ស្នាព្រះហស្តរបស់ព្រះអង្គទាំងនោះមានដូចជាការដណ្ដើមឯករាជ្យពីប្រទេសបារាំង និងការទាមទារយកប្រាសាទព្រះវិហារ និងខេត្តមួយចំនួនទៀតពីប្រទេសថៃ ប្រគល់ឲ្យប្រជាជាតិខ្មែររបស់ព្រះអង្គវិញ។ ក្រៅពីស្នាព្រះហស្តសំខាន់ៗនេះ ព្រះអង្គបានបំពេញតួនាទីដ៏សំខាន់មួយទៀតក្នុងផ្សះផ្សាជាតិខ្មែរដែលបានបែកបាក់នោះឡើងវិញ។
ជាក់ស្ដែងនៅឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គ និងសម្ដេចម៉ែ បានយាងដោយផ្ទាល់ទៅកាន់ទីតាំងភូមិសាស្ត្រដ៏រឹងមាំរបស់កងទ័ពខ្មែរក្រហម ដែលគ្រប់គ្រង និងកាន់កាប់ដោយមេទ័ពខ្មែរឈ្មោះ អ៊ី ឈាន។ ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនៅគ្រានោះ បានធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីការផ្សះផ្សាប្រជាជាតិខ្មែរឲ្យចេះរួបរួមសាមគ្គីគ្នាឡើងដើម្បីកសាងប្រទេសជាតិ។
ព្រះអង្គ និងសម្ដេចព្រះរាជអគ្គមហេសីសម្ដេចម៉ែ បានស្ម័គ្រព្រះកាយចំណាយពេលមួយថ្ងៃមួយយប់គង់នៅក្នុងតំបន់ដែលពោរពេញទៅអសន្តិសុខ ដើម្បីបញ្ចុះបញ្ចូលកងទ័ពខ្មែរក្រហមឲ្យរួបរួមគ្នាជាមួយកងទ័ពរដ្ឋាភិបាលកម្ពុជា ដែលនៅគ្រានោះគ្រប់គ្រងដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ (UNTAC)។
ព្រះរាជទស្សនកិច្ចបញ្ចុះបញ្ចូលរបស់ព្រះអង្គនៅឆ្នាំ១៩៩៣ នោះ មិនទាន់ទទួលបានផ្លែផ្កាភ្លាមៗទេ ហើយត្រូវរង់ចាំរយៈពេលបីឆ្នាំក្រោយមកទៀត។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ អតីតកងទ័ពខ្មែរក្រហមដែលបោះទីតាំងដ៏រឹងមាំនៅតំបន់សំបូរទៅដោយជួរភ្នំជាប់ព្រំដែនថៃ ក៏បានដឹកនាំកម្លាំងចុះចូលធ្វើសមាហរណកម្មច្របាច់បញ្ចូលជាមួយកងទ័ពរដ្ឋាភិបាលកម្ពុជា។
លោក គង់ ដួង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និងជាទីប្រឹក្សាផ្ទាល់របស់លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន បានថ្លែងថា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានដណ្ដើមឯករាជ្យពីប្រទេសបារាំង និងការទាមទារយកប្រាសាទព្រះវិហារ និងខេត្តមួយចំនួនទៀតពីប្រទេសថៃ ប្រគល់ឲ្យប្រជាជាតិខ្មែររបស់ព្រះអង្គវិញ។ ក្រៅពីស្នាព្រះហស្តសំខាន់ៗនេះ ព្រះអង្គបានបំពេញតួនាទីដ៏សំខាន់មួយទៀតក្នុងការផ្សះផ្សាជាតិខ្មែរដែលបានបែកបាក់នោះឡើងវិញ។
លោកបន្តថា នៅខេត្តប៉ៃលិន បានទទួលសុខសន្តិភាពរហូតមកដល់សព្វថ្ងៃ ដោយសារព្រះរាជតម្រិះរបស់អង្គដែរ៖ «បើនៅឆ្នាំ១៩៩៣ នៅពេលដែល អ៊ុនតាក់ ចូលមកដោះស្រាយបញ្ហាកម្ពុជា សម្ដេចតានៃយើង ព្រះអង្គបានយាងមកសម្រាកនៅទីក្រុងប៉ៃលិននេះ ចំនួន ១យប់។ កាលនុះ យើងមិនទាន់បានសន្តិភាពនៅឡើយទេ បានន័យថា នៅប៉ៃលិនស្ថិតនៅក្នុងតំបន់ដែលបងប្អូនអ្នកតស៊ូកាន់កាប់នៅឡើយ គឺឯកឧត្ដម អ៊ី ឈាន កងពល ៤១៥ នៅពេលហ្នឹងស្ថិតនៅក្នុងស្ថានភាព រៀបចំស្រុកទេសឲ្យមានសន្តិភាព ប៉ុន្តែសម្ដេចតា លោកយាងមកគង់នៅខេត្តប៉ៃលិន យើងនេះមួយយប់ ទឹកព្រះទ័យនេះឯង ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះឯង ឃើញថា ព្រះអង្គយាងមកដើម្បីផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិ មានន័យថា មានតែព្រះអង្គតែមួយគត់ដែលគ្រប់ភាគីនយោបាយ»។
លោកបន្តថា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ចង់ឲ្យខ្មែររួបរួមគ្នា។ ព្រះអង្គចង់ឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន មានសុខសន្តិភាព ដោយពុំមានការបែងចែកភាគីនយោបាយ។ ព្រះរាជសកម្មភាពរបស់ព្រះអង្គនៅឆ្នាំ១៩៩៣ បានចង់ចិត្តប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន រហូតមកដល់សព្វថ្ងៃ។
