មនុស្ស​ជិត​១០០​នាក់​ពុល​អាហារ​ក្នុង​ពិធី​មង្គលការ​មួយ​នៅ​បាត់ដំបង

ចំនួន​អ្នក​ពុល​ម្ហូប​អាហារ​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​នៅ​ខេត្ត​បាត់ដំបង ទាំង​ក្មេង​ចាស់​កើន​ឡើង​ជិត ១០០​នាក់។
ដោយ សួន សុផលមុន្នី
2013.02.09

អ្នក​ជំងឺ​ទាំង​នោះ មាន​អាការៈ​ក្អួត​ចង្អោរ​រាក​រូស​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឫស្សី ជា​បន្ត​បន្ទាប់។ ទន្ទឹម​គ្នា​នេះ ក្រុម​មន្ត្រី​សុខាភិបាល និង​មន្ត្រី​កាំកុងត្រូល កំពុង​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជិត ១០០​នាក់ ពុល​ម្ហូប​អាហារ​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​នៅ​ភូមិ​រូង២ ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគិរី។

ចំនួន​មនុស្ស​ដែល​ពុល​ដោយ​សារ​ទទួល​ទាន​ម្ហូប​អាហារ​នៅ​ក្នុង​ពិធី​មង្គលការ មាន​ចំនួន​កើន​ឡើង ៩៤​នាក់ ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនាញ​នៅ​ពុំ​ទាន់​រក​ឃើញ​សារជាតិ​នៅ​ក្នុង​ចំណី​អាហារ ដែល​បង្ក​ឲ្យ​មនុស្ស​ពុល​ក្អួត​ចង្អោរ​រាក​រូស​ពិត​ប្រាកដ​នោះ​ទេ។ ពួក​គេ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា មូលហេតុ​នៃ​ការ​ពុល​នោះ អាច​បណ្ដាល​មក​ពី​ការ​ធ្វើ​ម្ហូប​អាហារ​នោះ​ពុំ​មាន​អនាម័យ​ត្រឹមត្រូវ។

ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាត់ដំបង លោក ព្រៅ ខេមរិន្ទ្រ បាន​ថ្លែង​នៅ​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ថា មន្ត្រី​ជំនាញ​កាំកុងត្រូល​កំពុង​ចុះ​ស្រាវជ្រាវ​រក​គំរូ​សារធាតុ​នៃ​ការ​ផ្សំ​ធ្វើ​ម្ហូប និង​សួរ​នាំ​ពី​ការ​រៀបចំ​ទុក​ដាក់​លើ​ភាព​អនាម័យ។ ប៉ុន្តែ គ្រឿង​ផ្សំ​ធ្វើ​ម្ហូប​អាហារ​នោះ​មិន​មាន​នៅ​សល់​ដើម្បី​យក​ទៅ​ធ្វើ​ពិសោធន៍​នោះ​ទេ។

លោក ព្រៅ ខេមរិន្ទ្រ៖ «មុន​ដំបូង គាត់​ជា​ចុងភៅ​ហ្នឹង​សល់​គ្រឿង​សម្រាប់​ត្រៀម​ធ្វើ​ម្ហូប ហើយ​នឹង​គ្រឿង​សម្រាប់​ធ្វើ​ផ្សំ។ តែ​ដល់​ខ្ញុំ​ចុះ​ទៅ សូម្បី​តែ​ទិញ​សាច់​មាន់ ក៏​គាត់​អត់​បាន​ទទួល​ទិញ​ដែរ គឺ​ម្ចាស់​ដើម​ការ គេ​ជា​អ្នក​ទិញ​ខ្លួន​គេ​ទាំង​អស់។ សាច់​ជ្រូក​ហ្នឹង ទិញ​មក​ទាំង​មូល​កាប់​ខ្លួន​គេ​ដែរ បន្លែ​ក៏​គេ​ទិញ​ខ្លួន​គេ​ដែរ។ ខ្ញុំ​មាន​ការ​សង្ស័យ​ថា មាន់​ហ្នឹង​សាច់​វា​មិន​ល្អ​មក​ពី​ថៃ គាត់​អត់​ដឹង​ដែរ ព្រោះ​មក​ទិញ​នៅ​ផ្សារ​មោង»

