គេសង្កេតឃើញថា នៅតាមវិហារ ឬមាស្ជិទឥស្លាមនានានៅពេលយប់ ក្នុងសហគមន៍ចាម បានលាន់ឮសំឡេងសូត្រធម៌ និងមានជនជាតិចាមស្លៀកពាក់ជាលក្ខណៈប្រពៃណីឥស្លាម បាននាំគ្នាទៅថ្វាយបង្គំនៅវិហារទាំងក្មេងចាស់ ព្រោះខែនេះជាខែដែលល្អប្រពៃជាងខែផ្សេងៗ ហើយសាសនិកឥស្លាមខំប្រឹងគោរពសក្ការទៅចំពោះព្រះអល់ឡោះលើសពីខែផ្សេងៗ។
សាស្ត្រាចារ្យផ្នែកផ្សព្វផ្សាយសាសនា និងអប់រំ លោក រ៉សេត ពិន អាប់ឌុលឡោះ បានមានប្រសាសន៍ថា អ្នកកាន់សាសនាឥស្លាមទាំងអស់ កាតព្វកិច្ចរបស់ពួកគេ ត្រូវថ្វាយបង្គំក្នុងមួយថ្ងៃមួយយប់ ៥ពេល ប៉ុន្តែនៅក្នុងខែបួសនេះ ក្រៅអំពីការតមចំណីអាហារនៅពេលថ្ងៃ និងថ្វាយបង្គុំចំនួន៥ដងនោះ គេត្រូវថ្វាយបង្គំបន្ថែមទៀត ហៅថា សឡាត តារ៉ាវែស។
លោក រ៉សេត អាប់ឌុលឡោះ បានបញ្ជាក់អំពីផលបុណ្យចំពោះអ្នកដែលមានជំនឿលើការថ្វាយបង្គំតារ៉វែសដូច្នេះ ៖ «ការសឡាត តារ៉ាវែសនេះ ជាកាតព្វកិច្ចមួយ តែមិនមែនជាកាតព្វកិច្ចចាំបាច់ទេ ប៉ុន្តែដូចជាណាពីយើងធ្វើជាសុណ្ណៈរបស់រ៉សូលយើង ព្រោះសឡាតតារ៉វែសនេះ មានផលបុណ្យច្រើន ដូចណាពីយើងបានពោលថា ជនណាដែលថ្វាយបង្គំតារ៉វែស ដែលមានជំនឿជាក់ និងចង់បានផលបុណ្យនោះ អល់ឡោះនឹងលុបលាងកំហុសរបស់គេ ដែលបានកន្លងផុតនោះ»។
បន្ទាប់ពីសាសនិកឥស្លាមបានស្រាយបួសនៅចន្លោះពីម៉ោង៦ និង២០នាទីរួច ពួកគេក៏ត្រៀមលក្ខណៈទៅវិហារ។ នៅពេលរាត្រី គេសង្កេតឃើញថាជនជាតិចាម បានធ្វើដំណើរឆ្ពោះទៅវិហារក្នុងទឹកចិត្តគោរព និងកោតខ្លាចទៅចំពោះព្រះអល់ឡោះ ព្រោះគេរំពឹងថា រាល់អំពើល្អ និងការប្រណិប័តន៍ទាំងឡាយចំពោះអល់ឡោះនោះ គេរំពឹងថានឹងទទួលបានផលបុណ្យនៅបរលោក។
ការសឡាត តារ៉ាវែស នៅតាមភូមិខ្លះគេថ្វាយបង្គំរយៈពេលមួយម៉ោង និងវិហារខ្លះមានរយៈពេលជាង១ម៉ោង អាស្រ័យលើការសូត្រវែង ឬខ្លី ដែលគេចាប់ផ្ដើមចាប់ពីម៉ោងប្រមាណ៧ និង៣០នាទីយប់។ ការសឡាតនោះ គេឈរជាជួរៗ បន្តបន្ទាប់គ្នានៅពីក្រោយអ៊ីម៉ាំម្នាក់ ឬអ្នកដឹកនាំថ្វាយបង្គំ ដែលក្នុងសំលៀកបំពាក់ភាគច្រើនពាក់អាវពណ៌ស កន្តឹបស សារុងចម្រុះពណ៌ ឈរថ្វាយបង្គំស្ដាប់ការសូត្ររបស់អ៊ីម៉ាំ និងធ្វើកាយវិការតាមអ៊ីម៉ាំយ៉ាងយកចិត្តទុកដាក់បំផុត។
ការសឡាត តារ៉ាវែស គេតម្រូវឲ្យអ្នកកាន់សាសនាឥស្លាមក្មេង ចាស់ ព្រមទាំងចំពោះស្ត្រីក៏ទៅថ្វាយបង្គំក្នុងវិហារដែរ ប៉ុន្តែគេរៀបចំឲ្យស្ត្រីថ្វាយបង្គំនោះនៅទីកន្លែងដាច់ដោយឡែកពីបុរស។
អតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកផ្សព្វផ្សាយសាសនា និងអភិវឌ្ឍន៍មកពីប្រទេសលីប៊ី កញ្ញា សាម៉ីរ៉ោះ អ៊ីស្មាឯល បានមានប្រសាសន៍ថា អល់ឡោះបង្កើតមនុស្សលោកទាំងអស់ ដើម្បីគោរពសក្ការទៅចំពោះទ្រង់ ដូច្នេះបុរស និងនារីមានកាតព្វកិច្ចក្នុងការគោរពប្រណិប័តន៍សាសនាដូចគ្នា។ ប៉ុន្តែបើសិនជាស្ត្រីទៅថ្វាយបង្គំត្រូវស្លៀកពាក់បិទបាំងរាងកាយឲ្យជិត និងនៅទីកន្លែងថ្វាយបង្គំផ្សេងពីបុរស គេមិនឲ្យឃើញគ្នានោះឡើយ ៖ «អល់ឡោះពានពោលថា យើងមិនបានបង្កើតអ្នកទាំងអស់គ្នាដើម្បីអ្វីទេ គឺដើម្បីឲ្យធ្វើតាមយើង ហេតុដូច្នេះទ្រង់បានបង្កើតមនុស្សទាំងមូលមក គឺដើម្បីប្រតិបត្តិតាមទ្រង់ ក្នុងសាសនាឥស្លាមមានជំនឿថា ទ្រង់ជាម្ចាស់ ដែលបានបង្កើតមេឃ និងផែនដី ហើយនិងបង្កើតខ្លួនយើង ទ្រង់បានពោលថា ទ្រង់បង្កើតអ្នកទាំងអស់គ្នាមក គឺមិនដើម្បីធ្វើអ្វីទេ គឺយើងបង្កើតអ្នកទាំងអស់គ្នា ដើម្បីប្រតិបត្តិតាមយើង ដូច្នេះទ្រង់បានបញ្ញត្តិនៅក្នុងគម្ពីរឲ្យយើងបួស ឲ្យយើងសឡាត»។
ក្រោយពេលសឡាត តារ៉វែស បានបញ្ចប់នៅក្នុងវិហារមួយចំនួន មានគ្រួបង្រៀនផ្នែកសាសនា បាននិយាយប្រាប់អំពីច្បាប់ឥស្លាមទាក់ទងទៅនឹងការបួស ឬការថ្វាយបង្គំ ព្រមទាំងមានកម្មវិធីសំនួរចម្លើយសម្រាប់អ្នកដែលបានទៅចូលរួមថ្វាយបង្គំនៅទីនោះផងដែរ ដើម្បីឲ្យអស់ការមន្ទិលសង្ស័យនូវរាល់ចម្ងល់ទាំងឡាយរបស់អ្នកដែលបានទៅថ្វាយបង្គំជុំគ្នានោះ ៖ «ពិតប្រាកដណាស់ ព្រោះលោកបានដាក់កាតព្វកិច្ចបួសមកលើពួកយើង ដូច្នេះយើងត្រូវតែបំពេញកាតព្វកិច្ចបួសជាដាច់ខាត»។
លោក រ៉សេត ពិន អាប់ឌុលឡោះ បានបញ្ជាក់ថា នៅក្នុងខែបួសនេះ មានយប់មួយឈ្មោះថា យប់ Layla Tul-Qadar ជាយប់មួយដ៏វិសេសវិសាលបំផុត គ្មានយប់ណាល្អដូចយប់នេះទេ ព្រោះអល់ឡោះបានបញ្ជាក់ថា នរណាហើយបានគោរពសក្ការទៅចំពោះទ្រង់ ចំនឹងយប់ Layla Tul-Qadar មួយយប់នោះ ស្មើនឹងការគោរពសក្ការចំនួន ១ពាន់ខែ បើគិតជាឆ្នាំ គឺជាង៨៣ឆ្នាំ។
លោក រ៉សេត ពិន អាប់ឌុលឡោះ បានឲ្យដឹងអំពីយប់ដែលអាចនឹងត្រូវចំយប់ Layla Tul-Qadar ដូច្នេះ ៖ «នៅក្នុងនេះ គឺមានការខ្វែងគំនិតគ្នារវាងសាសនវិទូឥស្លាម អ្នកខ្លះថា យប់ទី២១ អ្នកខ្លះថាយប់ទី២៣ អ្នកខ្លះថាយប់ទី២៥ និងអ្នកខ្លះថាយប់ថ្ងៃទី២៧ ក៏ប៉ុន្តែគេឯកភាពគ្នារវាងសាសនវិទួទាំងអស់ហ្នឹង គឺយប់ទី២៧»។
សាសនិកឥស្លាមនៅលើសាកលលោកមានជាង ១.៣០០លាននាក់ គឺពួកគេប្រាថ្នាចង់ជួបយប់ Layla tul-Qadarនេះ ដូច្នេះហើយបានជាពួកគេទៅថ្វាយបង្គំតារ៉ាវែសរាល់យប់នោះ ពីព្រោះរាត្រី Layla Tul-Qadar ជាយប់មហិទ្ធិឫទ្ធិ ដែលព្រះអាទិទេពអល់ឡោះបញ្ចុះព្រះគម្ពីរគួរអាន និងជារាត្រីដែលអ្វីៗ ទ្រង់បានកំណត់ក្រឹត្យកំណត់ទុកមុនជាស្រេច៕