លោកស្រី រស់ បូ វ័យប្រហែល ៦០ឆ្នាំ រស់នៅភូមិអូរតាប្រាំង សង្កាត់អូរតាប្រាំង ក្រុងប៉ៃលិន បានរំលឹកដល់ព្រះវត្តមានរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ដែលយាងដោយផ្ទាល់មកក្រុងប៉ៃលិន កាលពីឆ្នាំ១៩៩៣ នោះថា៖ «គាត់មកលេងកូនចៅ គេគាំទ្រគាត់ ឡើងមកដល់វត្តកោងកាង។ អូ! ច្រើនណាស់ មកពីសំឡូត មកពីភ្លើងឆេះ មកពីណាមកទាំងអស់មូលគ្នាប៉ៃលិនហ្នឹងកូនចៅ។ ទើបបានជួបកូនចៅម្ដងហ្នឹង គាត់ចូលទិវង្គតនាំគ្នាមើលទូរទស្សន៍ មួយយប់នាំគ្នាយំ ទាំងចាស់ទាំងក្មេង យំទាំងអស់ ទាំងក្មេងទាំងចាស់»។
ស្នាព្រះហស្តរបស់អង្គបានបន្សល់ទុកសុខសន្តិភាពឲ្យប្រជាពលរដ្ឋនៅខេត្តប៉ៃលិន។ ក្រុងប៉ៃលិន ប្រែក្លាយទៅជាខេត្តប៉ៃលិន តាមព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៧ ក្រោយពីកងទ័ពខ្មែរក្រហមបានធ្វើសមាហរណកម្មជាមួយកងទ័ពរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ១៩៩៦។
លោក គង់ ដួង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានបញ្ជាក់ថា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហុន បើប្រៀបធៀបទៅនឹងស្ដេចនៅប្រទេសដទៃនៅក្នុងពិភពលោក ព្រះអង្គជាអង្គក្សត្រខ្សត់ទ្រព្យធន់ជាងគេ ដោយសារតែព្រះអង្គបានលះបង់គ្រប់បែបយ៉ាងដើម្បីបម្រើប្រជាជាតិរបស់ព្រះអង្គ។
លោក គង់ ដួង៖ «ហើយអ្វីដែលជាមោទនភាពថ្មីមួយទៀតដែលយើងទើបទទួលបានព័ត៌មាននៅប៉ៃលិន គឺថា រំជើបរំជួល រំភើបនោះ គឺព្រះកិត្តិនាមរបស់ព្រះអង្គរបស់សម្ដេចឪត្រូវបានចុះនៅក្នុងកំណត់ត្រាពិភពលោក ឆ្នាំ២០១៣ ត្រូវបានចុះក្នុងនាមសម្ដេចឪ សម្ដេចតានៃយើង ព្រះអង្គជាព្រះមហាក្សត្រដែលមានបរមងារ និងមានតួនាទីបម្រើប្រជារាស្ត្រច្រើនជាងគេបំផុតនៅក្នុងពិភពលោកយើងនេះ»។
នៅក្នុងរយៈពេលកាន់មរណទុក្ខព្រះបរមសពព្រះអង្គក្នុងរយៈពេល ៧ថ្ងៃ មានព្រះសង្ឃនៅតាមវត្តអារាមចំនួន ២២ និង តាជី យាយជី នៅតាមអាស្រមចំនួន ៥ រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តប៉ៃលិន បាននាំគ្នារៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ ហើយបាននាំគ្នាសូត្រមន្តបង្សុកូល ឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។
ព្រះសង្ឃបាននិមន្តសូត្រមន្តបង្សុកូល ប្រជាពលរដ្ឋ មន្ត្រីរាជការ បាននាំគ្នាដុតធូប បន់ស្រន់សុំឲ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គយាងទៅកាន់សុគតិភព។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅក្នុងខេត្តប៉ៃលិន នឹងរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ៩០អង្គ នៅថ្ងៃទី២៣ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃថ្ងៃកាន់មរណទុក្ខក្នុងរយៈពេល ៧ថ្ងៃ តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។
សិស្សានុសិស្សគ្រប់សាលាទាំងអស់ និងប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន បាននាំគ្នាដុតធូបបួងសួងនៅមុខសាលាខេត្តក្រាបសំពះនៅមុខព្រះឆាយាល័ក្ខណ៍ គោរពស្រលាញ់ និងដឹងគុណចំពោះព្រះអង្គ ដែលបាននាំសុខសន្តិភាពឲ្យប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ក៏ដូចជាប្រទេសកម្ពុជា ទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
