មន្ត្រីអង្គការការពារសិទ្ធិមនុស្ស រិះគន់ថា សមត្ថកិច្ចគួរតែផ្ដល់ដំណឹង និងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ ហើយមិនគួរប្រើកម្លាំងអ្នកទោសមកធ្វើការរុះរើ និងបង្កឲ្យមានការប៉ះទង្គិចជាមួយពលរដ្ឋនោះទេ។
ក្រុមអ្នកទោស ដែលអាជ្ញាធរបញ្ជាចុះឲ្យរុះរើ លំនៅឋានពលរដ្ឋ បានប៉ះទង្គិចគ្នាមួយប្រាវ បណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់បែកក្បាល និងសន្លប់ភ្លាមៗ នៅខណៈដែលគាត់ព្យាយាមទៅហាមឃាត់គេកុំឲ្យរុះរើផ្ទះ និងកាប់ទ្រើងននោងរបស់គាត់ចោល។
ប្រជាពលរដ្ឋរងគ្រោះឈ្មោះ ម៉ម វណ្ណា អាយុ ៥២ឆ្នាំ លោកមានប្រសាសន៍ថា លោកដើរចេញពីក្នុងផ្ទះទៅហាមឃាត់ក្រុមអ្នកទោស ដែលមានបញ្ជាពីសមត្ថកិច្ចចម្រុះឲ្យចុះមកប្រតិបត្តិការនាពេលនោះ មិនឲ្យរុះរើរោង និងទ្រើងននោងហូបផ្លែរបស់គាត់។
លោក ម៉ម វណ្ណា៖ «គេកាត់មកឲ្យខាងនេះ ប្រជាជន និងសង្កាត់អីគេដឹងលឺថារបស់ខ្ញុំ ខាងសង្កាត់គេថាអត់ប៉ះពាល់ តែបងប្អូនអ្នកធ្វើការ គឺធ្វើៗទៅទៀតទៅ វាអីចឹង ចំទ្រើងននោងខ្ញុំ ចាំខ្ញុំរុះខ្លួនឯង ប៉ុន្តែបងប្អូនយើង អើធម្មតាទេ គេមក គេធ្វើការ គេសមត្ថកិច្ច ប្រតាយប្រតប់គ្នាទៅ!»
លោកបញ្ជាក់ថា នៅពេលប៉ះទង្គិចជាមួយក្រុមអ្នកទោសនោះ រូបគាត់ត្រូវគេចាប់វាយខ្នោះ និងវាយបែកក្បាលហូរឈាម ហើយសន្លប់បាត់ស្មារតី។
អ្នកស្រី នូ សំ មានប្រសាសន៍ថា អ្នកស្រីបានឃើញហេតុការណ៍វាយតប់គ្នាផ្ទាល់ភ្នែក ហើយបានរត់ចូលទៅជួយទៀតផង។
អ្នកស្រី នូ សំ៖ «ស្រាប់តែប្រតាយគ្នា វាយគ្នា ជាមួយអាអូនហ្នឹងទៅ ដល់ដួល ខ្ញុំឃើញគេយកខ្នោះមកដាក់គ្នា ឈាមហូររឡាក់ហ្នឹង គាត់សន្លប់ ខ្ញុំក៏ទៅជួយរឹត អាប្រពន្ធនេះគេចាប់ ខ្ញុំទៅជួយចាប់ប្ដី ដល់ពេលប្ដីគេយកដាក់ឡាន ខ្ញុំទៅទាញប្ដីមកទៀតបានមកជួបនិងប្រពន្ធ អាពួកអស់ហ្នឹងរកចាប់រំលោភទៀត ហើយនៅផ្ទះប្រជាជននេះរុះរើអស់ ស្រែកយំ ស្រែកសស្រេកសស្រាក់កូនប្រពន្ធ។ ខ្ញុំម្នាក់ឯង ក្មួយ ខ្ញុំចាស់ណាក្មួយ មិនដឹងទៅធ្វើម៉េច ដល់ឥឡូវចង់ខ្យល់ចាប់»។
អ្នកស្រីបញ្ជាក់ថា អ្នកស្រីជាស្ត្រីមេម៉ាយ មានកូន ៧នាក់ក្នុងបន្ទុក ហើយបានមករស់នៅទីនេះជិត ១០ឆ្នាំហើយ។ ក្រោយពីការរុះរើ ដោយអត់មានសំណងនេះ ក្រុមគ្រួសារគាត់មិនដឹងថាទៅរស់នៅកន្លែងណាទៀតនោះទេ។ អ្នកស្រីបានស្រែកសុំឲ្យអង្គការក្រៅរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយគិតគូរដល់ពួកគាត់ ដែលកំពុងរងគ្រោះនេះផង។
