លោក ជា ច័ន្ទបរិបូរណ៍ មន្ត្រីនាំពាក្យផ្ទាល់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្នជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានប្រសាសន៍ថា សម្ដេចក្រុមព្រះ មិនមានព្រះទ័យយាងចូលប្រឡូកក្នុងឆាកនយោបាយ ឬមកដឹកនាំគណបក្សជាតិនិយមជាថ្មីទេ បន្ទាប់ពីលាឈប់ពីឆាកនយោបាយនៅចុងឆ្នាំ២០០៨មក។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីមានលិខិតចំហរបស់សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច នៅប្រទេសបារាំង ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១០ បានសរសេរថា សម្ដេចក្រុមព្រះមានបំណងទៅដឹកនាំគណបក្សជាតិនិយម (អតីតគណបក្ស នរោត្តម រណឫទ្ធិ) ឡើងវិញ។
លោក ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២៧ ខែសីហាដូច្នេះ ៖ «សម្ដេចក្រុមព្រះជំហររបស់លោក គឺនៅតែដដែលមកដល់ពេលនេះ។ ពីព្រោះថា សព្វថ្ងៃនេះលោកគង់ជាប្រធានក្រុមឧត្ដមប្រឹក្សាព្រះមហាក្សត្រ នៅក្នុងស្ថាប័នមួយ តម្រូវឲ្យលោកគង់នៅជាអព្យាក្រឹត។ ដូច្នេះខ្ញុំចង់បញ្ជាក់ជាថ្មីម្ដងទៀតថា ជំហររបស់សម្ដេចក្រុមព្រះ លោកមិនមានបំណងវិលទៅរកឆាកនយោបាយ ក៏ដូចជាដឹកនាំគណបក្សនយោបាយណាមួយទៀត គឺលោកមិនមានបំណងទេ»។
ទោះជាមានការបដិសេធន៍យ៉ាងនេះក្តី ក៏អ្នកសង្កេតការណ៍នយោបាយបានយល់ឃើញថា សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ នៅតែជាប់ពាក់ព័ន្ធនឹងឆាកនយោបាយដដែល ដោយសង្កេតឃើញសកម្មភាពរបស់ព្រះអង្គដូចជា កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានផ្ញើលិខិតមួយច្បាប់ជូនលោក ឈឹម សៀកឡេង លោក យូ ហុកគ្រី និងលោក សៅ រ៉ានី ជាថ្នាក់ដឹកនាំគណបក្សជាតិនិយម ដោយបានសម្ដែងព្រះទ័យខ្លាចគណបក្សនេះបាត់បង់ការគាំទ្រពីសមាជិកតាមមូលដ្ឋាន កើតពីការច្របាច់ចូលគ្នារវាងគណបក្សជាតិនិយម និងហ៊្វុនស៊ិនប៉ិច។
មន្ត្រីនាំពាក្យគណបក្សជាតិនិយម លោក ប៉ែន សង្ហា បានបដិសេធន៍ថា សម្ដេចក្រុមព្រះមិនបានយាងមកដឹកនាំគណបក្សជាតិនិយមនោះទេ ប៉ុន្តែព្រះអង្គធ្លាប់បានផ្ញើលិខិតមកថ្នាក់ដឹកនាំគណបក្សជាតិនិយម បារម្ភខ្លាចគណបក្សមួយនេះបាត់បង់ការគាំទ្រពីសកម្មជន។
សេចក្ដីថ្លែងការណ៍ប្រើស្លាកសញ្ញាព្រះបរមរាជវាំង ចុះថ្ងៃទី២៣ ខែសីហា របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានសម្ដែងក្ដីព្រួយបារម្ភចំពោះការរួបរួមរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយម ដែលគណបក្សទាំងពីរកំពុងបង្កើតសម្ពន្ធភាពជាមួយគ្នា។
ទោះយ៉ាងនេះក្ដី សម្ដេចក្រុមព្រះបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា ព្រះអង្គមិនដែលមានទស្សនៈប្រឆាំងការរួបរួមរវាងគណបក្សជាតិនិយម (អតីតគណបក្ស នរោត្តម រណឫទ្ធិ) ជាមួយគណបក្សហ៊្វុនស៊ិនប៉ិចនោះទេ។ ប៉ុន្តែបើការរួបរួមធ្វើឲ្យបាត់បង់តំណែងតួនាទី នៃសមាជិករដ្ឋសភា សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ខណ្ឌ ខេត្ត-ក្រុង រាជធានី នៃអតីតគណបក្សនរោត្តមរណឫទ្ធិ គួរមានការគិតគូរឡើងវិញ។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាអតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជានាយករដ្ឋមន្ត្រីទីមួយ ប្រទេសកម្ពុជា ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨។ ព្រះអង្គបានប្រកាសលាឈប់ធ្វើនយោបាយ កាលពីចុងឆ្នាំ២០០៨៕