នាយករដ្ឋមន្ត្រី​ប្រតិកម្ម​ទៅ​នឹង​អ្នក​រិះគន់​ថ្ងៃ​៧ មករា

ខណៈ​ដែល​ថ្ងៃ​៧ មករា ខិត​ជិត​ចូល​មក​ដល់ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​មិន​ចាត់​ទុក​ថ្ងៃ​៧ មករា ថា​ជា​ថ្ងៃ​រំដោះ​ប្រជាជន​ខ្មែរ​ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់​នោះ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​អគារ​សិក្សា ស្ថិត​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរចារ ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ៤ មករា​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចាត់​ទុក​ថា ថ្ងៃ​៧ មករា គឺ​ជា​ថ្ងៃ​កំណើត​ទី​ពីរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គេ​គួរ​តែ​ធ្វើ​បុណ្យ​រំឭក​ផង​ដែរ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដូច្នេះ ៖ «ថា​អតីតកាល​៣១​ឆ្នាំ​ហើយ​រំឭក​ធ្វើ​អី? ហើយ​ចុះ​ខ្លួន​ឯង​ធ្វើ​បុណ្យ​កំណើត​ធ្វើ​អី? និយាយ​អ៊ីចេះ។ ស្អី! Happy birthday to you អី​ឯ​ណា អ្ហែង​ខំ​ធ្វើៗអី? កំណើត​ខ្លួន​ឯង​ចេះ​រំឭក ចុះ​ថ្ងៃ​រស់​ហ្នឹង​ម៉េច​មិន​រំឭក​ផង? ប៉ុន្តែ​ធុន​ហ្នឹង​តិចតួច​ទេ។ បើ​សិន​ជា​គេ​ជា​មនុស្ស​ពិត​ប្រាកដ ហោចណាស់​គេ​យល់ ទោះ​បី​ថា​យ៉ាង​ម៉េច​ក៏ដោយ។ អ្នក​ដែល​មិន​ធ្លាប់​រង​គ្រោះ​នៅ​កម្ពុជា គេ​បាន​ចេញ​ពី​ផុត​ពី​កម្ពុជា​ក៏​ដោយ ក៏​ប៉ុន្តែ​គេ​មិន​ត្រូវ​ភ្លេច​ថា មាន​សាច់​ញាតិ​របស់​គេ​រស់​នៅ​ក្នុង​ប្រទេស។ ៧ មករា ហោចណាស់​បាន​រំដោះ​បង​ប្អូន​សាច់ញាតិ​របស់​គេ​ឲ្យ​រស់​រាន​មាន​ជីវិត»

ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា គឺ​នៅ​ពេល​ដែល​កងទ័ព​វៀតណាម​រាប់​ម៉ឺន​នាក់​បាន​ឈ្លាន​ពាន​ចូល​កាន់​កាប់​ប្រទេស​កម្ពុជា បន្ទាប់​ពី​បាន​ផ្តួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដឹក​នាំ​ដោយ ប៉ុល ពត អស់​រយៈពេល​ជិត​៤​ឆ្នាំ​មក​នោះ។

រហូត​មក​ដល់​ពេល​នេះ​ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រជាពលរដ្ឋ្ម មន្ត្រី​រាជការ​និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​តែ​កើត​មាន​ជា​ដដែល។ អ្នក​ខ្លះ​យល់​ថា ព្រឹត្តិការណ៍​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ គឺ​ជា​ថ្ងៃ​កងទ័ព​បរទេស​ឈ្លានពាន ជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​បាត់​បង់​អធិបតេយ្យ​ជាតិ​របស់​ខ្លួន។ រី​ឯ​អ្នក​ខ្លះ​ទៀត​យល់​ថា គឺ​ជា​ថ្ងៃ​រំដោះ​ដែល​កងទ័ព​វៀតណាម​បាន​ជួយ​ពួកគេ​ឲ្យ​រួច​ផុត​ពី​ការ​សម្លាប់​របស់​ពួក​ខ្មែរ​ក្រហម៕