មន្ត្រីសម្របសម្រួល នៃអង្គការ លីកាដូ ប្រចាំខេត្តព្រះសីហនុ លោក បួន ណារិទ្ធិ មានប្រសាសន៍ថា អាជ្ញាធរមិនគួរយកអ្នកទោស ដែលកំពុងជាប់ឃុំមកធ្វើការរុះរើលំនៅឋាន និងប្រើហិង្សាវាយដំមកលើប្រជាពលរដ្ឋនោះឡើយ។
លោក បួន ណារិទ្ធិ៖ «តាមដែលខ្ញុំបានចុះសម្ភាសន៍ជាមួយប្រជាពលរដ្ឋព្រឹកមិញ ភាគច្រើនពួកគាត់បានមកចាប់ដីនេះរស់នៅ ដែលគាត់យល់ថាដីនេះ គឺជាដីរដ្ឋ ហើយពួកគាត់មកពីខេត្តផ្សេងៗ ហើយគឺសុទ្ធតែអ្នកក្រីក្រ ហើយគាត់មកប្រកបរបររកស៊ីនៅក្នុងខេត្តព្រះសីហនុយើងនេះ ពួកគាត់ អ្នកខ្លះទើបតែមកចាប់ដីនៅ អ្នកខ្លះមកយូរហើយ អ្នកខ្លះមក មានអាជ្ញាធរដឹងលឺដែរ អីចឹងគឺចំណុចនេះហើយ ដែលយើងគួរគិតដោះស្រាយឲ្យបានល្អ កុំឲ្យមានការឈឺចាប់ពីការដែលរុះរើហ្នឹង»។
លោកបញ្ជាក់ថា អ្នកទោសគួរតែត្រូវបានដាក់ទោស ឬត្រូវធ្វើការនៅក្នុងពន្ធនាគារ បើទោះបីជាអ្នកទោសទាំងនោះជិតរួចទោសពីពន្ធនាគារក៏ដោយ។
ប្រធានពន្ធនាគារខេត្តព្រះសីហនុ លោក សំ សុផល មានប្រសាសន៍ថា លោកត្រូវតែបញ្ចេញកម្លាំងពន្ធនាគារ ដោយសារតែដីនោះ គឺជាដីរបស់រដ្ឋ ដែលសាលាខេត្តប្រគល់ឲ្យអង្គភាពពន្ធនាគារ ដើម្បីសាងសង់ពន្ធនាគារជំនួសទីតាំងចាស់ ដែលមានទីធ្លាតូចចង្អៀតពេក។
លោក សំ សុផល៖ «គាត់ធ្វើហ្នឹង បើនិយាយរួម គាត់ខុសហ្មងហ្នឹង ដើរសង់អត់មានសុំអីទេ ហើយនាំគ្នាមកធ្វើប្រិបៗ ធ្វើហ្នឹង ធ្វើទាំងលួចលាក់ទៀត ហើយដល់កម្លាំងទៅដល់ ជេរប្រមាថតិះដៀល គាត់ថាអីថាទៅ យើងគ្រាន់តែថា ឲ្យគាត់រុះរើចេញពីកន្លែងហ្នឹង កុំឲ្យមានបញ្ហា ព្រោះដីនេះតម្រូវការឲ្យពន្ធនាគារហើយ»។
លោកបន្តថា ក្រុមប្រជាពលរដ្ឋប្រមាណជា ១០គ្រួសារ ទើបតែមកតាំងទីលំនៅអនាធិបតេយ្យថ្មីៗនេះទេ។ ឥឡូវនេះ ក្រុមការងាររបស់លោក បានបោះព្រំប្រទល់ដីហើយ ហើយដីដែលត្រូវបោះបង្គោលនោះមានទំហំពី៤ ទៅ៥ ហិកតារ ដើម្បីទុកសាងសង់ពន្ធនាគារ ប៉ុន្តែលោកមិនទាន់ដឹងច្បាស់ថា នឹងសាងសង់នៅពេលណា ហើយត្រូវចំណាយទឹកប្រាក់អស់ប៉ុន្មាននោះទេ។
លោកបញ្ជាក់ថា ពន្ធនាគារខេត្តព្រះសីហនុ នៅសង្កាត់លេខ៣ នាពេលបច្ចុប្បន្នមានទំហំ ៩០អារ ហើយមានអ្នកទោសជិត ៤០០នាក់។ ទើបថ្មីៗនេះ អង្គភាពពន្ធនាគារខេត្ត ទទួលបានគម្រោងសាងសង់ពីក្រសួងមហាផ្ទៃឲ្យបានធំទូលាយជាងមុន ស្ថិតនៅចំណុចក្រុមទី១៦ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
