មន្រ្តីគណបក្សសិទ្ធិមនុស្សក្នុងខេត្តស្វាយរៀងនោះ បានចោទប្រកាន់ថា វាជាអំពើរើសអើងផ្នែកនយោបាយ របស់អ្នកគាំទ្រគណបក្សកាន់អំណាច ។
ប្រភពបានឲ្យដឹងថា ស្លាកសញ្ញាគណបក្សសិទ្ធិមនុស្សចំនួន៩ នោះ ត្រូវបានគេទម្លាក់ចោលក្នុងអំទ្បុងខែមេសា នេះ និងលើកចុងក្រោយនៅក្នុងសប្តាហ៍កន្លងទៅថ្មីៗនេះ ។
លោក អ៊ុំ វ៉ាន់ផាត អាយុ ៤៤ឆ្នាំ អនុប្រធានគណបក្សសិទ្វិមនុស្សក្នុងខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ស្លាកគណបក្សខ្ញុំហ្នឹងលើកក្នុងខែ ៤នេះ ត្រូវជនមិនស្គាល់មុខកាប់បំផ្លាញ ហើយនិងលួចយកអស់ចំនួន ៩ស្លាក ។ ភាគច្រើនគឺស្លាកយុទ្ធសាស្រ្ត យើងដាក់តាមទីសាធារណៈ តាមដងផ្លូវសាធារណៈ ដែលជាផ្លូវចំណីថ្នល់ ដែលជាដីរបស់រដ្ឋ ។ ជាចេតនានយោបាយសុទ្ធសាធ» ។
លោកបានឲ្យដឹងថា នៅក្នុងស្រុកស្វាយជ្រុំ មានស្លាកសញ្ញាគណបក្សសិទ្ធិមនុស្សរងការបំផ្លាញមានចំនួន៥ ច្រើនជាងគេ ស្រុកកំពង់រោ ចំនួន១ ស្រុកចន្រ្ទា ចំនួន១ និងស្រុកស្វាយទាប ចំនួន២ សរុបចំនួន៩ រងការបំផ្លាញ ។
ទាក់ទងនឹងបញ្ហាខាងលើនេះ លោក អ៊ុយ ថន អភិបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានមានប្រសាសន៍ប្រតិកម្មថា គ្មានការរើសអើងផ្នែកនយោបាយដូចការចោទប្រកាន់នោះទេ គឺការលើកស្លាកសញ្ញាគណបក្សនោះគ្មានការអនុញ្ញាតជាមុនពីអាជ្ញាធរមូលដ្ឋាន ៖ «មុននឹងដាក់មានសុំទៅម្ចាស់ផ្ទះគេទេ ? អត់ ។ ខុសមិនខុសមិនដឹង ប៉ុន្តែមិនដែលមានសុំនរណា យើងមិនទៅទម្លាក់ឯណា អ្នកទម្លាក់យើងមិនដឹងផង» ។
លោក កែវ រ៉េមី អនុប្រធានគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ប្រតិកម្មថា ៖ «រឿងខេត្តស្វាយរៀងនេះ និយាយឲ្យចំទៅគឺមានការលំបាកតាំងពីដំបូងម៉្លេះសម្រាប់គណបក្សសិទ្ធិមនុស្ស គឺពិបាកចូលមែនទែន ។ ហើយយើងបានទទួលដំណឹងទាំងពីរឿងម្ចាស់ផ្ទះហ្នឹងអនុញ្ញាតឲ្យលើក ហើយម្ចាស់ផ្ទះអនុញ្ញាតឲ្យលើក គាត់ទៅគំរាមកំហែង ម្ចាស់ផ្ទះហ្នឹងលែងហ៊ានឲ្យលើកទៅ» ។
លោកបានបន្តថា គណបក្សរបស់លោកបានលើកស្លាកសញ្ញាគណបក្សនោះនៅតាមបណ្ដាឃុំនានានៅទូទាំងប្រទេសកម្ពុជា ហើយមកដល់ពេលនេះ មានស្លាកសញ្ញាគណបក្សសិទ្ធិមនុស្សចំនួនជាង៩០ ហើយ រងការបំផ្លាញចោល ក្រោមរូបភាពផ្សេងៗ ។
សូមរំឭកថា អង្គការ ខុមហ្វ្រែល ឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះ ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាកាន់អំណាច ពុំមានការជួបឧបសគ្គអ្វីទេក្នុងការលើកស្លាកសញ្ញាគណបក្ស និងការតាំងរូបថតនៃមេដឹកនាំទាំងបី នៅស្ទើរគ្រប់ផ្លូវជាតិ និងតាមទីប្រជុំជននានា ប៉ុនែ្តគណបក្សសិទ្ធិមនុស្សវិញ បានជួបឧបសគ្គក្នុងការលើកស្លាកសញ្ញគណបក្សនៅកន្លែងមួយចំនួន ។
គណបក្សសិទ្ធិមនុស្សដឹកនាំដោយ លោក កឹម សុខា ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃកាលពីថៃ្ងទី ១១ ខែមិថុនា ឆ្នាំ២០០៧ កន្លងទៅនេះ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីប្រកាសរបស់ខ្លួនកាលពីថៃ្ងទី១៨ ខែកុម្ភៈ កន្លងទៅនេះ បើកផ្លូវឲ្យគណបក្សនយោបាយនានា ដែលបានទទួលស្គាល់ដោយក្រសួងមហាផៃ្ទហើយនោះ ត្រូវចុះឈ្មោះក្នុងបញ្ជីរបស់ គ.ជ.ប ទៀត ចាប់ពីថៃ្ងទី ២៨ មេសា រហូតដល់ថៃ្ងទី១២ ឧសភា ខាងមុខ ដើម្បីត្រៀមប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិថៃ្ងទី២៧ ខែកក្កដាខាងមុខនេះ ៕
