បុរសឈ្មោះ សាន្ត វិសាល តំណាងប្រជានេសាទរស់នៅឃុំកោះរកា ស្រុកពាមជរ បានអះអាងឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៣០ ខែធ្នូថា កាលពីព្រលប់ថ្ងៃទី២៨ ខែធ្នូ ប៉ូលិស និងមន្ត្រីជលផលស្រុកពាមជរ បានបាញ់ប្រហារទៅលើប្រជានេសាទ ដែលកំពុងតែនេសាទជាលក្ខណៈគ្រួសារឲ្យរងរបួសជាច្រើននាក់ និងចាប់ខ្លួនពលរដ្ឋម្នាក់បញ្ជូនទៅកាន់តុលាការខេត្តព្រៃវែង។ ក៏ប៉ុន្តែតំណាងអ្នកភូមិរូបនេះបញ្ជាក់ថា ម្ចាស់ឡូត៍នេសាទ និងសមត្ថកិច្ចបានចោទពលរដ្ឋជាអ្នកផ្ដើមប្រើអំពើហិង្សាទៅលើសមត្ថកិច្ចទៅវិញ។
បុរសឈ្មោះ សាន្ត វិសាល មានប្រសាសន៍បន្ថែម ៖ «ទៅហ្នឹងមានគ្នា ១៧នាក់ ដែលទៅនេសាទចិញ្ចឹមជីវិត គ្នាក្រីក្រហ្នឹង។ រត់រួច ១២នាក់ គេចាប់បានម្នាក់បញ្ជូនទៅព្រៃវែង ក្នុងនោះ ៤នាក់ទៀត ម្នាក់គេបាញ់បាក់ជើងទាំងពីរ ម្នាក់ទៀតគេវាយបែកក្បាល ៧ថ្នេរ និងកុមារពីរនាក់ទៀតវាយរបួសជាំពេញខ្លួន»។
អ្នកភូមិច្រើនទៀតបានទទូចស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយលុបបំបាត់ឡូត៍នេសាទនៅស្រុកពាមជរ ដើម្បីឲ្យប្រជានេសាទអាចនេសាទត្រីចិញ្ចឹមជីវិតគ្រួសារឡើងវិញ ព្រោះថា ម្ចាស់ឡូត៍នេសាទ ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន តែងប្រើអំពើហិង្សាដាក់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ។
ក្រុមអ្នកភូមិបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍បាញ់ប្រហារកាលពីរាត្រីថ្ងៃទី២៨ ខែធ្នូ នៅឡូត៍នេសាទលេខ១៣ បាននាំឲ្យបុរសម្នាក់ឈ្មោះ សុទ្ធ សៀត ត្រូវអាជ្ញាធរចាប់ខ្លួន និងបុរសម្នាក់ទៀតឈ្មោះ ទឹម សៀ បានត្រូវគ្រាប់បាក់ជើងទាំងសងខាងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនាទីក្រុងភ្នំពេញ ពលរដ្ឋចំនួន ៣នាក់រងរបួសក្បាល និងរងរបួសជាំខ្លួន។
ពលរដ្ឋមានប្រសាសន៍បញ្ជាក់ ៖ «ការបាញ់ប្រហារហ្នឹង ប្រដាប់ដោយអាវុធ អ៊ីចឹងតើប៉ូលិស ប៉េអឹម ទាហានហ្នឹង តើការពារប្រជាពលរដ្ឋ ឬក៏ការពារនាយទុន? ឲ្យអាជ្ញាធរទាំងអស់ តំណាងរាស្ត្រមណ្ឌលព្រៃវែងក៏ដោយ សូមលោកជួយដោះស្រាយផង។ មងមិនឲ្យដាក់ បង្កៃមិនឲ្យរក ថាដេកឆក់ទៅវាខុសច្បាប់ ហើយមងក្រឡា ២កន្លះហ្នឹង ក៏វាអត់ឲ្យដាក់ដែរ វាសារដកយកទាំងអស់»។