មន្ត្រី​សុខាភិបាល និង​មន្ត្រី​កាំកុងត្រូល​សន្និដ្ឋាន​ថា មូលហេតុ​ដែល​ម្ហូប​អាហារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពុល អាច​បណ្ដាល​មក​ពី​ខ្វះ​អនាម័យ។ លោក ព្រៅ ខេមរិន្ទ្រ បញ្ជាក់​ថា លោក​នឹង​ធ្វើ​សេចក្ដី​រាយការណ៍​ពី​បញ្ហា​នេះ​ទៅ​ថ្នាក់​លើ។

លោក​ឧត្ដម​សេនីយ៍ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា ស្នងការ​នគរបាល​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ។ លោក​បញ្ជាក់​ថា ករណី​មាន​មនុស្ស​ពុល​ម្ហូប​ការ​នេះ ទំនង​កើត​ឡើង​ដោយ​សារ​ការ​ខ្វះ​អនាម័យ។ កាល​ពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣ មាន​ភ្ញៀវ​ប្រុស​ស្រី​ជាច្រើន​នាក់ បាន​ទៅ​ទទួល​ទាន​ម្ហូប​អាហារ​នៅ​ក្នុង​ពិធី​មង្គលការ​របស់​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។ ក្រោយ​ពី​ការ​ទទួល​ទាន​ម្ហូប​អាហារ​នោះ ស្រាប់​តែ​មាន​ការ​ពុល​ក្អួត​ចង្អោរ​រាក​រូស​គ្រប់​គ្នា។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឫស្សី លោក សូ សុខ បាន​មាន​ប្រសាសន៍​ថា គិត​ពី​យប់​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី៩ ខែ​កុម្ភៈ មាន​អ្នក​ជំងឺ​ដែល​ពុល​ម្ហូប​ការ​នោះ​កើន​ឡើង​ដល់ ៩៤​នាក់។ ពួក​គេ​មាន​អាការៈ​រាក​រូស​ក្អួត​ចង្អោរ កម្លាំង​ចុះ​ខ្សោយ ហើយ​ត្រូវ​បាន​មន្ទីរពេទ្យ​ជួយ​សង្គ្រោះ​ជា​បន្តបន្ទាប់។ អ្នក​ជំងឺ​ភាគ​ច្រើន បាន​ចេញ​ពី​មន្ទីរពេទ្យ​ទៅ​វិញ។ មិន​មាន​អ្នក​ជំងឺ​ណា​ម្នាក់ បាត់​បង់​ជីវិត​ដោយ​សារ​ការ​ពុល​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ៖ «ពី​ព្រឹក​ព្រលឹម ៨២​នាក់ ឲ្យ​គាត់​ចេញ​អស់​ច្រើន​ហើយ ប៉ុន្តែ​ចូល​មក​១២​វិញ ចេញ​ច្រើន ប៉ុន្តែ​ព្រឹក​នេះ​ចូល​មក​វិញ​ព្រឹក​នេះ ១២​នាក់​ទៀត ចូល​ថ្មី​នៅ​រាក​ក្អួត»

លោក​បន្ត​ថា តាម​ការ​សាកសួរ​អ្នក​ជំងឺ​ដែល​ពុល​នោះ គឺ​ពួក​គាត់​បាន​ទទួល​ទាន​ម្ហូប​អាហារ​ក្នុង​ពិធី​មង្គលការ។ អ្នក​ខ្លះ​ទទួល​ទាន​ម្ហូប​បី​មុខ អ្នក​ខ្លះ​ទទួល​ទាន​ម្ហូប​បាន ៤​មុខ ប៉ុន្តែ​ពួក​គេ​ពុល​ទាំង​អស់​គ្នា។ ខាង​មន្ទីរពេទ្យ បាន​យក​លាមក និង​បូម​ឈាម​អ្នក​ជំងឺ​ទៅ​ពិនិត្យ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​រក​មូលហេតុ​មិន​ឃើញ​ឡើយ ប៉ុន្តែ​ទាំង​មន្ត្រី​សុខាភិបាល មន្ត្រី​កាំកុងត្រូល និង​កង​កម្លាំង​មាន​សមត្ថកិច្ច បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​ពុល​ម្ហូប​ការ​នោះ អាច​បណ្ដាល​មក​ពី​ការ​ខ្វះ​អនាម័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។