[ មើលរូបថតបន្ថែមOpens in new window ]
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីរបបសេនាប្រមុខ លន់ នល់ លោក ឆាំង សុង ក៏បានមកចូលរួមក្នុងពិធីបង្សុកូលនោះដែរ។
អ្នកកាសែតបរទេសជាច្រើននាក់ ព្រះសង្ឃ តាអាចារ្យ ប្រជាពលរដ្ឋ និងមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន សរុបជិត ១០០នាក់ បានធ្វើពិធីបង្សុកូល រំលឹកវិញ្ញាណក្ខន្ធចំពោះអ្នកកាសែតបរទេសជើងចាស់ចំនួន ៩នាក់ ដែលត្រូវបានទាហានខ្មែរក្រហមចាប់ជាចំណាប់ខ្មាំង និងបានសម្លាប់ចោលនៅវាលស្រែក្បែរវត្តពោធិ៍ នៅឃុំពោធិ៍ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីទសវត្សឆ្នាំ១៩៧០ កន្លងទៅ។
អ្នកកាសែតបរទេសចំនួន ៩នាក់នោះ មានដូចជាអ្នកកាសែតជនជាតិអាមេរិកាំង ចំនួន ៣នាក់ របស់ទូរទស្សន៍អាមេរិកាំង NBC និង CBS និងអ្នកកាសែតជនជាតិជប៉ុន ចំនួន ៣នាក់ទៀត របស់ទូរទស្សន៍ NBC និង CBS ព្រមទាំងអ្នកកាសែតជនជាតិបារាំង ម្នាក់ ឥណ្ឌា ម្នាក់ និងអ្នកបើករថយន្តជនជាតិខ្មែរម្នាក់។
អ្នកកាសែតទាំង ៩នាក់នោះ ត្រូវបានទាហានខ្មែរក្រហមបានចាប់ខ្លួននៅតាមផ្លូវជាតិលេខ ៣ រួចយកមកសម្លាប់នៅវាលស្រែចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ពីផ្លូវជាតិលេខ ៣នោះ។
ប្រភពពីមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា មានអ្នកកាសែតបរទេសចំនួនសរុប ៣៧នាក់ ត្រូវបានទាហានខ្មែរក្រហមបានចាប់ខ្លួន និងសម្លាប់នៅក្នុងអំឡុងសង្គ្រាមនៅកម្ពុជា រវាងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ កន្លងទៅ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលបានដឹកនាំរៀបចំធ្វើពិធីបង្សុកូលនោះ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅកន្លែងសម្លាប់នោះថា អ្នកកាសែតបរទេសជាច្រើននាក់ត្រូវបានខ្មែរក្រហមសម្លាប់យ៉ាងឃោរឃៅនៅទីនេះ៖ «សង្គ្រាមនៅវៀតណាម ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៥ ចំនួនអ្នកកាសែតស្លាប់ គឺតិចជាងរយៈពេលសង្គ្រាម ៥ឆ្នាំ នៅស្រុកខ្មែរ។ នេះគឺបង្ហាញលក្ខណៈមួយដ៏សាហាវឃោរឃៅណាស់នៃសង្គ្រាមនៅកម្ពុជានេះ»។
សាក្សីម្នាក់ឈ្មោះ អ៊ំ ស្រន់ អាយុ ៧១ឆ្នាំ នៅភូមិពោធិ៍ធំ ឃុំពោធិ៍ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកអ៊ំបានឃើញសាកសពអ្នកកាសែតបរទេសទាំងនោះ ក្រោយពីបានសម្លាប់ហើយ៖ «ខ្ញុំឃើញ ៤នាក់ (ស្រីម្នាក់ ប្រុស ៣នាក់) ចងដៃមកក្រោយ។ ចងដៃធម្មតា អត់មានខ្នោះអី។ តែកាលនោះ ចងដៃខ្សែអង្រឹង ហើយយប់ឡើងយកមកពេលណាអត់ដឹងផង ពួកហ្នឹងយកមកសម្លាប់ចោលនៅកន្លែងហ្នឹង»។
ជាមួយគ្នានេះ អ្នកកាសែតជនជាតិអូស្ត្រាលីម្នាក់ គឺអ្នកស្រី ម៉ារៀននី ហារីស (Marriane Harris) បានមានប្រសាសន៍ថា អ្នកស្រីមានអារម្មណ៍ក្ដុកក្ដួល ដោយស្រមៃថា អ្នកកាសែតទាំង ៩នាក់នោះត្រូវសម្លាប់នៅកណ្ដាលវាលស្រែយ៉ាងអាណោចអាធ័ម។
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ឆាំង សុង មិនបានមានប្រសាសន៍អ្វីទេនៅក្នុងពិធីនោះ ដោយលោកអង្គុយនៅលើរទេះកង់មិនអាចដើរបាន។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា នៅក្នុងចំណោមអ្នកកាសែតបរទេសដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនៅកម្ពុជានោះ មានអ្នកកាសែតជប៉ុន ចំនួន ១០នាក់ អ្នកកាសែតបារាំង ចំនួន ៨នាក់ អ្នកកាសែតអាមេរិកាំងចំនួន ៧នាក់ និងអ្នកកាសែតបរទេសមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
