ទស្សនៈ​ផ្សេងៗ​ចំពោះ​ថ្ងៃ ៩ វិច្ឆិកា ឯករាជ្យ​ជាតិ

ពង្សាវតារ​ជាច្រើន ជាតិ​សាសន៍​ខ្មែរ​មាន​ប្រវត្តិ​តស៊ូ​រើ​បម្រះ​ពី​ការ​ត្រួតត្រា​របស់​បរទេស ដើម្បី​រស់​នៅ​ជា​ជាតិ​សាសន៍​មួយ​ប្រកប​ដោយ​ឯករាជ្យ អធិបតេយ្យ ក្នុង​សិទ្ធិ​សេរីភាព​ជា​មនុស្ស​ដូច​ជាតិ​សាសន៍​ដទៃ​ដែរ។
ដោយ ទីន ហ្សាការីយ៉ា
2012-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៨-វិច្ឆិកា-២០១២៖ វិមាន​ឯករាជ្យ តំណាង​ឲ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។
៨-វិច្ឆិកា-២០១២៖ វិមាន​ឯករាជ្យ តំណាង​ឲ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។
RFA/Khe Sonorng

ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​អាច​បំភ្លេច​បាន និង​មិន​អាច​កាត់​ថ្លៃ​បាន​នោះ គឺ​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នាំ​មក​នូវ​ឯករាជ្យ​ពេញ​លេញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា រួច​ផុត​ពី​នឹម​ត្រួតត្រា​អាណានិគម​និយម​បារាំង ដែល​ជា​ស្នា​ព្រះហស្ត​ដ៏​ធំធេង​របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ទោះ​បី​ជា​ព្រះអង្គ​បាន​សោយ​ទិវង្គត​ទៅ​ហើយ​ក៏​ដោយ។

ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ និង​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​២០១២ ជា​ខួប​ឯករាជ្យ​ជាតិ​លើក​ទី៥៩ ហើយ សម្រាប់​ប្រជាជាតិ​កម្ពុជា ដែល​អ្នក​ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ទុក​ថ្ងៃ​នេះ​ថា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​នាំ​មក​នូវ​ប្រទេស​កម្ពុជា​ឯករាជ្យ បូរណភាព​ទឹកដី និង​អធិបតីភាព។

ទោះ​បី​ជា​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ត្រូវ​បាន​គេ​បំភ្លេច​ចោល​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក្ដី ប៉ុន្តែ​ថ្ងៃ​ទី៩ វិច្ឆិកា នេះ ត្រូវ​បាន​ងើប​ឡើង​វិញ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រំលឹក​ឡើង​វិញ ពិសេស​ថ្ងៃ​នេះ រដ្ឋាភិបាល​បាន​ដាក់​នៅ​ក្នុង​ប្រតិទិន​ជា​ពិធី​បុណ្យ​ជាតិ ជា​ថ្ងៃ​ឈប់​សម្រាក បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២១ តុលា ឆ្នាំ​១៩៩១។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​នៅ​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ថ្ងៃ​ទី៨ វិច្ឆិកា ឆ្នាំ​២០១២ ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​រំដោះ​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​ខ្មែរ​ក្រហម រហូត​ដល់​មាន​ថ្ងៃ​ទី២៣ តុលា ជា​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ៖ «អីចឹង​ទេ អ្វី​ដែល​កើត​ឡើង​ពី​អតីត​កាល​នៃ​ភាព​កំសត់​របស់​ខ្ញុំ វា​ក៏​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​សកម្មភាព​មក​ដល់​ដំណាក់​កាល​នេះ បញ្ចប់​របប ប៉ុល ពត ទប់​ស្កាត់​របប ប៉ុល ពត មិន​ឲ្យ​វិល​ត្រឡប់​មក​វិញ ហើយ​រក​វិធី​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ រក​វិធី​អ្វី​ដែល​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ចង់​បាន»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នយោបាយ​ខ្មែរ​បាន​ឲ្យ​តម្លៃ​ផ្សេង​គ្នា​រវាង​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ និង​ថ្ងៃ​ទី៧ មករា ឆ្នាំ​១៩៧៩។ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន បាន​កំណត់​យក​ថ្ងៃ​ទី៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​រំដោះ​ជាតិ​ឲ្យ​រួច​ផុត​ពី​របប​ខ្មែរ​ក្រហម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវិត​រស់រាន​ឡើង​វិញ ហើយ​កំណត់​ថ្ងៃ​នេះ​ទិវា​បុណ្យ​ជាតិ​ដែរ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ថ្ងៃ ៧ មករា នោះ​ទេ ដោយ​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ថ្ងៃ​ទី៩ វិច្ឆិកា ជា​ធំ​ទៅ​វិញ។

ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​ចោទ​ប្រកាន់​ថា ថ្ងៃ​ទី៧ មករា ជា​ថ្ងៃ​ធ្វើ​ឲ្យ​កងទ័ព​បរទេស​ឈ្លាន​ពាន​មក​លើ​ទឹកដី​កម្ពុជា ទៅ​វិញ​ទេ។ លោក​បញ្ជាក់​ថា គេ​គួរ​តែ​លុប​ថ្ងៃ​ទី៧ មករា មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ៖ «ថ្ងៃ​៧ មករា មិន​គប្បី​ប្រើប្រាស់​បម្រើ​នយោបាយ ដើម្បី​ប្រៀប​ធៀប​វាយ​តម្លៃ​នឹង​ថ្ងៃ​៩ វិច្ឆិកា បាន​ទេ។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា ថ្ងៃ៧ មករា ជា​ថ្ងៃ​កងទ័ព​វៀតណាម ចូល​មក​កម្ពុជា ដើម្បី​ជួយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ក៏ដោយ ក៏​មិន​បាន​មួយ​ចំណិត​នៃ​ថ្ងៃ៩ វិច្ឆិកា បាន​ដែរ»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​និយម​ន័យ​ផ្សេងៗ​គ្នា​រវាង​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ថ្ងៃ​ទី៧ មករា ឆ្នាំ​១៩៧៩ និង​ថ្ងៃ​ទី២៣ តុលា ឆ្នាំ​១៩៩១។ ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា ថ្ងៃ​ទី៩ វិច្ឆិកា ជា​ថ្ងៃ​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង។ ថ្ងៃ​ទី៧ មករា ជា​ថ្ងៃ​រំដោះ​ពី​របប​ផ្ដាច់​ការ​និយម ឬ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។ រីឯ​ថ្ងៃ​ទី២៣ តុលា ជា​ថ្ងៃ​ឯកភាព​ជាតិ​ខ្មែរ ដែល​ខ្មែរ​ចេះ​ដោះស្រាយ​នយោបាយ​ដោយ​ប្រើ​តុ​ចរចា មិន​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដោះស្រាយ​បញ្ហា។

ផ្ទុយ​ទៅ​វិញ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ មាន​ប្រសាសន៍​ថា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពុំ​មាន​ថ្ងៃ​បុណ្យ​ជាតិ​អ្វី​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ក្នុង​សម័យ​កាល​សព្វថ្ងៃ​នេះ ការ​ឲ្យ​តម្លៃ​ទៅ​លើ​ថ្ងៃ​ណា​មួយ​ក្នុង​ចំណោម​ថ្ងៃ​ទាំង​បី​នេះ រួម​មាន​ថ្ងៃ​ទី៩ វិច្ឆិកា ៧ មករា និង​ថ្ងៃ​ទី២៣ តុលា អាស្រ័យ​លើ​បុគ្គល​និមួយៗ​ជា​អ្នក​ឲ្យ​តម្លៃ ថា​តើ​ថ្ងៃ​ណា​មាន​សារសំខាន់​ជាង?

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​ថា ប្រទេស​កម្ពុជា នៅ​មុន​ពេល​ទទួល​ឯករាជ្យ និង​មុន​ពេល​បារាំង ធ្វើ​អាណានិគម​ប្រទេស​កម្ពុជា នោះ អ្នក​គ្រប់គ្រង​ប្រទេស​នៅ​សម័យ​កាល​នោះ រណប​បរទេស ពិសេស​គឺ​រណប​ប្រទេស​ជិត​ខាង។ លោក​បញ្ជាក់​ថា ៩វិច្ឆិកា ឆ្នាំ​១៩៥៣ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​ប្រជាជាតិ​កម្ពុជា ក្រោម​ការ​ទាមទារ​ឯករាជ្យ​របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។ លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ទោះ​បី​ជា​កម្ពុជា ទទួល​បាន​ឯករាជ្យ​ពេញ​លេញ​ពី​បារាំង ក្ដី ប៉ុន្តែ​ការ​ការពារ​បូរណភាព​ទឹកដី​រវាង​ប្រទេស​ជិត​ខាង​នៅ​មាន​បញ្ហា​នៅ​ឡើយ​នា​ពេល​បច្ចុប្បន្ន៖ «រឿង​បូរណភាព​ទឹកដី យើង​មាន​បញ្ហា​ព្រំប្រទល់​ដែន​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​ទេ ដូច​ជា​ខាង​ថៃ និង​វៀតណាម គឺ​ចរចា​មិន​ទាន់​ដាច់​ស្រេច​ទេ ដូច្នេះ ទោះ​បី​ជា​មាន​ការ​ធានា​បូរណភាព​ទឹកដី​មិន​ឲ្យ​បរទេស​រំលោភ​បាន​មែន តែ​បញ្ហា​នៅ​តែ​មាន​ដដែល»