ផ្ទុយពីការចោទប្រកាន់ លោក ចាន់ ដេត អភិបាលស្រុកពាមជរ បានចាត់ទុកការបាញ់ប្រហារថា សមត្ថកិច្ចបាញ់ដើម្បីការពារខ្លួន ព្រោះប្រជាពលរដ្ឋបានប្រើហិង្សាទៅលើមន្ត្រីប៉ូលិស និងមន្ត្រីជលផលជាមុន ហើយបានអះអាងថា នៅយប់កើតហេតុ មានពលរដ្ឋជាច្រើននាក់បានចូលទៅនេសាទក្នុងឡូត៍នេសាទមានម្ចាស់ដោយខុសច្បាប់។
លោក ចាន់ ដេត ថ្លែងដូច្នេះ ៖ «ប៉ូលិសខ្ញុំមានបីនាក់ ព័ទ្ធចាប់បានម្នាក់ ដល់ចាប់បានម្នាក់ទៅ ក៏ប្រទូសរ៉ាយដាក់គ្នា វ៉ៃត្រូវប៉ូលិសខ្ញុំម្នាក់អ៊ីចឹងទៅ ក៏ចាប់បានម្នាក់។ ក្នុងហ្នឹងមនុស្សចាស់ម្នាក់ ក្មេងពីរនាក់ ហើយត្រូវរបួសជើងហ្នឹងពេទ្យមិនទាន់សន្និដ្ឋានថា ត្រូវរបួសហ្នឹងត្រូវគ្រាប់កាំភ្លើង ឬត្រូវនឹងអ្វីនោះទេ»។
លោក ទឹម ផន ស្នងការនគរបាលខេត្តព្រៃវែង មានប្រសាសន៍ថា ករណីបាញ់ប្រហារទៅលើប្រជាពលរដ្ឋនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដនាំឲ្យមានការផ្ទុះអាវុធ និងហិង្សាកើតឡើង ហើយជនសង្ស័យប្រើអាវុធបាញ់ប្រហារឲ្យពលរដ្ឋរងបួសនឹងត្រូវផ្ដន្ទាទោស ប្រសិនបើរកឃើញកំហុសឆ្គង។
លោក ទឹម ផន មានប្រសាសន៍បន្ថែម ៖ «បាញ់ហ្នឹងមិនដឹងថា សមត្ថកិច្ចប៉ូលិស ឬជលផលទេ ខ្ញុំធ្វើការស្រាវជ្រាវសិន។ បើសិនរកឃើញយើងចាប់ផ្ដន្ទាទោស»។
ទោះជាបែបនេះក្ដី លោក ស្រី ហ៊ួន មេឃុំកោះរកា មានទីតាំងនៅស្រុកពាមជរ ខេត្តព្រៃវែង បានទម្លាក់ការទទួលខុសត្រូវចំពោះការបាញ់ប្រហារប្រជាពលរដ្ឋផ្ដើមដោយសមត្ថកិច្ចយាមកាមថា ជាអំពើល្មើសច្បាប់ ហើយអ្នកប្រព្រឹត្តនឹងត្រូវតែនាំទៅផ្ដន្ទាទោសតាមច្បាប់។
លោក ស្រី ហ៊ួន មានប្រសាសន៍ថា ៖ «ខ្ញុំគ្រាន់ជាអាជ្ញាធរមិនគួរថា អ្វីដែលធ្វើមកពលរដ្ឋដែលរកខុសត្រូវអី យើងអប់រំ យើងដេញគាត់ទៅ បើចំក្នុងឡូត៍របស់គាត់នេះ។ មិនប្រើខ្សែភ្លើងទេ គ្រាន់តែប្រើសាងចាក់ត្រី យកត្រីហូបជាលក្ខណៈគ្រួសារ មិនគួរដល់ថ្នាក់បាញ់ ឬវាយឲ្យបែកក្បាលធ្ងន់ធ្ងរណាស់»។
ប្រជាពលរដ្ឋនៅស្រុកពាមជរ បានឲ្យដឹងថា នៅខេត្តព្រៃវែង ម្ចាស់ឡូត៍នេសាទ និងសមត្ថកិច្ចប៉ូលិសនៅមូលដ្ឋាននេះ តែងបានប្រើអំពើហិង្សាបាញ់ប្រហារទៅប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ ដែលចូលទៅនេសាទចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ។
ពលរដ្ឋអះអាងថា ដើម្បីបញ្ចប់ជម្លោះ ពួកគាត់បានសំណូមពរទៅប្រមុខដឹកនាំរដ្ឋាភិបាល ជួយលុបបំបាត់ឡូត៍នេសាទផ្ដាច់មុខនៅខេត្តព្រៃវែង ដើម្បីឲ្យប្រជាពលរដ្ឋអាចចិញ្ចឹមជីវិតគ្រួសារ និងទប់ស្កាត់អំពើហិង្សាកើតឡើងទៅថ្ងៃអនាគត៕
