ដំណើរការ​សង់​អគារ​សម្រាប់​កង​ទ័ព​តាម​ព្រំដែន​មិន​ទាន់​ចប់​សព្វ​គ្រប់

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ថា ដំណើរការ​កសាង​អគារ​សម្រាប់​កង​ទ័ព​ស្នាក់នៅ និង​ទី​បញ្ជា​ការដ្ឋាន​ជា​ច្រើន​កន្លែង​ទៀត នៅ​តាម​បណ្ដោយ​ព្រំដែន​ជាប់​​ប្រទេស​ថៃ កំពុង​​រីក​ចម្រើន​ទៅ​មុខ ប៉ុន្តែ​មិន​ទាន់​រួច​រាល់​ជា​ស្ថាពរ​ទេ ដោយសារ​រដូវ​នេះ​មាន​មេឃ​ភ្លៀង​ធ្លាក់​ច្រើន។
ដោយ សួន សុផលមុន្នី
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កង​ទាហាន​ខ្មែរ​ទទួល​ស្វាគមន៍​វត្តមាន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ឱកាស​ដែល​លោក​ចុះ​សួរ​សុខ​ទុក្ខ​កងទាហាន​នៅ​ក្នុង​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១០។
កង​ទាហាន​ខ្មែរ​ទទួល​ស្វាគមន៍​វត្តមាន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ឱកាស​ដែល​លោក​ចុះ​សួរ​សុខ​ទុក្ខ​កងទាហាន​នៅ​ក្នុង​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១០។
RFA/Soun Sophalmony

លោក​ឧត្ដម​សេនីយ៍​ត្រី ឈុំ សុជាត មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ព្រហស្បតិ៍ ទី​២៩ ខែ​កក្កដា​នេះ ថា ដំណើរ​ការ​កសាង​អគារ​សម្រាប់​កង​ទ័ព​ស្នាក់​នៅ​ និង​ទី​បញ្ជា​ការដ្ឋាន​តាម​ក្រវាត់​ព្រំដែន​ខ្មែរ​ក្នុង​ខេត្ត​នានា ជាប់​ព្រំដែន​ប្រទេស​ថៃ រហូត​មក​ដល់​ខែ​កក្កដា​នេះ មាន​លទ្ធផល​ជិត​រួច​រាល់ ហើយ​បន្ទាប់​ពី​ចាប់ផ្ដើម​សាងសង់​តាំង​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០១០​មក។

លោក​ឧត្ដម​សេនីយ៍​ត្រី ឈុំ សុ ជាត បាន​បញ្ជាក់​ថា ៖ «ជា​មូលដ្ឋាន យើង​ប្រហែល​ជា​បាន​ដល់​ថ្នាក់​វរ​សេនា​តូច អគារ​ត្រឹមត្រូវ​អស់។ នៅ​តាម​អនុ​សេនា​ធំ យើង​អត់ទាន់​មាន​ទេ។ ជា​មូលដ្ឋាន យើង​បាន​ចង់​គ្រប់​អស់​ហើយ ប្រក់​ស៊ីប្រូ​ស៊ីម៉ង់ត៍​ក្បឿង យើង​បាន​ប្រក់​រួច​ហើយ ទាំង​ស័ង្កសី​ហ្នឹង និង​ទី​បញ្ជាការ​ប៉ុស្តិ៍​មុខ​យើង​អាច​មាន​ខ្លះ​ដែរ»

កាល​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០១០ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ខ្មែរ បាន​ផ្តល់​អគារ​ស្នាក់​នៅ​ចំនួន ១៥៥​ខ្នង ដែល​ចំណាយ​ទឹក​ប្រាក់​អស់​ចំនួន ៣.៨៧៥.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត ទៅ​ឲ្យ​កង​ទ័ព​នៅ​ក្រវាត់​ព្រំដែន​ក្នុង​ខេត្ត​ចំនួន ៥ ក្នុង​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ប្រទេស​ថៃ។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ខ្មែរ ដែល​បាន​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ឃុំ​ផ្លូវមាស ស្រុក​រតនៈ​មណ្ឌល ខេត្ត​បាត់ដំបង កាល​ពី​ខែ​កុម្ភៈ បាន​មាន​ប្រសាសន៍​ថា អគារ​ទាំង ១៥៥​ខ្នង នឹង​ផ្តល់​ទៅ​កង​ទ័ព​ក្នុង​ខេត្ត​ចំនួន ៥ គឺ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និង​កោះកុង ដែល​ចំណាយ​ទឹក​ប្រាក់​អស់​ជាង ៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក​ឧត្តម​សេនីយ៍ សូរ ចាន់ ហេង មេ​បញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​កង​ពល​ថ្មើរ​ជើង​លេខ​៥១ ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ទាក់ទិន​នឹង​ដំណើរការ​កសាង​បន្ទាយ​កង​ទ័ព​ខាង​លើ​នេះ​ថា ការ​សាងសង់​អគារ​សម្រាប់​កង​ទ័ព​ស្នាក់នៅ និង​ទី​បញ្ជាការ​ដ្ឋាន​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​កំពុង​ដំណើរ​ទៅ​មុខ ប៉ុន្តែ​មិន​ទាន់​រួចរាល់​ហើយ​ជា​ស្ថាពរ​ទេ។

