សម្ដេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ​បដិសេធ​យាង​ចូល​ឆាក​នយោបាយ

ការិយាល័យ​នាំ​ពាក្យ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ ច្រាន​ចោល​ព័ត៌មាន​លើក​ឡើង​ថា សម្ដេច​ក្រុម​ព្រះ​យាង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ឬ​ក៏​មក​ដឹក​នាំ​គណ​បក្ស​ជាតិ​និយម។
ដោយ ដែន អយុធ្យា
2010-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​បន្ទូល​ទៅ​កាន់​អ្នក​កាសែត​នៅ​ឯ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២ តុលា ២០០៨។
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​បន្ទូល​ទៅ​កាន់​អ្នក​កាសែត​នៅ​ឯ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២ តុលា ២០០៨។
RFA Photo/Chea Makara

លោក ជា ច័ន្ទ​បរិបូរណ៍ មន្ត្រី​នាំ​ពាក្យ​ផ្ទាល់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ​មាន​ប្រសាសន៍​ថា សម្ដេច​ក្រុមព្រះ មិន​មាន​ព្រះ​ទ័យ​យាង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោ​បាយ ឬ​មក​ដឹក​នាំ​គណ​បក្ស​ជាតិ​និយម​ជា​ថ្មី​ទេ បន្ទាប់​ពី​លា​ឈប់​ពី​ឆាក​នយោ​បាយ​នៅ​ចុង​ឆ្នាំ​២០០៨​មក។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​លិខិត​ចំហ​របស់​សកម្មជន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច នៅ​ប្រទេស​បារាំង ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១០ បាន​សរសេរ​ថា សម្ដេច​ក្រុមព្រះ​មាន​បំណង​ទៅ​ដឹក​នាំ​គណ​បក្ស​ជាតិ​និយម (អតីត​គណ​បក្ស នរោត្តម រណឫទ្ធិ) ឡើង​វិញ។

លោក ជា ច័ន្ទ​បរិបូរណ៍ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា​ដូច្នេះ ៖ «សម្ដេច​ក្រុម​ព្រះ​ជំហរ​របស់​លោក គឺ​នៅ​តែ​ដដែល​មក​ដល់​ពេល​នេះ។ ពី​ព្រោះ​ថា សព្វ​ថ្ងៃ​នេះ​លោក​គង់​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ព្រះ​មហា​ក្សត្រ នៅ​ក្នុង​ស្ថាប័ន​មួយ តម្រូវ​ឲ្យ​លោក​គង់​នៅ​ជា​អព្យាក្រឹត។ ដូច្នេះ​ខ្ញុំ​ចង់​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា ជំហរ​របស់​សម្ដេច​ក្រុម​ព្រះ លោក​មិន​មាន​បំណង​វិល​ទៅ​រក​ឆាក​នយោបាយ ក៏​ដូច​ជា​ដឹក​នាំ​គណ​បក្ស​នយោបាយ​ណា​មួយ​ទៀត គឺ​លោក​មិន​មាន​បំណង​ទេ»

ទោះ​ជា​មាន​ការ​បដិសេធន៍​យ៉ាង​នេះ​ក្តី ក៏​អ្នក​សង្កេត​ការណ៍​នយោបាយ​បាន​យល់​ឃើញ​ថា សម្ដេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ នៅ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​ឆាក​នយោបាយ​ដដែល ដោយ​សង្កេត​ឃើញ​សកម្មភាព​របស់​ព្រះ​អង្គ​ដូច​ជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា​កន្លង​ទៅ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក ឈឹម សៀក​ឡេង លោក យូ ហុកគ្រី និង​លោក ​សៅ រ៉ានី ជា​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ជាតិ​និយម ដោយ​បាន​សម្ដែង​ព្រះ​ទ័យ​ខ្លាច​គណ​បក្ស​នេះ​បាត់​បង់​ការ​គាំទ្រ​ពី​សមាជិក​តាម​មូលដ្ឋាន កើត​ពី​ការ​ច្របាច់​ចូល​គ្នា​រវាង​គណ​បក្ស​ជាតិ​និយម និង​ហ៊្វុន​ស៊ិន​ប៉ិច។

មន្ត្រី​នាំ​ពាក្យ​គណ​បក្ស​ជាតិ​និយម លោក ប៉ែន សង្ហា បាន​បដិសេធន៍​ថា សម្ដេច​ក្រុម​ព្រះ​មិន​បាន​យាង​មក​ដឹក​នាំ​គណ​បក្ស​ជាតិ​និយម​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ធ្លាប់​បាន​ផ្ញើ​លិខិត​មក​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ជាតិ​និយម បារម្ភ​ខ្លាច​គណ​បក្ស​មួយ​នេះ​បាត់​បង់​ការ​គាំទ្រ​ពី​សកម្មជន។

សេចក្ដី​ថ្លែង​ការណ៍​ប្រើ​ស្លាក​សញ្ញា​ព្រះ​បរមរាជវាំង ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​រួប​រួម​រវាង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង​គណ​បក្ស​ជាតិ​និយម ដែល​គណ​បក្ស​ទាំង​ពីរ​កំពុង​បង្កើត​សម្ពន្ធភាព​ជា​មួយ​គ្នា។

ទោះ​យ៉ាង​នេះ​ក្ដី សម្ដេច​ក្រុម​ព្រះ​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ព្រះអង្គ​មិន​ដែល​មាន​ទស្សនៈ​ប្រឆាំង​ការ​រួប​រួម​រវាង​គណ​បក្ស​ជាតិ​និយម (អតីត​គណ​បក្ស នរោត្តម រណឫទ្ធិ) ជា​មួយ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​នោះ​ទេ។ ប៉ុន្តែ​បើ​ការ​រួប​រួម​ធ្វើ​ឲ្យ​បាត់បង់​តំណែង​តួនាទី នៃ​សមាជិក​រដ្ឋសភា សមាជិក-សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ស្រុក-ខណ្ឌ ខេត្ត-ក្រុង រាជធានី នៃ​អតីត​គណបក្ស​នរោត្តម​រណឫទ្ធិ គួរ​មាន​ការ​គិត​គូរ​ឡើង​វិញ។ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​អតីត​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​មួយ ប្រទេស​កម្ពុជា ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨។ ព្រះ​អង្គ​បាន​ប្រកាស​លា​ឈប់​ធ្វើ​នយោបាយ កាល​ពី​ចុង​ឆ្នាំ​២០០៨៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល