មេ​ដឹកនាំ​ខ្មែរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី​១៦​នៅ​វៀតណាម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ជា​ច្រើន​រូប ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៦ នៅ​ក្នុង​ទីក្រុង​ហាណូយ។

កិច្ច​ប្រជុំ​នោះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល ២​ថៃ្ង គឺ​ចាប់​ពី​ថ្ងៃ​ទី​៨ និង​ទី​៩ ខែ​មេសា​នេះ ដែល​នឹង​ផ្ដោត​លើ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការ​ងើប​ឡើង​វិញ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រកប​ដោយ​ចេរ​ភាព និង​ផ្ដោត​លើ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ។

ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ស្រ៊ី ថាមរុង្គ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​មេសា​នេះ​ថា ៖ «សមាគម​អាស៊ាន​កំពុង​តែ​ខិតខំ​សហ​ប្រតិបត្តិ​ការងារ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​កសាង​សហគមន៍​អាស៊ាន​មួយ នៅ​ក្នុង​ឆ្នាំ​២០១៥។ ដូច្នេះ​កិច្ច​ប្រជុំ​កំពូល​ហ្នឹង សហការ​គ្នា​យ៉ាង​ម៉េច ពិភាក្សា​យ៉ាង​ម៉េច អនុវត្ត​ធម្មនុញ្ញ​អាស៊ាន​ឲ្យ​បាន​ផង សហ​ប្រតិបត្តិការ​ជាមួយ​នឹង​ដៃគូ​ផង ដើម្បី​កសាង​សហគមន៍​អាស៊ាន​មួយ នៅ​ក្នុង​ឆ្នាំ​២០១៥ ដូច​ដែល​យើង​បាន​គ្រោង​ទុក។ ដូច្នេះ​កិច្ច​ប្រជុំ​កំពូល​នេះ​យើង​សង្ឃឹម​ថា ផ្ដល់​ឱកាស​ឲ្យ​មេ​ដឹកនាំ​អាស៊ាន​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ និង​ដាក់​ចេញ​នូវ​ទិសដៅ ដើម្បី​ធ្វើ​យ៉ាង​ណា​ប្រែ​ក្លាយ​ចក្ខុ​វិស័យ​រួម និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​ទៅ​ជា​ការ​ពិត​ជាក់ស្ដែង នៅ​ក្នុង​ឆ្នាំ​២០១៥»

មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៦​នេះ មាន​លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម, លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

ប្រភព​បាន​ឲ្យ​ដឹង​ថា ប្រតិភូ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​នេះ​នឹង​វិល​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា​ខាង​មុខ​នេះ៕