ម្យ៉ាង​វិញ​ទៀត អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា ទាំង​ថ្ងៃ​ទី៩ វិច្ឆិកា និង​ថ្ងៃ​ទី៧ មករា គឺ​មាន​តម្លៃ​ខុស​គ្នា។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា ប្រទេស​មួយ​មាន​អធិបតីភាព ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ភាព​សេដ្ឋកិច្ច​រឹងមាំ​របស់​ប្រទេស​នោះ៖ «ប្រទេស​មួយ​មាន​ភាព​រឹងមាំ​ខាង​សេដ្ឋកិច្ច មិន​អាច​ដាក់​គំនាប​បាន​ទេ ព្រោះ​គេ​មាន​សិទ្ធិ​ដោះស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​គេ។ ទី២ កម្លាំង​កងទ័ព ទី៣ នយោបាយ​ការ​បរទេស បី​នេះ​ដើរ​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​ពង្រឹង​អធិបតីភាព»

នៅ​ក្នុង​សៀវភៅ​ដែល​ជា​ព្រះរាជ​និពន្ធ​ផ្ទាល់​ដោយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គ​បាន​សរសេរ​នៅ​ក្នុង​ព្រះរាជ​សារ​របស់​ព្រះអង្គ ចុះ​ថ្ងៃ​ទី១៥ មិថុនា ឆ្នាំ​១៩៥២ ថ្លែង​ទៅ​កាន់​ប្រជារាស្ត្រ​នៅ​សម័យ​នោះ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​សន្យា​ជា​ឱឡារិក​ថា ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​ឯករាជ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ស្រុង ក្នុង​រយៈពេល ៣ឆ្នាំ យ៉ាង​យូរ​បំផុត ដោយ​ធ្វើ​ឲ្យ​បាន​នូវ​ការ​ផ្ទេរ​ពី​បារាំង នូវ​សមត្ថកិច្ច​ចុង​ក្រោយ​ទាំង​ឡាយ ដែល​បារាំង នៅ​រក្សា​កាន់​កាប់​នៅ​ឡើយ ព្រះអង្គ​ក៏​បាន​កម្រិត​ព្រំដែន​នៃ​អធិបតីភាព​ខាង​ក្នុង និង​ខាង​ក្រៅ​ប្រទេស។

ក្នុង​ពេល​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​តស៊ូ​ទាមទារ​ឯករាជ្យ​ភាព​ពី​បារាំង ខ្លាំង​ឡើងៗ​ក្នុង​ទសវត្សរ៍​១៩៤០ និង​១៩៥០ រដ្ឋការ​បារាំង សម្រេច​ប្រគល់​ឯករាជ្យ​ភាព​ដល់​កម្ពុជា តាម​រយៈ​ព្រះមហាក្សត្រ​ជា​ជាង​តាម​រយៈ​បក្ស​នយោបាយ ដែល​មាន​បក្ស​ខ្លះ​និយម​ឆ្វេង បក្ស​ខ្លះ​និយម​ស្តាំ ហើយ​សុទ្ធ​តែ​ប្រកាស​ថា ជា​អ្នក​ប្រជាធិបតេយ្យ​បម្រើ​ផល​ប្រយោជន៍​ជូន​ជាតិ​ខ្មែរ​ដូច​គ្នា។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ លោក សុន ឆ័យ បាន​បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​រៀបចំ​ធ្វើ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ជា​ទិវា​បុណ្យ​ធំ​វិញ ពិសេស​នៅ​ពេល​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ បាន​សោយ​ទិវង្គត​ទៅ​ហើយ​នោះ ដើម្បី​តប​ស្នង​នូវ​ស្នា​ព្រះហស្ត​ដ៏​ធំធេង​របស់​ព្រះ​មហា​វីរក្សត្រ។

ប្រទេស​កម្ពុជា នឹង​ធ្វើ​ពិធី​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​សុក្រ ទី៩ វិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​រំឭក​ដល់​គុណ​បំណាច់​ដ៏​ថ្លៃថ្លា​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះបាទ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​លះ​បង់​តស៊ូ​បូជា​ជីវិត ដើម្បី​ឯករាជ្យ​ជាតិ​កម្ពុជា ឬ​ធ្វើ​ព្រះរាជ​បូជនីយកិច្ច​ទាម​ទារ​ឯករាជ្យ​ពេញ​បរិបូរ​ពី​នឹម​អាណានិគម​និយម​បារាំង នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣។

ក៏ប៉ុន្តែ ការ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ក្នុង​ឆ្នាំ​នេះ នៅ​ចំ​ពេល​ព្រះបរមសព​របស់​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ កំពុង​តម្កល់​ទុក​នៅ​ក្នុង​ព្រះបរមរាជវាំង ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កំពុង​កាន់​ទុក្ខ បន្ទាប់​ពី​ព្រះអង្គ​បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

វរ្ម័ន

ពី បាវិត

ខ្ញុំយល់ថាយើងមិនគួរវាយតម្លៃព្រឹត្តិការណ៍
ប្រវត្តិសាស្រ្តទៅតាមឆន្ទាគតិខ្លួនឯងនោះទេ
សូមមេត្តាវិនិឆ័្ឆយដោយការពិចារណាលើ
ព្រឹត្តិការណ៍ ពេលវេលានិងបទពិសោធន៍ ។

១) ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃប្រវត្តិសាស្ត្រ
កម្ពុជា រួចផុតពីនឹមត្រួតត្រាអាណានិគមបារាំង
ជាង៩០ឆ្នាំនិងទទួលបានឯករាជ្យពេញលេញ ។
២) ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ជាព្រឹត្តិការណ៍
ប្រវត្តិសាស្រ្ត ពីរ ចំពោះប្រជាជាតិខ្មែរ៖
ក)ជាថ្ងៃរំដោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍
ខ្មែរក្រហម ប្រជាពលរដ្ឋមានជីវិតរស់រានឡើងវិញ។

Nov 10, 2012 02:04 AM

វរ្ម័ន

ពី បាវិត

ខ)ជាថ្ងៃដែលយួនបានសម្រេចផែនការឈ្លានពាន
លេបទឹកដីខ្មែរតាមបណ្តាំហូជីមិញក្នុងផែនការ១០០ឆ្នាំ
ត្របាក់យកប្រទេសខ្មែរទាំងមូល ។មិនអាចកែរក្រឡាស់
បានយួនបានធ្វើអាណានិគមវាតទីលើគ្រប់វិស័យនិង
សម្លាប់ខ្មែរដោយប្រយោល ។
៣) ថ្ងៃទី២៣ តុលា១៩៩១ជាថ្ងៃឯកភាពជាតិខ្មែរដែលខ្មែរ
ដោះស្រាយនយោបាយដោយប្រើតុចរចាបញ្ចប់សង្រ្គាម
រ៉ាំរ៉ៃជាងបីទសវត្សរ៍ ដោយមានអង្គការសហប្រជាជាតិ
ជួយគាំទ្រ។ ពេលនោះជនរួមជាតិខ្មែរក៏នឹកសង្ឃឹមថា
ប្រទេសយើងបានរួចផុតពីរបបអាណានិគមយួននិង
របបសង្គមនិយមបែបស្អប់តែគ្នាឯងដែរ ។

Nov 10, 2012 02:03 AM

cheyvorman007

ពី AngKorWat

សុំទោស សុំកែឈ្មោះអ្នកបងឌីសសាវេត មកជា អ្នកបង
សោមវណ្ណនឹងបង ជាយុទ្ធថន ដែលធ្លាប់បានត្រូវគេពិពណ៌
នាតាមវីតដេអូកុន ។

Nov 09, 2012 09:02 PM

sok hour

ពី battambang

Mister Sovan & others
please be pragmatic! 7 jan is a memorial day we fichished with the killing field but invaded by vietnam cambodia was completely controled by Vietnam and cambodians continue to kill each other(K5, fight at Siem border). to me we have to celebrate the 9-11 as it deserve to be. and the 7 as abank holliday no more useless debate ! but do not fall into a partisan memorial days as 2-12 or athors this is CPP historical not the national day. and also the 17-04 which is victory agaist Lon nol which is the khmer rouge bank holliday that the cpp cotinue to celebrate till now.

Nov 09, 2012 06:03 AM

Former khmer

ពី Cananda

I agree with Sovann, that say Mr. Son Chay and Sam Raingsy,never lived in POL POT regime, they all hate 7 Jan. if did not have 7 Jan.1979.may be, you both don't see khmer any more. both of you khown, my family forced out Phnom Penh ,had 21people and in 7Jan.1979 only 3 people left.that time I just 11 years old, but I never forgot 7 Jan. 1979. I don't like VN troop too, but I don't like to be khmer too.I'm sorry for khmer people. until now I still have dream in Pol Pot regime.

Nov 09, 2012 04:54 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល