មេធាវី៖ អាការៈ​ជំងឺ​លោក នួន ជា មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​ប្រធាន​សភា​ប្រជាជន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឱ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​កូន​ក្ដី​លោក គឺ​ជន​ជាប់​ចោទ នួន ជា មាន​សភាព​រឹត​តែ​ធ្ងន់ធ្ងរ ទាំង​ផ្លូវកាយ និង​ស្មារតី។
ដោយ ឡេង ម៉ាលី
2013.02.05
នួន ជា ៣០៥ នួន ជា ក្នុង​អំឡុង​ពេល​សវនាការ​បឋម​លើ​សំណុំ​រឿង ០០២ ថ្ងៃ​ទី​៣ នា​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១១។
Photo courtesy of ECCC

មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់​ចោទ នួន ជា គឺ​លោក សុន អរុណ ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ថា កូន​ក្ដី​របស់​លោក​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត មាន​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ​គួរ​បារម្ភ។

លោក​មេធាវី សុន អរុណ បញ្ជាក់​ថា កូន​ក្ដី​របស់​លោក គឺ​ជន​ជាប់​ចោទ នួន ជា ដែល​អតីត​ជា​ប្រធាន​សភា​ប្រជាជន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កំពុង​មាន​អាការ​ចុះ​ខ្សោយ​កម្លាំង និង​មិន​សូវ​មាន​ស្មារតី​ចងចាំ​ទេ។

លោក​មេធាវី សុន អរុណ បន្ត​ថា អាការ​សុខភាព​ចុះ​ខ្សោយ​របស់​កូន​ក្ដី​លោក មាន​តាំង​ពី​ក្នុង​អំឡុង​ពេល​គាត់​សម្រាក​នៅ​មន្ទីរពេទ្យ​លើក​ដំបូង​ម្ល៉េះ។ ក៏​ប៉ុន្តែ​លោក​មិន​យល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​​កាល​ពី​ថ្ងៃ​ទី ៣០ មករា សប្ដាហ៍​មុន គ្រូពេទ្យ​សម្រេច​បញ្ចេញ​កូន​ក្ដី​របស់​លោក​ទៅ​មន្ទីរ​ឃុំឃាំង​សាលាក្ដី​ខ្មែរ​ក្រហម​វិញ។ នៅ​ថ្ងៃ​ដដែល​នោះ លោក​តវ៉ា​ពី​ការ​បញ្ជូន​កូន​ក្ដី​លោក​ទៅ​មន្ទីរ​ឃុំឃាំង​វិញ និង​ទាមទារ​ទៅ​អង្គ​ជំនុំជម្រះ ឱ្យ​កោះហៅ​គ្រូពេទ្យ​ចូល​ទៅ​ពន្យល់​អំពី​បញ្ហា​ស្ថានភាព​ជន​ជាប់​ចោទ​នៅ​ក្នុង​សវនាការ​ជា​សាធារណ។ ក៏​ប៉ុន្តែ​ការ​ទាមទារ​របស់​លោក​មេធាវី ត្រូវ​បាន​អង្គ​ជំនុំជម្រះ​បដិសេធ។

លោក​មេធាវី សុន អរុណ ថ្លែង​ថា ជំហរ​ក្រុម​ការពារ​ក្ដី​របស់​លោក នៅ​តែ​ទាមទារ​ឱ្យ​គ្រូពេទ្យ​ជួយ​ព្យាបាល​កូន​ក្ដី​របស់​លោក​ឱ្យ​មាន​សុខភាព​រឹង​មាំ​សិន មុន​នឹង​បញ្ជូន​ទៅ​ចូលរួម​សវនាការ។

ជន​ជាប់​ចោទ នួន ជា ត្រូវ​បាន​គេ​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ភ្លាមៗ កាល​ពី​ថ្ងៃ​ទី​១៣ មករា ដើម្បី​សង្គ្រោះ​បន្ទាន់ ដោយសារ​តែ​គាត់​មាន​បញ្ហា​ហត់ ខ្សោយ​អស់​កម្លាំង ហើយ​ដួល​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។ គ្រូពេទ្យ​រក​ឃើញ​ថា ស្ថានភាព​ជំងឺ​របស់​លោក នួន ជា មាន​ជំងឺ​រលាក​ទង​សួត​ធ្ងន់ធ្ងរ។

បន្ទាប់​ពី​ការ​ព្យាបាល​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ-​សូវៀត រយៈ​ពេល ១៨​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៣១ មករា គ្រូពេទ្យ​បញ្ជូន​ជន​ជាប់​ចោទ នួន ជា ទៅ​សាលាក្ដី​ខ្មែរ​ក្រហម​វិញ។ ក្រោយ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង​ដើម្បី​ឱ្យ​ចូល​រួម​សវនាការ​វិញ​បាន ២​យប់ ជន​ជាប់​ចោទ នួន ជា ត្រូវ​បាន​គេ​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​១ កុម្ភៈ ដោយសារ​បញ្ហា​ដូច​គ្នា​ដដែល។

លោក​មេធាវី សុន អរុណ ថ្លែង​ថា ស្ថាន​ភាព​ជំងឺ​របស់​ជន​ជាប់​ចោទ នួន ជា មិន​បាន​ធូរ​ស្បើយ​ទេ សម្រាប់​ការ​ចូលរួម​សវនាការ តតាំង​រឿង​ក្ដី​ឧក្រិដ្ឋកម្ម ដែល​សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​ចោទ​ប្រកាន់​លើ​រូប​គាត់។ លោក​មិន​ចង់​ឱ្យ​ការ​ជំនុំជម្រះ​ប្រព្រឹត្ត​ទៅ​ដោយ​កំបាំង​មុខ ឬ​គ្មាន​កូន​ក្ដី​លោក​ទេ។ បើ​មិន​ដូច្នេះ​ទេ ការ​ជំនុំជម្រះ​រឿង​ក្ដី​នេះ នឹង​មិន​មាន​យុត្តិធម៌​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។