សភា​​ជាតិ​ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​មន្រ្តី​អ.ស.ប​ពី​សេរីភាព​​បញ្ចេញ​មតិ​នៅ​កម្ពុជា

អនុ​ប្រធាន​រដ្ឋ​សភា​បាន​ប្រតិកម្ម​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ខាង​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប) ដែល​បាន​លើក​ឡើង​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៣ នីតិ​កាល​ទី​៤។
ដោយ ហ្សាការីយ៉ា
2009-10-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
០១-១០-០៩: សមាជិក​សភា​ជាតិ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣ នីតិ​កាល​ទី​៤ (រូប​ភាព​ថត​ចេញ​ពី​កញ្ចក់​ទូរទស្សន៍​នៅ​រដ្ឋ​សភា)។
០១-១០-០៩: សមាជិក​សភា​ជាតិ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣ នីតិ​កាល​ទី​៤ (រូប​ភាព​ថត​ចេញ​ពី​កញ្ចក់​ទូរទស្សន៍​នៅ​រដ្ឋ​សភា)។
RFA/Uon Chhin

លោក ងួន ញ៉ិល អនុ​ប្រធាន​រដ្ឋ​សភា​បាន​ឲ្យ​ដឹង​ថា សភា​មិន​អាច​ទទួល​យក​ការ​លើក​ឡើង​របស់​បេសកជន​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស នៃ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា គឺ​លោក ស៊ូរិយ៉ា សូប៊េឌី ដែល​បាន​លើក​ឡើង​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ ហើយ​ចំពោះ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត យក​មក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​បាន​ទេ។

ការ​លើក​ឡើង​ដូច្នេះ គឺ​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៣ នីតិ​កាល​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​០២ តុលា ស្តីពី​ការ​ពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ គឺ​លោក យឹម សុវណ្ណ បាន​ស្នើ​ឲ្យ​រដ្ឋ​សភា​ដក​មាត្រា​មួយ​ចំនួន​ចេញ​ពី​ក្រម​ព្រហ្មទណ្ឌ ដូចជា​ការ​បរិហារ​កេរ្តិ៍ ការ​ជេរ​ប្រមាថ ការ​បរិហារ​បង្ខូច​កេរ្តិ៍ ដើម្បី​យក​ទៅ​ធ្វើ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​មួយ​ថ្មី ឬ​ដាក់​ចូល​ក្នុង​ក្រម​រដ្ឋប្បវេណី ដោយ​យោង​លើ​ការ​លើក​ឡើង​របស់​លោក ស៊ូរិយា ស៊ូប៊េឌី ខាង​លើ។

លោក ងួន ញ៉ិល បាន​រិះគន់​អង្គការ​សហ​ប្រជាជាតិ​ដូច្នេះ ៖ «កាល​សម័យ​ប៉ុល​ពត សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ត្រូវ​គេ​បំបាត់ ពេល​នោះ​យើង​អត់​មាន​ឃើញ​អង្គការ​សិទ្ធិ​មនុស្ស អង្គការ​សហ​ប្រជាជាតិ​មក​ឈឺ​ឆ្អាល​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ស្លាប់​២-​៣​លាន​នាក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ ប៉ុល​ពត​នៅ​អង្គុយ​នៅ​កៅអី​អង្គការ​សហ​ប្រជាជាតិ»

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា រដ្ឋ​សភា​ចង់​ឲ្យ​មាន​បច្ចុប្បន្នភាព​នៃ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី ស្រប​តាម​ការវិវត្ត​របស់​មនុស្ស មិន​អាច​យក​ការ​លើក​ឡើង​របស់​ជន​បរទេស​ម្នាក់​យក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​សភា​បាន​ទេ។

តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​លោក​បាន​លើក​យក​ការ​លើក​ឡើង​របស់​បេសកជន​ពិសេស របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​នោះ គឺ​ជា​ការ​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។

លោក យឹម សុវណ្ណ បាន​លើក​ឡើង​ដូច្នេះ ៖ «ក្នុង​គោល​បំណង​កសាង​សង្គម​មួយ ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ចូល​រួម​មតិ ពីព្រោះ​បើ​សិន​ជា​យើង​រិត​ត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ មាន​ន័យ​ថា យើង​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម»

សូម​ជម្រាប​ថា បេសកជន​ពិសេស​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា លោក ស៊ូរិយ៉ា ស៊ូប៊េឌី បាន​ឲ្យ​ដឹង​កាល​ពី​ថ្មីៗ​នេះ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា ដែល​កំពុង​តែ​ធ្លាក់​ចុះ ព្រោះ​ក្រុម​មនុស្ស​ដែល​និយាយ​រិះគន់​រដ្ឋាភិបាល ឬ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ត្រូវ​បាន​ចោទ​ប្រកាន់​និង​សម្រេច​ដាក់​គុក​ដោយ​តុលាការ ក្រោម​បទ​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​បទ​បរិហារ​កេរ្តិ៍ ជា​ពិសេស​ការ​សម្រេច​ដាក់​ទោស​អ្នក​កាសែត​ពីរ​រួប និង​អ្នក​តំណាង​រាស្ត្រ​ពី​គណបក្ស​ជំទាស់​មួយ​រួប។

កាល​ពី​ថ្ងៃ​ទី​៣០ កញ្ញា កន្លង​ទៅ ប្រធាន​សហគមន៍​ចាម​នៅ​ក្នុង​ភូមិ​កំពង់យោល ស្រុក​បូរី​ជលសារ ខែត្រ​តាកែវ គឺ​លោក នី សាន់ ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ទាក់​ទង​នឹង​ជម្លោះ​មេ​ដឹក​នាំ​សាសនា​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​ផង​ដែរ៕

ព័ត៌មាន (0)
Share

អត្ថបទ​ដែល​ទាក់ទង

គេហទំព័រ​ទាំងមូល