កម្ពុជា​ច្រាន​ចោល​ការចោទ​របស់​ថៃ​ជុំវិញ​រឿង​ផែនទី​ប្រាសាទ​ព្រះវិហារ

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​របស់​មន្ត្រី​យោធា​ថៃ ដែល​ថា​ផែនទី​ថ្មី​នៃ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ បាន​រំលោភ​ចូល​ក្នុង​ដែនដី​ថៃ​ក្នុង​ខេត្ត​ស៊ីសាកេត​នោះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ ។
ដោយ កេសរណ្ណីយ្យា
2008.06.13
ព្រះវិហារ អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​២០០៦។
Photo courtesy of Tharum Bun, http://tharum.info

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា ផែនទី​នៃ​ការដាក់ស្នើ​ប្រាសាទ​ព្រះវិហារ​ទៅ​អង្គការ​យូណេស្កូ គឺ​ជា​ផែនទី​រដ្ឋបាល មិនមែន​ជា​ផែនទី​នៃ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ទេ ។

លោក វ៉ា គឹមហុង ថ្លែង​ដូច្នេះ​ថា ៖ «គេ​ចុះ​ក្នុង​បាងកក​ប៉ុស្តិ៍ ប៉ុន្តែ​គេ​ថា​អី​ថា​ទៅ ព្រោះ​អ្វី​ដែល​យើង​ធ្វើ​គឺ​ជា​ផែនទី​រដ្ឋបាល​ដើម្បី​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តែ​ប៉ុណ្ណោះ ។ គេ​លើក​ឡើង ១០​ម៉ែត្រ ២០​ម៉ែត្រ​អ៊ីចឹង លុះត្រា​តែ​វា​មាន​ព្រំដែន គេ​ជជែក​ជាមួយ​ខាង​ព្រំដែន ។ បើ​អត់​ជជែក​ជាមួយ​ព្រំដែន​ផង និយាយ​ថា​បាត់ ១០​ម៉ែត្រ ឬ​២​ម៉ែត្រ ម្ដេច​កើត? ក្នុង​ឱកាស​បែបនេះ គេ​មិន​ត្រូវ​និយាយ​រឿង​នេះ​សោះ»

ប្រតិកម្ម​នេះ​ធ្វើឡើង​ភ្លាម​ៗ​បន្ទាប់ពី​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ ដោយ​ស្រង់​សម្ដី​ប្រភព​មន្រ្តី​យោធា​ថៃ ក្នុង​លេខ​ចេញ​ផ្សាយ​របស់​ខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផែនទី​ថ្មី​នៃ​ប្រាសាទ​ព្រះវិហារ​ដែល​គូរ​ឡើង​វិញ ដោយ​រដ្ឋាភិបាល​កម្ពុជា បាន​ទន្រ្ទាន​លើ​ទឹកដី​ថៃ ២ កន្លែង​សំខាន់​ៗ ។

ប្រភព​មន្ត្រី​យោធា​ថៃ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ផែនទី​ដែល​នឹង​ត្រូវដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ត្រង់​ផ្លូវ​ចូល​ពី​ខាង​ទឹក​ដី​ថៃ​ទៅ​ប្រាសាទ​កម្ពុជា​នោះ បាន​គូរ​ផែនទី​លយ​ចូល​ទឹកដី​ថៃ​ប្រវែង ១០​ម៉ែត្រ ។

ប្រភព​បន្ត​ថា ផែនទី​នៅ​ខ្សែ​បន្ទាត់​ព្រំដែន​ត្រង់​ជណ្តើរ​ឡើង​កំពូល​ប្រាសាទ ត្រូវ​បាន​ភាគី​កម្ពុជា គូរ​ឲ្យ​លយ​ចូល​ក្នុង​ទឹកដី​ថៃ​ប្រវែង ២ម៉ែត្រ ។

ទោះជា​យ៉ាង​នេះ​ក្តី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ លោក ថារិត ចារុងវ៉ាត់ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ផែនទី​ថ្មី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ហាក់​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន និង​ថា នៅមាន​ចំណុច​ខ្លះ​ត្រូវ​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំងពីរ នៅមុន​ការដាក់​បញ្ចូល​ប្រាសាទ​នេះ ជា​មរតក​ពិភពលោក​ដោយ​កម្ពុជា ។

ផែនទី​ថ្មី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​បាន​គូរ​ឡើង​វិញ​ដោយ​កម្ពុជា ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃ​ទី​៥ មិថុនា គឺ​នៅ​បន្ទាប់​ពី​មាន​ការឯកភាព​គ្នា នៅ​ក្នុង​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​ប៉ារីស ដែល​សម្របសម្រួល​ដោយ​តំណាង​អង្គការ​យូណេស្កូ កាលពី​ខែ​ឧសភា កន្លង​ទៅ ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​បញ្ជាក់​ថា ពិតជា​មាន​ការពិភាក្សា​គ្នា​រវាង​ភាគី​ថៃ​និង​កម្ពុជា​ខ្លះ​មែន ប៉ុន្តែ​ថា កម្ពុជា​នឹង​នៅតែ​រក្សា​ផែនការ​របស់​ខ្លួន​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​កិច្ចប្រជុំ​លើក​ក្រោយ​របស់​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​កេបិច ប្រទេស​កាណាដា នា​ដើម​ខែ​កក្កដា ឆ្នាំ​២០០៨ នេះ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។