ក្រុមប្រជាពលរដ្ឋអ្នកតវ៉ាបានឲ្យដឹងថា ពួកគាត់បានរស់នៅទីនោះរយៈពេលជាង២០ឆ្នាំមកហើយតាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ។
ក្រុមអាជ្ញាធរមានផែនការវាយកម្ទេចផ្ទះសម្បែងនោះ កំពុងតែចាប់ផ្តើមពីផ្ទះលោកឧកញ៉ា ស្រី ងួន មុនគេនិងបន្តទៅផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀត។
ប្រភពបានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានមានផែនការពង្រីកផ្លូវទទឹង៤ម៉ែត្រនិងបណ្តោយជាច្រើនរយម៉ែត្រ ប៉ះពាល់ដល់ផ្ទះសម្បែងជាង៥០គ្រួសារ។
គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយការវាយកម្ទេចផ្នែកខ្លះនៃផ្ទះសម្បែងបានថែ្លងប្រាប់វិទ្យុអាស៊ីសេរីនៅកន្លែងនោះថា លោកសុំឲ្យមានការផ្អាកផែនការវាយកម្ទេចនោះ ដើម្បីដោះស្រាយតាមសន្តិវិធី ៖ «ព្រោះយើងឃើញថា បើធ្វើអ៊ីចឹងវាប៉ះពាល់ដល់ប្រជាជនរស់នៅម្ដុំហ្នឹងហើយ បើចង់ធ្វើផ្លូវទាល់តែធ្វើទាំងអស់តែម្ដង អត់មានធ្វើកណ្ដាលអ៊ីចឹងទេ...។ គេអត់មាននិយាយពីសំណងផង គេនិយាយតែថា ឲ្យយើងរៀបចំអីវ៉ាន់ គេមកវ៉ៃ»។
ប្រជាពលរដ្ឋមួយគ្រួសារទៀតនៅក្នុងគ្រួសាររងគ្រោះចំនួនជាង៥០គ្រួសារនោះដែរ បានថែ្លងថា អាជ្ញាធរមូលដ្ឋាននៃខណ្ឌទួលគោក មិនបានពិគ្រោះជាមួយនឹងគ្រួសាររងគ្រោះទេនៅមុនការចាប់ផ្តើមការវាយកម្ទេចផ្ទះសម្បែងនោះ ៖ «ខាងអាជ្ញាធរដែនដីអត់មានចរចាជាមួយយើងសោះ គាត់បានប្រើកម្លាំងរបៀបហ្នឹងមួយសាហើយ ដែលមើលទៅហាក់បីដូចជាមិនស្របតាមផ្លូវច្បាប់ទាល់តែសោះ»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងបាននៅទ្បើយទេ ដើម្បីសុំការបំភ្លឺពីលោក សេង រតនៈ ជាអភិបាលខណ្ឌទួលគោក អំពីការតវ៉ាជំទាស់របស់គ្រួសារប្រជាពលរដ្ឋខាងលើនេះ។
ចៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោក ណុប គា ដែលកំពុងតែចូលរួមនៅក្នុងសកម្មភាពកម្ទេចផ្ទះសម្បែងនោះ បានមានប្រសាសន៍ពន្យល់ថា ៖ «នេះវាយដើម្បីបើកផ្លូវទេតើ! ផ្លូវ១២២»។
សុខ សេរី ៖ តើអាចស៊ីពេលប៉ុន្មានដើម្បីបញ្ចប់? ណុប គា ៖ បញ្ចប់មិនដឹងពេលណាទេ។ សុខ សេរី ៖ តើពង្រីកប្រវែងប៉ុន្មាន? ណុប គា ៖ ហ្នឹងពីផ្លូវ២៥៧ ទៅដល់ផ្លូវ២៦១ ប្រវែងប្រហែលជា២០០ម៉ែត្រ។ សុខ សេរី ៖ តើអាចមានសំណងជំងឺចិត្តទេ? ណុប គា ៖ ខ្ញុំអត់ដឹងដែរ ហ្នឹងខ្ញុំធ្វើតាមបញ្ជាលោកអភិបាលខណ្ឌ។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលលីកាដូ បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «បើសិនជាការអនុវត្តហ្នឹងគ្មានការជូនដំណឹង ឬក៏គ្មានលក្ខខណ្ឌអី ហើយយើងទៅវ៉ៃតែម្ដង វាជារឿងមួយដែលប្រាសចាកពីច្បាប់»។
លោកបានបន្ថែមថា បើសិនណាអាជ្ញាធរមូលដ្ឋាននៅតែបន្តការវាយកម្ទេចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយគ្មានសំណងខូចខាត ឬសំណងជំងឺចិត្ត វានឹងប៉ះពាល់យ៉ាងខ្លាំងដល់ការទុកចិត្តនៅក្នុងផែនការអភិវឌ្ឍន៍នានានៅក្នុងតំបន់រស់នៅរបស់ពួកគាត់៕
