លោកបន្តថា បទបញ្ជានេះក៏ដើម្បីកាត់បន្ថយគ្រោះថ្នាក់ប្រជាពលរដ្ឋកើតចេញពីជំនាញមិនច្បាស់លាស់របស់គ្លីនិកទាំងនោះ ពោលគឺបើទទួលព្យាបាលគឺគិតតែពីការព្យាបាល ចំណែកគ្លីនិកលក់ឱសថ គឺបម្រើតែការលក់ឱសថតែមួយមុខ។ ការធ្វើយ៉ាងនេះ វានឹងងាយស្រួលក្នុងការគ្រប់គ្រងបញ្ហាផ្នែកសុខាភិបាលដែលកើតមានមិនចេះចប់កាលពីរយៈពេលកន្លងមក។
លោក ម៉ម ប៊ុនហេង មានប្រសាសន៍ដូច្នេះ ៖ «ឲ្យតែអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលហ្នឹង យើងចែកគ្នា។ បើថាយើងមើលជំងឺយើងមើល យើងកុំលក់ឱសថ ហើយអ្នកលក់ឱសថក៏មិនត្រូវមើលជំងឺដែរ»។
លោក ម៉ម ប៊ុនហេង អំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធសហការផ្តល់ព័ត៌មានដែលពាក់ព័ន្ធទៅលើគ្លីនិកទាំងឡាយណាដែលល្មើសនឹងបម្រាមរបស់ក្រសួងសុខាភិបាល នៅបន្តបើកគ្លីនិកនិងលក់ឱសថមានទីតាំងនៅជាមួយគ្នាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មានពិនិត្យទៅលើក្រុមហ៊ុនឯកជនមួយចំនួនដែលបានផ្សព្វផ្សាយពាណិជ្ជកម្មបោកប្រាស់តាមវិទ្យុ ទូរទស្សន៍ កាសែត ឬទស្សនាវដ្តី គ្រប់ដណ្តប់ទូទាំងប្រទេសប្រាសចាកពីការពិត ចាត់វិធានការលុបបំបាត់និងកាត់បន្ថយគ្រោះថ្នាក់កើតចេញពីការផ្សព្វផ្សាយបោកប្រាស់ទាំងនេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាមន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា កន្លងមកក្រសួងបានសហការជាប់ជានិច្ចជាមួយក្រសួងសុខាភិបាលទៅលើការផ្សព្វផ្សាយរបស់ក្រុមហ៊ុនឱសថរបៀបបោកប្រាស់និងឈានដល់ការលុបបំបាត់បានមួយចំនួនធំនៅកម្ពុជា។
លោកបន្តថា ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយឱសថរបៀបបោកប្រាស់ឲ្យមានប្រសិទ្ធភាព ក្រសួងសុខាភិបាលគួរផ្តល់ព័ត៌មានពីចំនួនក្រុមហ៊ុន ឬគ្លីនិកទាំងឡាយដែលក្រសួងសុខាភិបាលអនុញ្ញាតច្បាប់ថាមានចំនួនប៉ុន្មានឲ្យពិតប្រាដក ដើម្បីងាយស្រួលក្នុងការលុបបំបាត់។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះ ៖ «ក្រសួងសុខាភិបាលកាលណាមើលឃើញកន្លែងណាគេនៅតែធ្វើទៀត គាត់ត្រូវជូនដំណឹងមកយើង។ សុខាភិបាលខ្លួនឯងហ្នឹងគាត់ត្រូវមើលនរណាដែលផ្សាយខុសហ្នឹង ព្រោះយើងមិនអាចទទួលបានថា អ្នកណាមានអាជ្ញាប័ណ្ណ ឬបានទិដ្ឋាការពីសុខាភិបាលទេ សុខាភិបាលត្រួតមើលទៅ បើមិននេះទេ គាត់ផ្ទាល់ទៅស្ថាប័នណាដែលផ្សាយខុសទៅ គាត់គ្រាន់តែចម្លងមកក្រសួងព័ត៌មានមក ក្រសួងព័ត៌មានចាំជួយអន្តរាគមន៍គាត់ទៀត»។
មន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវទៅដល់មន្ត្រីនគរបាលយុត្តិធម៌ ប្រសិនបើស្រាវជ្រាវរកឃើញនៅតាមឱសថស្ថានមិនមានបិទមីញ៉ែតរបស់ក្រសួងសុខាភិបាល សូមចាត់វិធានការតាមផ្លូវច្បាប់ ពិសេសម្ចាស់ឱសថស្ថានផ្សំថ្នាំត្រូវបញ្ឈប់ជាបន្ទាន់និងត្រូវដកអាជ្ញាប័ណ្ណភ្លាមៗ៕
