន៍ដូច្នេះថា ៖ «ប្រសិនបើយើងមិនរួមគ្នាបង្កើតភាពកក់ក្ដៅនិងភាពទុកចិត្តទេ អ្នកដែលខាតបង់គឺប្រជាពលរដ្ឋយើង រួមគ្នាហ្នឹងទាំងរាជរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលគាត់ជួយធ្វើម៉េចដើម្បីឲ្យអ្នកវិនិយោគពីខាងក្រៅគេទុកចិត្ត គេកក់ក្ដៅ ហើយគេសប្បាយចិត្តមកវិនិយោគក្នុងប្រទេសយើង ព្រោះប្រជាពលរដ្ឋយើង បើប្រជាពលរដ្ឋមិនកុន ឬមិនតម្រូវការក្នុងផ្នែកហិរញ្ញវត្ថុទេ សូមបិទកុំឲ្យលក់ គាត់អត់ត្រូវការលុយ ប៉ុន្តែគាត់ឃើញគេដាក់លក់ គាត់ដាក់លក់ដែរ អ៊ីចឹងការដែលគាត់នាំគ្នាដាក់លក់តៗគ្នានេះ ជារឿងមួយដែលធ្វើឲ្យអ្នកវិនិយោគពីក្រៅ ឬក៏អ្នកដែលចង់ទិញ គាត់គិតថា គេនាំគ្នាលក់គ្រប់គ្នាហើយ វាទៅជាអ្នកលក់រហូត ៩៥% អ្នកទិញមានតែ ៥% តម្លៃវាកាន់តែធ្លាក់ចុះទៅទៀតហើយ។ អ៊ីចឹងសំណូមពរប្រជាពលរដ្ឋថា បើសិនជាគាត់មិនមានវិបត្តិហិរញ្ញវត្ថុទេ ឧទាហរណ៍គាត់មិនខ្ចីលុយគេទេ ជាដីរបស់គាត់ទេ ហើយគាត់មានអាជីវកម្មដែលអាចរកបានទេ សូមបិទឈប់ដាក់លក់ទាំងអស់។ អានេះជាអនុសាសន៍របស់ខ្ញុំផ្ទាល់ ដែលខ្ញុំគិតថា ធ្វើម៉េចឲ្យដីយើងឡើងមកវិញ»។
រីឯក្រុមអ្នកសាងសង់ផ្ទះល្វែងក្នុងទីក្រុងភ្នំពេញ លោក អ៊ុក មុនិន្ទ អ្នករកស៊ីបុកគ្រឹះផ្ទះ អះអាងថា ៖ «ទទួលម៉ៅការ ឧបមាដីឡូត៍គេអ៊ីចឹង មួយខែខ្ញុំបាន ១-២ឡូត៍ ហើយឥឡូវអត់មានផង ស្ងាត់អត់មានមនុស្ស តាំងពីបោះឆ្នោតមកដល់ឥឡូវ»។
ឯក្រុមហ៊ុនចាក់បេតុង សុំមិនប្រាប់ឈ្មោះ ឲ្យដឹងថា អ្នកសាងសង់ផ្ទះល្វែងហៅចាក់បេតុងច្រើនរយម៉ែត្រគូប ជាធម្មតា ក្នុង១ថ្ងៃៗ ប៉ុន្តែលំបាកទារប្រាក់ ទើបផ្អាក ចាក់បេតុង ខ្លះៗ ៖ «បើយើងគិតជាមួយថ្ងៃសម្រាប់សេវាកម្មមកខាងខ្ញុំវិញ ផ្គត់ផ្គង់រហូតដល់ជិត ២ពាន់គូប មួយពាន់ជាងគូប មកដល់បច្ចុប្បន្នបានត្រឹម ៣០០-៤០០គូប អ៊ីចឹងវាខុសគ្នាឆ្ងាយដែរ»។
ចំណែកក្រុមហ៊ុនសាងសង់លក់ផ្ទះល្វែង លោក គង់ បូរិន្ទ មានប្រសាសន៍ថា ក្រុមហ៊ុនគាត់ពុំមានបញ្ហាក្នុងការលក់ចេញផ្ទះឡើយ។
លោកថា រាល់គម្រោងសាងសង់ ៥០ល្វែង ទៅ ២០០ល្វែង មានអតិថិជនទិញយកអស់មុនបុកគ្រឹះសង់ផ្ទះទៅទៀត ដោយក្រុមហ៊ុនគាត់ គិតថ្លៃលក់ផ្ទះចំណេញតាមភាគរយ ដែក ស៊ីម៉ង់ត៍ ឥដ្ឋ ឡើងថ្លៃ ចុះថ្លៃប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន ឈ្នួលពលកម្មបានឡើងថ្លៃខ្លាំងជាងមុន ខណៈតម្លៃផ្ទះបានចុះថ្លៃខ្លះ។
លោក គង់ បូរិន្ទ ថ្លែងដូច្នេះថា ៖ «បច្ចុប្បន្នមានតម្លៃសម្ភារៈមួយចំនួនចុះដែរ ប៉ុន្តែចុះនៅមានកម្រិតនៅឡើយ ចុះមកដល់តម្លៃដែលយើងចាប់ធ្វើគម្រោងចាស់មុន។ ឧទាហរណ៍ ដែកយើងទិញ ៩០០ជាង ឥឡូវចុះមកនៅត្រឹមតែ ៦០០ជាង ជិត ៧០០»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនិងជាប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល មានប្រសាសន៍ថា បញ្ហាអចលនទ្រព្យដែលនៅទ្រឹងនេះ មកពីតម្លៃជួញដូរបានឡើងថ្លៃហួសកម្រិតនាំឲ្យចំណេញច្រើន ទើបសម្បូរអ្នកជួញដូរ។ ឯអ្នកជួញដូរផ្ទះ ដី ដែលប៉ះពាល់វិបត្តិថវិកាខ្លាំង មកពីពួកគេ គ្មានធនធានផ្ទាល់ខ្លួន ទៅទិញ បានខ្ចីប្រាក់ពីធនាគារ ដែលចាំបាច់ត្រូវសងការប្រាក់ អ្នកទាំងនោះ បានជួបបញ្ហា។
ប៉ុន្តែ អ្នកជួញដូរបែបនេះមានតិចបំផុតក្នុងប្រទេស។ លោកអះអាងថា ទោះបីយ៉ាងណាសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន ថ្វីត្បិតតែមិនអាចស្ទុះឡើងខ្លាំង ដូចរាល់ឆ្នាំ ប៉ុន្តែដើរយឺតៗ ក្រោយសេដ្ឋកិច្ចពិភពលោកដួលរលំ។
លោកថា អ្នកវិនិយោគក្រៅប្រទេសផ្អាកមួយរយៈពេលខ្លី ដោយសារវិបត្តិហិរញ្ញវត្ថុនោះ។ ក្រុមអ្នកវិនិយោគនឹងត្រឡប់មក ប្រទេសកម្ពុជាវិញដោយប្រទេសនេះមានសក្តានុពលធំធេងក្នុងការវិនិយោគស្ទើរគ្រប់វិស័យ៕