លោក​ឧត្ដម​សេនីយ៍ សូរ ចាន់ ហេង បាន​អះអាង​ថា ៖ «ខាង​ខ្ញុំ​មាន​បី​ចំណុច ចំណុច​ទី​មួយ នៅ​ខាង​ទីតាំង​តា​គាំ អា​ហ្នឹង​ទី​បញ្ជាការ​ទេ យើង​កំពុង​តែ​ឡើង​ឥដ្ឋ​ជញ្ជាំង។ ចំណុច​ទី​ពីរ នៅ​ខាង​ស្រុក​ថ្មពួក អា​ហ្នឹង ១២​ខ្នង ដែល​ជា​អំណោយ​របស់​សម្ដេច យើង​បាន​ឡើង​ឥដ្ឋ​បាន​ចំនួន ៨​ខ្នង ចាក់​ធ្នឹម​បាន ១១​ខ្នង ១​ខ្នង​កំពុង​ដំណើរការ ប៉ុន្តែ​សសរ​អី​រួច​អស់​ហើយ រីឯ ១​ចំណុច​ទៀត​នៅ​សង្កាត់​និម្មិត ១២​ខ្នង គឺ​បាន​ទាំង​ឡើង​ឥដ្ឋ ទាំង​ចាក់​ធ្នឹម ទាំង​បូក​អី​រួច​អស់ តែ​យើង​អត់​បាន​ដាក់​ដំបូល»

លោក​ឧត្តម​សេនីយ៍ សូរ ចាន់ ហេង បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា តាម​លទ្ធផល​ជាក់ស្ដែង​នៃ​ដំណើរ​ការ​កសាង​អគារ​សម្រាប់​កង​ទ័ព​ស្នាក់នៅ និង​ទី​បញ្ជា​ការដ្ឋាន​មួយ​ចំនួន​បាន​រួចរាល់ ៧០%​ហើយ ប៉ុន្តែ​ដោយសារ​រដូវ​នេះ​មាន​មេឃ​ភ្លៀង​ទើប​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ។

លោក​ឧត្ដម​សេនីយ៍ សូរ ចាន់ ហេង បាន​ឲ្យ​ដឹង​ថា ៖ «អា​នេះ​វា​អាស្រ័យ​ទៅ​លើ​រដូវ​នេះ​ជា​រដូវ​វស្សា បើ​សិន​ជា​មិន​ភ្លៀង​អា​ហ្នឹង​វា​លឿន​ដែរ បើ​ភ្លៀង​បង​ប្អូន​ជាង​គ្នា​ធ្វើ​មិន​កើត​ដែរ​ណា៎!»

ចំណែក​ឯ​លោក ជឹម ភើយ មេ​បញ្ជាការ​កង​ពល​តូច​លេខ​៥២ ប្រចាំ​ទិស​សំឡូត ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​យើង​កំពុង​តែ​សាងសង់​បាន​ប្រហែល ៥០%​ហើយ វា​ស្ទះ​ភ្លៀង​ផង​អី​ផង!»

ការ​សម្រេច​ផ្ដល់​អគារ​ស្នាក់នៅ​របស់​កង​ទ័ព​បន្ថែម​របស់​រដ្ឋាភិបាល​ខ្មែរ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០១០ គឺ​បន្ទាប់​ពី​អគារ​កង​ទ័ព​ជា​ច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ ប្រកាស​ផ្ដល់​ទៅ​ឲ្យ​កង​ទ័ព​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ប្រយោជន៍​ដើម្បី​ការ​ពង្រឹង​ការ​ការពារ​ខ្សែ​ក្រវាត់​ព្រំដែន​របស់​ខ្លួន ខណៈ​ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ កើត​មាន​ជម្លោះ​តានតឹង​ដាក់​គ្នា​ខាង​ផ្នែក​យោធា រហូត​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក។

វត្តមាន​ចុះ​សួរ​សុខទុក្ខ​កងទ័ព​ជួរ​មុខ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ការ​ប្រកាស​ផ្តល់​​អគារ​កង​ទ័ព​ស្នាក់​នៅ រួម​ជាមួយ​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត ទៅ​ដល់​កង​ទ័ព​ជួរ​មុខ​ក្នុង​ខេត្ត​ចំនួន ៥ គឺ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និង​កោះកុង គឺ​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ជួរ​មុខ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ពេល​កន្លង​ទៅ ដែល​ពោរពេញ​ទៅ​ដោយ​ការ​រិះគន់​ពី​សំណាក់​មេ​ដឹកនាំ​ប្រទេស​ថៃ។

ចាប់​តាំង​ពី​មាន​ជម្លោះ​រឿង​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ដែល​អង្គការ​យូណេស្កូ​បាន​សម្រេច​ដាក់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨​មក ប្រទេស​កម្ពុជា និង​ថៃ​បាន​កើត​មាន​សភាពការណ៍​តានតឹង​ជា​បន្ត​បន្ទាប់ រហូត​ដល់​ការ​ផ្ទុះ​អាវុធ​ជា​ច្រើន​លើក និង​ការ​ដាក់​ពង្រាយ​កង​ទ័ព​នៅ​តាម​ព្រំដែន និង​គ្រឿង​សព្វាវុធ​ទំនើប​បង្ហាញ​សាច់​ដុំ​ដាក់​គ្នា​រៀង​ៗ​ខ្លួន។ បន្ទាប់​មក​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ក្រោយ​ពី​ជម្លោះ​រឿង​ប្រាសាទ​ព្រះវិហារ ក៏​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ជា​ច្រើន​លើក​ច្រើន​សា បណ្តាល​ឲ្យកង​ទ័ព​ប្រទេស​ទាំង​ពីរ​ស្លាប់ និង​របួស​រៀង​ៗ​ខ្លួន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល