លោក ខៀវ បូរី កម្មករម្នាក់ក្នុងចំណោមកម្មករជាច្រើននាក់បានថ្លែងនៅថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ថា នគរបាលអន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីកាំកុងត្រូល បានបន្តជំរិតយកលុយពីពលករខ្មែរ២០០បាត យកលុយថ្លៃធ្វើកាតចូលទឹកដីថៃជាង២០០បាត និងយកលុយពីកម្មករអូសរទេះដឹកបន្លែផ្លែត្រីសាច់ពីទឹកដីពីថៃមកកម្ពុជាទៀត។
លោក ខៀវ បូរី បានបញ្ជាក់ថា ៖ «យកពីពលករដែលអាជ្ញាធរថៃបញ្ជូនមកហ្នឹងគេយក២០០បាតម្នាក់ ធ្វើកាតបញ្ជាក់វាធ្វើខ្លួនវាហ្នឹង វាយក២៣០ឥឡូវ ២២០ ២៣០»។
ប្រធានច្រកទ្វារប៉ោយប៉ែត លោក សៅ ប៊ុនរិទ្ធិ ដែលចូលកាន់តំណែងជំនួស លោក ពេជ្រ សារ៉ន បានប្រកាសតាមបណ្តាញទូរទស្សន៍ CTN កន្លងទៅថ្មីៗនេះថា មិនឲ្យមានការជំរិតយកលុយទៀតទេ ប៉ុន្តែក្រុមកម្មករនិងក្រុមអាជីវករបានថ្លែងថា ការប្រកាសនោះគ្រាន់តែជាការបំភាន់ភ្នែកមហាជន។
លោក សៅ ប៊ុនរិទ្ធិ មិនអាចទាក់ទងសុំប្រតិកម្មបានទេ ប៉ុន្តែ លោក អ៊ឹម ថុន នាយផ្នែករដ្ឋបាលនៃនគរបាលច្រកទ្វារបានថ្លែងថា នគរបាលយកលុយ២០ទៅ៥០បាតពីពលករដើម្បីឲ្យថ្លៃសាំងរថយន្តដែលដឹកពលករមកពីថៃ និងទទួលស្គាល់ការយកលុយពីកម្មករអូសរទេះមានតិចតួចពិតប្រាកដមែន ប៉ុន្តែបដិសេធថាការយកលុយថ្លៃធ្វើកាតគឺភាគីថៃជាអ្នកយក។
លោក សៅ ប៊ុនរិទ្ធិ បានមានប្រសាសន៍ថា ៖ «អ៊ីចឹងក្នុងម្នាក់គេយក គិតតាមតម្លៃហ្នឹងគេយក២០០បាត ...បង់ឲ្យថៃទេ ខ្មែរអត់មានទេ»។
យ៉ាងនេះក្តីអាជីវករខ្មែរនៅផ្សារលុងគឿថៃបានថ្លែងថា ការធ្វើកាតឬប័ណ្ណចូលទឹកដីថៃដែលមានសុពលភាពមួយឆ្នាំ គេត្រូវបង់លុយជាង២០០បាតឲ្យទៅសមត្ថកិច្ចខ្មែរទើបទទួលបានទម្រង់បែបបទយកទៅឲ្យសមត្ថកិច្ចថៃធ្វើប័ត្រឲ្យបាន ៖ «ក្រដាសហ្នឹងមានតែខ្មែរទេដែលមានលក់ បានក្រដាសហ្នឹងមកបានខាងថៃគេធ្វើឲ្យ»។
វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មពីមន្ត្រីកាំកុងត្រូលបានភ្លាមៗទេ ប៉ុន្តែលោក អៀង សារ៉ូ អនុប្រធានសាខាគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងយ៉ាងដូចេ្នះថា ៖ «អត់មានទេកន្លងមក អត់ដែលមានជួបគេនៅហ្នឹងផង គេធ្វើការនៅហ្នឹងអត់មានទាក់ទងមកផ្ទាល់ផង។ ទាក់ទងខាងមេតែម្ដងទៅ...»។
មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាធ្លាប់បានរិះគន់ថា ការជំរិតយកលុយដែលធ្វើឡើងដោយអាជ្ញាធរនៅច្រកទ្វារប៉ោយប៉ែតគឺជាការរំលោភសិទ្ធិពលករខ្មែរ ជាការប្រព្រឹត្តអំពើពុករលួយមួយ ហើយទាមទារឲ្យក្រសួងមហាផ្ទៃចាត់វិធានការដោះស្រាយ។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០០៨ ពលករ កម្មករ និងអាជីវករជាច្រើននាក់បានរួមគ្នាផ្តិតមេដៃស្នើឲ្យក្រសួងមហាផ្ទៃអន្តរាគមន៍កុំឲ្យប៉ូលិសយកលុយពីកម្មករអូសរទេះ សុំឲ្យអាជីវករលក់ដូរនៅផ្សារថៃចេញចូលដោយអត់បង់លុយ និងឲ្យប៉ូលិសអន្តោប្រវេសន៍ឈប់ជំរិតលុយ២០០បាតពីពលករខ្មែរដែលថៃចាប់បញ្ជូនមកកម្ពុជាវិញ៕
